អង្គុយសុខៗមានសត្វអីមកខាំជើង មើលមួយភ្លែតស្មានតែបង្គួយ មានឯណាតាមពិតជាសត្វក្រពើ
មហាជនកំពុងហួសចិត្តជាមួយនឹងរឿងរ៉ាវរបស់ស្រ្តីជនជាតិម៉ាឡេស៊ីម្នាក់ វ័យ ៦៥ ឆ្នាំ ដែលអង្គុយសុខៗស្រាប់តែមានសត្វស្អីមិនដឹងមកខាំជើង ឱនមើលមួយភ្លែតស្មានតែបង្គួយ តាមពិតម៉ែអើយជាកូនក្រពើ។
រឿងរ៉ាវមួយនេះបានកើតឡើងនៅក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី ដោយនាងបានរៀបរាប់ឱ្យដឹងថា ហេតុការណ៍បានកើតឡើងនាម៉ោងប្រហែល ៦ ព្រឹក ពេលនោះនាងបានឈានជើងចេញពីមាត់ទ្វារផ្ទះ ស្រាប់តែមានអារម្មណ៍ថាមានសត្វអ្វីម្យ៉ាងមកខាំជើងខាងឆ្វេង។
ដោយសារតែមេឃមិនទាន់ភ្លឺស្រួលបួល មើលទៅក៏ឃើញតែស្រមោលរបស់សត្វនោះ ហើយក៏ស្មានតែជាសត្វបង្គួយ តែដល់ពេលហៅកូនៗមកមើល តាមពិតជាកូនក្រពើសោះ ដែលមិនដឹងថាវាមកពីណាឡើយ។ យ៉ាងណាមិញ ចុងក្រោយកូនប្រុសក៏បានចាប់កូនក្រពើនេះទុក រួចក៏ហៅទាហានជើងទឹកមកជួយចាត់ការ។ តាមពិតទៅកូនក្រពើនោះ គឺវាឡើងមកតាមឆ្នេរ ព្រោះតែផ្ទះនៅជិតសមុទ្រនោះឯង ឯស្រ្តីរូបនោះក៏សំណាងល្អ ព្រោះមិនបានមានរបួសធ្ងន់ធ្ងរអ្វីឡើយ៕