អាយុទើប ១៣ ឆ្នាំ ហ៊ានប្រឌិតរឿងទៅប្តឹងប៉ូលិស ថាត្រូវគេចាប់ជំរិត ព្រោះដើរលេងចូលផ្ទះយប់ជ្រៅ
មហាជនកំពុងហួសចិត្តភ្ញាក់ផ្អើល ជាមួយនឹងរឿងរ៉ាវរបស់ក្មេងប្រុសជនជាតិម៉ាឡេស៊ី វ័យ ១៣ ឆ្នាំម្នាក់ ដែលសុខចិត្តកុហកប៉ូលិសថាខ្លួនត្រូវគេចាប់ជំរិត ព្រោះទៅលេងផ្ទះមិត្តភក្តិខកម៉ោង មិនហ៊ានចូលផ្ទះ ខ្លាចឪពុកម្តាយស្តីឱ្យ។
តាមរយៈនាយប៉ូលិសប្រចាំតំបន់ បានឱ្យដឹងថា គេបានទទួលព័ត៌មានរឿងការចាប់ជំរិតពីក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់ កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ។ ក្នុងនោះ ក្មេងប្រុសរូបនេះ បានអះអាងឱ្យដឹងថា ខណៈកំពុងឈរចាំឡានក្រុងនៅមុខសាលាសុខៗ ក៏មានឡានមួយគ្រឿងបើកចូលមក ព្រមទាំងមានបុរសជនជាតិចិនម្នាក់បានទាញគេឡើងឡាន ដោយបានយកក្រណាត់បិទមាត់ ព្រមទាំងនាំទៅកន្លែងដែលគេមិនស្គាល់ឡើយ។
ប៉ូលិសក៏បានសួរនាំជាបន្តបន្ទាប់ ដល់សួរចុះសួរឡើង ទើបដឹងថាក្មេងប្រុសរូបនេះ បានប្រឌិតរឿងរ៉ាវមកដោយខ្លួនឯងទាំងអស់ ព្រោះមកពីលេងផ្ទះមិត្តភក្តិពេលយប់ជ្រៅ ហើយបារម្ភខ្លាចឪពុកនឹងស្តីជេរ។ យ៉ាងណាមិញ ចុងក្រោយប៉ូលិសក៏ហួសចិត្ត តែក៏បានប្រញាប់បញ្ជាក់ប្រាប់ប្រជាជនក្នុងតំបន់ ដើម្បីកុំឱ្យមានការជ្រួលច្របល់ ព្រោះរឿងនេះជារឿងមិនពិតនោះទេ៕