អ្នកវិទ្យាសាស្ត្រនាំគ្នាអេះក្បាល ក្រោយឃើញសត្វតោញីមួយក្បាលដុះរោមជុំវិញ-ក ដូចតោឈ្មោល
មហាជនមួយចំនួនធំ អាចនឹងបែងចែកច្បាស់ហើយពីសត្វតោញី និង សត្វតោឈ្មោល ដោយសារតែពួកវាមានរូបរាងសម្គាល់ខុសប្លែកពីគ្នា។ សត្វតោឈ្មោល គឺយើងសម្គាល់ច្បាស់ត្រង់រោមវែងដ៏ក្រាស់ក្រឡឹងជុំវិញ-ក ដោយឡែកតោញីវិញ គឺមានរោមខ្លីធម្មតា មិនមានរោម-កដូចតោឈ្មោលនោះឡើយ។
យ៉ាងណាមិញ ករណីកម្រមួយដែលកើតមានឡើងលើសត្វតោញីមួយក្បាលនាសួនសត្វ Topeka Zoo and Conservation Center នៃរដ្ឋ Kansas សហរដ្ឋ អាមេរិក ដោយវាបានចាប់ផ្ដើមដុះរោមជុំវិញ-កដូចតោឈ្មោល នៅពេលវាមានអាយុ ១៨ ឆ្នាំ។ តាមឱ្យដឹង តោញីមួយក្បាលនោះមានឈ្មោះថា Zuri រស់នៅក្នុងសួនសត្វជាមួយតោឈ្មោល ៣ ក្បាលទៀត។
នៅពេលដែលតោឈ្មោលមួយក្បាលឈ្មោះ Avus បានងាប់ទៅក្នុងឆ្នាំ ២០២០ អ្នកថែសួនក៏ចាប់អារម្មណ៍ឃើញថា Zuri ចាប់ផ្ដើមដុះរោម-ក ស្រដៀងទៅនឹងសត្វតោឈ្មោលជំទង់ៗ ដែលធ្វើឱ្យពួកគេមានចម្ងល់ជាខ្លាំង។ ជាមួយគ្នានោះដែរ អ្នកវិទ្យាសាស្ត្រក៏មិនទាន់អាចស្រាយនៅចម្ងល់មួយនេះដែរ គ្រាន់តែសន្និដ្ឋានថា ការដុះរោមជុំវិញ-កលើសត្វតោញីនេះ អាចបណ្ដាលមកពីការផ្លាស់ប្ដូរអរម៉ូនទៅតាមវ័យ ព្រោះថាតាមការធ្វើតេស្ត Zuri គឺគ្មានសញ្ញាណាបង្ហាញ ពីបញ្ហាសុខភាពណាមួយឡើយ៕