ចែកគ្នាដឹង! ចេះតែធុំក្លិនឆ្អាបឈ្ងៀមត្រីពេញបន្ទប់ ទម្រាំរកមូលហេតុឃើញ ប៊ិះឆេះផ្ទះអស់ទទេៗ
ថ្មីៗនេះ មាននារីម្នាក់ចេញមុខមកទម្លាយរឿងរ៉ាវដែលជាបទពិសោធមិននឹកស្មានមួយរបស់ខ្លួន ដោយចេះតែធុំក្លិនឆ្អាបត្រីពេញបន្ទប់ដេកមិនដឹងធុំមកពីណា តាមពិតជាក្លិនមកពីខ្សែភ្លើង សំណាងចេះមើលទាន់ កុំអីប៊ិះនឹងឆេះផ្ទះទៀត។
នារីរូបនេះ បានទម្លាយជាវីដេអូនៅក្នុងបណ្តាញ TikTok ថា នាង និង ស្វាមីចេះតែធុំក្លិនឆ្អាបត្រីពេញបន្ទប់ នាងខំសម្អាតយ៉ាងណាក៏មិនបាត់ក្លិន នាងរកប្រភពមូលហេតុក្លិនយ៉ាងណាក៏មិនឃើញនោះទេ។ ដំបូងថាធុំមកពីបំពង់ទឹក តែដល់ពេលដោះមើលក៏មិនឃើញអ្វី ហើយមកដល់ត្រឹមនេះក៏អស់ជម្រើស មិនហ៊ានសូម្បីតែសួរគេឯងក្នុងផ្ទះ ទើបនាំគ្នារកព័ត៌មាននៅក្នុងអ៊ីនធើណេត ស្រាប់តែមានចម្លើយឆ្លើយថា វាអាចបណ្តាញមកពីការដាច់ចរន្តអគ្គិសនីណាមួយ។
ភ្លាមៗនាងក៏បានទូរស័ព្ទទៅបងថ្លៃ ដែលជាជាងទឹកឱ្យមកជួយមើល ក៏បានឃើញថាតាមពិតក្លិននេះគឺចេញពីជញ្ជាំងផ្ទះ ដែលតាមពិតជាបណ្តាលមកពីបញ្ហាខ្សែភ្លើងក្នុងកុងតាក់ជិតបន្ទប់ដេករបស់នាង។ ខ្សែភ្លើងក្នុងកុងតាក់នោះបានដាច់ ឯជ័រក៏រលាយអស់ទៀត ទើបបង្កឱ្យមានការធុំក្លិនបែបនេះ ហើយនាងក៏បានប្រញាប់រកអ្នកជំនាញឱ្យមកជួយមើល ព្រោះទុកយូរតិចទៀតអាចនឹងបង្កឱ្យមានអគ្គិភ័យក៏ថាបានដែរ។ យ៉ាងណាមិញ មហាជនឃើញហើយ ម្នាក់ៗក៏យកទៅជាការប្រុងប្រយ័ត្ន ពោលគឺការធុំក្លិនឆ្អាប ក៏អាចប្រហែលជាបណ្តាលមកពីការដាច់ខ្សែភ្លើងដែរ៕