នាំប្រពន្ធកូនទៅសុំពរ មកវិញបានលាភទាន់ចិត្ត ព្រោះទិញងាវមកហូប ប៉ះចំគ្រាប់គុជភ្លឺចែងចាំងមួយគ្រាប់
ថ្មីៗនេះ មានរឿងរ៉ាវរបស់គ្រួសារមួយ ដែលនាំគ្នាទៅសុំពរជ័យពីវត្ថុស័ក្តិសិទ្ធិ មកវិញបានផលទាន់ចិត្ត ព្រោះទិញងាវមកហូប ស្រាប់តែឃើញគ្រាប់គុជមួយគ្រាប់ចែងចាំង។
រឿងរ៉ាវមួយនេះ បានកើតឡើងទៅលើគ្រួសារមួយ នៅខេត្តឈៀងរ៉ាយ ប្រទេសថៃ ដោយថ្ងៃមួយគ្រួសារនេះ បាននាំគ្នាទៅវត្តមួយកន្លែង ដើម្បីគោរពវត្ថុស័ក្តិសិទ្ធិ សុំសុខសុំសប្បាយ និង លាភជ័យ។ ពីរថ្ងៃក្រោយមក ក៏បានទិញគ្រឿងសមុទ្រមកហូបជុំគ្នា មានមឹក បង្គា បង្គង និង ងាវជាដើម តែអ្វីដែលភ្ញាក់ផ្អើលនោះ គឺស្រាប់តែបានប្រទះវត្ថុអ្វីម្យ៉ាងនៅក្នុងងាវមួយគ្រាប់។
ក្នុងនោះ បុរសជាមេគ្រួសារបានឱ្យដឹងថា ខ្លួនបានប្រទះអ្វីម្យ៉ាងដូចជាគ្រាប់គុជនៅក្នុងងាវ ដោយប្រវែង ១ សង់ទីម៉ែត្រ មើលទៅស្រស់ស្អាតណាស់ ធ្វើឱ្យគ្រួសារឃើញហើយ ក៏សប្បាយចិត្តជាមួយគ្នាមិនតិចដែរ តែមិនដឹងថាវាជាគុជមានតម្លៃ ឬយ៉ាងណានោះទេ។ យ៉ាងណាមិញ គ្រួសារខាងលើ ក៏បានដាក់គ្រាប់គុជមួយគ្រាប់យ៉ាងល្អត្រឹមត្រូវ ដើម្បីត្រៀមយកទៅឱ្យខាងមន្ទីរពិសោធន៍ត្បូងប្រចាំខេត្តឈៀងម៉ៃ ឱ្យគេពិនិត្យមើលឱ្យផងដែរ៕