មួយភូមិសក់ស្កូវទាំងចាស់ទាំងក្មេង ស្មានតែត្រូវបណ្តាសាអី តាមពិតមកពីផឹកទឹកក្នុងអណ្ដូង
សារព័ត៌មានបានទម្លាយរឿងរ៉ាវមួយនៅប្រទេសចិន ដែលមានភូមិមួយ មានអ្នកស្រុកសុទ្ធតែសក់ស្កូវទាំងអស់គ្នា មិនថាក្មេងចាស់ ឬវ័យណា ម្នាក់ៗសក់ក្បាលសពេញ ស្មានតែត្រូវបណ្តាសា តាមពិតមូលហេតុមកពីទឹកផឹកសោះ។
តាមព័ត៌មានបានឱ្យដឹងថា អ្នកស្រុកមួយនេះ ម្នាក់ៗកើតសក់ស្កូវគ្រប់ៗគ្នា មិនថាចាស់ក្មេង ប្រុសស្រី សូម្បីតែក្មេងអាយុ ១០ ឆ្នាំក៏កើតដែរ ហើយម្នាក់ៗក៏បាននាំគ្នាទៅមន្ទីរពេទ្យ ដើម្បីពិនិត្យរកមូលហេតុ ប៉ុន្តែមិនឃើញអ្វីឡើយ ទើបនាំគ្នាគិតថាប្រហែលជាត្រូវបណ្តាសា។
យ៉ាងណាមិញ នៅថ្ងៃមួយ ក៏មានអ្នកជំនាញចុះទៅពិនិត្យដោយផ្ទាល់ ដើម្បីរកមូលហេតុពិតថាវាយ៉ាងណាឱ្យប្រាកដ ដោយមិនផ្អែកលើរឿងអបិយជំនឿនោះទេ។ ក្នុងនោះ ដំបូងឡើយអ្នកជំនាញបានត្រួតពិនិត្យសុខភាពយុវជនក្នុងភូមិ ដើម្បីមើលថាតើអាចបណ្តាលមកពីការខ្វះសារធាតុអាហារមួយឬទេ តែម្នាក់ៗក៏មានសុខភាពល្អធម្មតាមិនជាអ្វីនោះទេ។
ក្រោយមកទើបទៅពិនិត្យហ្សែនបន្តទៀត ដោយឃើញថា មនុស្សស្រីដែលគ្មានស្កូវមកពីខាងក្រៅ រៀបការចូលមកនៅក្នុងភូមិនេះ ក៏ចាប់ផ្តើមមានស្កូវ ឯអ្នកភូមិដែលចេញពីភូមិនេះ ទៅធ្វើការរកស៊ីនៅក្រៅភូមិ ក៏មិនមានស្កូវនោះដែរ ទើបដឹងថាមិនមែនមកពីហ្សែននោះទេ។ លើសពីនេះទៅទៀត គេបានរកឃើញថាអ្នកស្រុកភាគច្រើន កើតគ្រួសក្នុងតម្រងនោម ទើបស៊ើបដឹងទៅ មូលហេតុគឺមកពីទឹកផឹក។
ក្នុងភូមិនេះមានអណ្តូងទឹកពីរ គឺនៅខាងលិច និង ខាងកើត ដោយអ្នកភូមិខាងលិចមានសក់ស្កូវតិចជាងអ្នកភូមិខាងកើត ទើបរកឃើញថាអណ្តូងនៅខាងលិច មានសារធាតុគីមីជាច្រើន ដូចជាបារត ក្រូមីញ៉ូម និង សំណ ដែលបណ្តាលឱ្យអ្នកភូមិដែលប្រើប្រាស់ទឹក នាំគ្នាកើតគ្រួសក្នុងតម្រងនោម និង សក់ស្កូវបែបនេះ។ យ៉ាងណាមិញ ខាងរដ្ឋាភិបាលក៏បានចាត់ចែងជួយក្នុងរឿងនេះ រួចក៏បានដោះស្រាយជំនឿបណ្តាសាដែលអ្នកស្រុកតែងតែជឿកន្លងមក៕