នារីម្នាក់ប្តូរសម្រស់ ១៨០ ដឺក្រេ ត្រឹមរយៈពេល ៥០ ថ្ងៃ ដោយមិនវះកាត់អស់លុយមួយរៀល
ថ្មីៗនេះ មានរឿងរ៉ាវនារីម្នាក់ ដែលមិនជឿជាក់លើខ្លួនឯង បែរជាមានសម្រស់ផ្លាស់ប្តូរសឹង ១៨០ ដឺក្រេ ត្រឹមរយៈពេល ៥០ ថ្ងៃ ដោយមិនវះកាត់ មិនអស់លុយមួយរៀល ដោយសារតែពាក្យសរសើរប៉ុណ្ណោះ។
តាមព័ត៌មានបានឱ្យដឹងថា នារីរូបនេះជាជនជាតិជប៉ុន នាងមានអាយុ ២១ ឆ្នាំ ជាមនុស្សមិនសូវចូលចិត្តគេឯង មានអាការខ្លាចសង្គម តែងតែគេចការជួបជុំ ចូលចិត្តនៅតែម្នាក់ឯងប៉ុណ្ណោះ។ ក្រោយមកនាងត្រូវបានគេណែនាំឱ្យចូលរៀនវគ្គសិក្សាភាសាអ៊ីតាលីក្នុងរយៈពេល ៥០ ថ្ងៃ ដែលតាមពិតទៅវគ្គនេះ គឺជាវគ្គបើកឡើងសម្រាប់ជួយព្យាបាលផ្លូវចិត្តនាងប៉ុណ្ណោះ តែនាងមិនដឹងនោះទេ។
ក្នុងនោះ គេបានឱ្យតារាប្រុសម៉ូដែលកូនកាត់អ៊ីតាលីម្នាក់ មកបង្រៀននាង តែក្នុងការបង្រៀននោះ គ្រូរូបនេះ តែងតែនិយាយលើកទឹកចិត្ត ព្រមទាំងសរសើរសម្រស់នាងជារឿយៗមិនដាច់ឡើយ។ ដំបូងឡើយនាងមិនចាប់អារម្មណ៍ ក៏មិនជឿនោះដែរ ព្រោះគិតថាខ្លួនឯងមិនស្អាតនោះទេ ដល់មួយសប្តាហ៍ក្រោយមក នាងចាប់ផ្តើមមើលខ្លួនឯងនៅក្នុងកញ្ចក់ ព្រមទាំងទទួលស្គាល់ថាមុខមាត់របស់នាងក៏មិនអាក្រក់ណាស់ណាដែរ។
ដល់បានពីរសប្តាហ៍ នាងក៏មានទំនុកចិត្តលើខ្លួនឯងជាងមុន នាងព្រមដោះម៉ាស និង និយាយជាមួយមនុស្សម្នា ឯគ្រូសង្ហាក៏សរសើរមិនដាច់ពីមាត់។ យូរៗទៅ ដល់ថ្ងៃទី ៥០ នាងក៏សឹងតែក្លាយជាមនុស្សថ្មី នាងបានស្រកគីឡូដល់ទៅ ១០ គីឡូក្រាម មុខមាត់ក៏ស្រស់ថ្លាផ្លាស់ប្តូរមិនគួរឱ្យជឿ ដោយមិនបានធ្វើការវះកាត់នោះទេ ពោលទាំងអស់នេះ គឺមកពីសុខភាពផ្លូវចិត្តរបស់នាង ដែលប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
យ៉ាងណាមិញ នេះបញ្ជាក់ឱ្យឃើញថា ការសរសើរ ពាក្យសម្តីផ្អែមល្ហែមពិតជាមានប្រសិទ្ធិភាពណាស់ ដូច្នេះហើយ គួរណាស់តែសរសើរលើកទឹកចិត្តគ្នាទៅវិញទៅមក ជាជាងការរិះគន់និន្ទាគ្នា ដែលធ្វើឱ្យប៉ះពាល់ផ្លូវចិត្ត៕