ថាប្រុងបញ្ចប់ជីវិតខ្លួនឯង មានអីលង់ស្នេហ៍អ្នកសង្រ្គោះ ៣ ខែក្រោយកាន់ដៃគ្នាចូលរោងការផ្អើលគេលាន់
ពិតជាសំណាងនៅក្នុងគ្រោះសម្រាប់រឿងរ៉ាវរបស់នារីម្នាក់ដែលតាំងចិត្តថាទៅលោតសម្លាប់ខ្លួនពីលើអគារ តែចុងក្រោយបែរជាទៅជាប់ស្នេហ៍ជាមួយអ្នកសង្រ្គោះ រហូត ៣ ខែក្រោយនាំគ្នាកាន់ដៃចូលរោងការផ្អើលអស់គេឯង។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅប្រទេសចិន ដោយព័ត៌មានបានឱ្យដឹងថា គេបានប្រទះនារីម្នាក់បានឈរនៅលើដំបូលអគារមួយ ប្រុងនឹងលោតចុះមកដើម្បីសម្លាប់ខ្លួន។ ក្នុងនោះអ្នកសង្រ្គោះមានគ្នាប្រមាណ ៤ ទៅ ៥ នាក់ ក៏បានមកដល់កន្លែងកើតហេតុ ព្រមទាំងមានម្នាក់បានឡើងទៅលើដើម្បីព្យាយាមលួងលោមនាង តែមិនទាន់ទាំងបានលោតផង នាងក៏ភ្លាត់ជើងធ្លាក់ចុះទៅ សំណាងល្អនាងតោងជាប់វិញ រួចក៏ត្រូវអ្នកសង្រ្គោះចូលមកចាប់ដៃជាប់ និង ជួយនាងឡើងមកវិញបានសម្រេច និង សុវត្ថិភាព។
យ៉ាងណាមិញ ចុងក្រោយរឿងមួយនេះក៏ត្រូវបានគេត្រឡប់មកចែកចាយម្តងទៀត ព្រោះក្រោយពីហេតុការណ៍រំលងបាន ៣ ខែ នារីដែលព្យាយាមលោតពីលើអាគារនោះ បានទម្លាយឱ្យដឹងថា នាងបានលង់ស្នេហ៍ជាមួយនឹងអ្នកជួយសង្រ្គោះម្នាក់ដែលបានជួយជីវិតនាងនោះ។
នាងបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលមិនតិចឡើយ ព្រោះនាងបានទម្លាយរូបថតត្រៀមចូលរោងការជាច្រើនសន្លឹក មើលពិតជាមានក្តីសុខខ្លាំងណាស់ ជាមួយនឹងកូនកំលោះជិះសេះសរបស់ខ្លួន។ យ៉ាងណាមិញ មហាជនជាច្រើនបាននាំគ្នាចូលទៅខមមិនអបអរយ៉ាងអស់ពីចិត្ត ម្នាក់ៗសប្បាយចិត្ត ព្រោះចុងក្រោយនាងក៏បានរកស្នេហ៍នៅក្នុងគ្រោះត្រូវអស់ជីវិត ថែមទាំងបានបុរសល្អចេះយល់ចិត្តជាគូជីវិតទៀត៕