បានអាំងប៉ាវតាំងពីតូច តែម្តាយចេះតែយកទុករហូត ២០ ឆ្នាំក្រោយទើបឱ្យវិញ មានអីបានលុយគ្រប់ទឹក
ថ្មីៗនេះ មាននារីហុងកុងម្នាក់បានទម្លាយរឿងរ៉ាវរបស់ខ្លួននៅតាមបណ្តាញសង្គម ទាក់ទងនឹងអាំងប៉ាវដែលបានមករាល់ពេលចូលឆ្នាំម្តងៗ តែមិនបានបើកយកលុយចាយ ព្រោះម្តាយដណ្តើមយកទៅទុកឱ្យរហូត តែនៅសុខៗ ២០ ឆ្នាំក្រោយ គាត់ក៏ប្រគល់ឱ្យវិញ។
នាងបានរៀបរាប់ឱ្យដឹងថា គ្រប់ពេលចូលឆ្នាំចិនរាល់ដង នាងតែងបានអាំងប៉ាវមិនតិចនោះទេពីញាតិមិត្តបងប្អូន តែនាងមិនដែលបានបើកចាយម្តងណាឡើយ ព្រោះតែម្តាយចេះតែលួងថាយកទៅទុកឱ្យរហូត ហើយតាំងពីពេលនោះមកនាងក៏មិនដែលគិតថា នឹងបានលុយនោះមកចាយវិញឡើយ។
យ៉ាងណាមិញ កន្លងមក ២០ ឆ្នាំ នៅថ្ងៃមួយស្រាប់តែម្តាយនាងក៏បានយកអាំងប៉ាវដែលធ្លាប់យកទុកទាំងប៉ុន្មានមកឱ្យនាងវិញទាំងអស់ ពោលគឺសុទ្ធតែចងកៅស៊ូជាដុំៗយ៉ាងរៀបរយ មិនចេះតិចនោះទេ។ មកដល់ពេលនេះ ទើបនាងដឹងថាម្តាយមិនបានកុហក គាត់ពិតជាយកទុកឱ្យមែន ព្រោះតែចង់សន្សំឱ្យនាងនៅពេលធំឡើង។ ដោយឡែក មហាជនពិតជារំជួលចិត្តជំនួស ហើយម្នាក់ៗក៏នាំគ្នានិយាយលេងសើចដែរថា បើសិនជាប៉ះម្តាយខ្លួនវិញ លុយក្នុងអាំងប៉ាវទាំងនេះប្រាកដជាបាត់ស្រមោលហើយ៕