នឹកឃើញទៅដាំចេកលើសួនទ្រូងផ្លូវ ស្រោចទឹកព្រឹកល្ងាចរហូតដល់ចេញផ្លែ ចុងក្រោយត្រូវអាជ្ញាធរឱ្យកាប់ចេញវិញ
ថ្មីៗនេះ មានសារព័ត៌មានបរទេស បានរាយការណ៍ពីរឿងរ៉ាវដ៏គួរឱ្យហួសចិត្តរបស់បុរសជនជាតិជប៉ុនម្នាក់ ដែលបានលួចដាំចេកនៅលើសួនទ្រូងផ្លូវជាង ២ ឆ្នាំ ខំស្រោចទឹកព្រឹកល្ងាច រហូតចេញផ្លែ តែចុងក្រោយត្រូវអាជ្ញាធរបង្ខំឱ្យយកចេញ។
តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនេះ មានអាយុ ៥០ ឆ្នាំ បានលួចដាំដើមចេកចេញនៅលើដីសួនទ្រូងផ្លូវ នាខេត្ត Fukuoka មកជាង ២ ឆ្នាំ ដោយបានស្រោចទឹកព្រឹកល្ងាច តែគ្មានអ្នកចាប់អារម្មណ៍នោះទេ។ រហូតក្រោយមក ក៏មានអ្នកដំណើរបានប្រាប់ទៅអាជ្ញាធរថា ស្លឹកចេកនោះចេះតែបាំងផ្លូវ ខ្លាចមានឧប្បទ្ទវហេតុ ទើបអាជ្ញាធរចុះទៅត្រួតពិនិត្យមើល។
យ៉ាងណាមិញ ក្រោយពីស៊ើបសួរទៅ ក៏បានរកឃើញមុខអ្នកដាំដែលជាបុរសនេះឯង ហើយក៏បានប្រាប់ឱ្យគេយកដើមចេកទាំង ៣ ដើមនេះចេញ បើមិនដូច្នោះទេនឹងត្រូវជាប់គុក ឬ នឹងត្រូវពិន័យដល់ទៅជិត ៣៥០០ ដុល្លារឯណោះ។ ដោយឡែក ចុងក្រោយបុរសរូបនេះ ក៏សុខចិត្តយកដើមចេកចេញ តែហាក់នៅស្តាយស្រណោះ ព្រោះដែលដាំនេះគឺដោយសារការអផ្សុក ហើយព្រមទាំងទ្រាំហូបផ្លែចេកខ្ចីដែលបានមកពីដើមនោះដោយភាពសោកស្តាយទៀតផង៕