ស្រ្តេសរឿងឈ្លោះគ្នាជាមួយសង្សារ ចេញក្រៅស្រូបខ្យល់អាកាស ភ្លាត់ជើងធ្លាក់ពីអគារ ១១ ជាន់ តែសំណាងគេជួយទាន់
ស្រ្តេសរឿងឈ្លោះគ្នាជាមួយសង្សារពេក បុរសម្នាក់ចេញទៅរបៀងខាងក្រៅបន្ទប់ជាន់ទី ១១ ដើម្បីស្រូបខ្យល់អាកាស តែសុខៗទៅភ្លេចខ្លួន របូតជើងធ្លាក់ចុះក្រោម តែសំណាងល្អនៅតោងជាប់ ទម្រាំគេមកជួយបានភ័យអស់ព្រលឹង។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅតៃវ៉ាន់ ដោយមានបុរសម្នាក់ បានទាស់ពាក្យសម្តីខ្លាំងជាមួយសង្សារ ក៏បានដើរចេញមករបៀងបន្ទប់ខាងក្រៅ ដែលនៅអគារជាន់ទី ១១ ដើម្បីសម្រួលអារម្មណ៍។ នៅសុខៗ មិនដឹងទៅឈរយ៉ាងម៉េច បែរជាភ្លាត់ជើងធ្លាក់ចុះទៅ តែជាសំណាងល្អ ព្រោះដៃនៅតោងជាប់ ទើបមិនអាចធ្លាក់ចុះទៅក្រោមបាន។
ព័ត៌មានបានឱ្យដឹងថា បុរសម្នាក់នេះ នៅតោងជាប់រហូតដល់ទៅ ១៥ នាទីឯណោះ ទម្រាំតែសង្សារចាប់អារម្មណ៍ថាបានបាត់ខ្លួន រួចរត់មកមើល ទើបដឹងថាគេបានភ្លាត់ជើងទៅបែបនេះ។ យ៉ាងណាមិញ នារីជាសង្សារ ក៏ប្រញាប់ហៅប៉ូលិសភ្លាមៗ ដើម្បីមកជួយសង្សារ ដែលចុងក្រោយក៏ជួយឡើងវិញបាន តែមើលទៅភិតភ័យសឹងលស់ព្រលឹងទៅហើយ ព្រោះឃើញសេចក្តីស្លាប់នៅជិតនឹងភ្នែកតែម្តង៕