(វីដេអូ) មិនមែនលំៗទេ ជិះឡានស៊េរីទំនើបមកលក់បន្លែនៅផ្សារ ធ្វើឱ្យអ្នកផ្សារចំហមាត់មើលព្រាត
សារព័ត៌មាន Sanook នៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៣ នេះ បានចុះផ្សាយពីកសិករម្នាក់ ដែលបានធ្វើឱ្យអ្នកលក់ដទៃក្នុងផ្សារចំហមាត់ ភ្ញាក់ផ្អើល ក្រោយពីលោកបានជិះរថយន្ត Audi ស៊េរីទំនើប ដឹកបន្លែយកដាក់តាំងលក់នៅផ្សារ។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា វីដេអូបង្ហោះមួយ ដែលមានអ្នកមើលដល់ទៅ ៨.៧ លាននាក់ បានបង្ហាញពីសកម្មភាពបុរសម្នាក់បើករថយន្តស៊េរីទំនើប Audi A4 ទៅតាំងតូបលក់បន្លែនៅផ្សារ។ ក្នុងគណនី Instagram មួយឈ្មោះ @variety_farmer បានបង្ហាញពី សកម្មភាពបុរសម្នាក់កំពុងប្រមូលផលស្ពៃ បន្ទាប់មកក៏រៀបចំ រួចបើកឡាន Audi A4 របស់លោកទៅផ្សារក្នុងស្រុក ដើម្បីលក់ស្ពៃទាំងអស់នោះ ហើយពេលលោកចុះពីឡាន លោកក៏បានយកក្រណាត់មកក្រាលលើដី ដើម្បីរៀបចំកន្លែងដាក់បន្លែ រហូតដល់ពេលលក់អស់ហើយ ទើបលោករៀបចំបើកឡានទៅវិញ ដែលសកម្មភាពរបស់លោក បានធ្វើឱ្យអ្នកលក់បន្លែដទៃទៀតភ្ញាក់ផ្អើល តាមមើលលោកមិនដាក់ភ្នែក។
យ៉ាងណាមិញ តាមប្រភពព័ត៌មានបានឱ្យដឹងដែរថា បុរសលក់បន្លែនោះមានឈ្មោះថា Sujit គឺជាកសិករមួយរូបបានប្រឡូកក្នុងវិស័យកសិកម្មអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ព្រមទាំងបានទទួលរង្វាន់ជាច្រើនក្នុងវិស័យកសិកម្មផងដែរ ជាពិសេសគឺ ពានរង្វាន់ពីរដ្ឋចំនួន ៣ ហើយលោកក៏ជាម្ចាស់កសិដ្ឋានមួយកន្លែង ដែលមានដាំបន្លែសរីរាង្គជាច្រើនប្រភេទ។
ក្រោយពីវីដេអូល្បីនេះ ត្រូវបានចែករំលែកពេញប្រព័ន្ធអ៊ីនធឺណេត ទាក់ទាញចិត្តអ្នកមើលរួចមក មហាជនមួយចំនួនក៏បានចូលទៅបញ្ចេញមតិក្នុងវីដេអូនោះ ដោយមានទាំងការសរសើរ និង ការលេងសើច ដូចជា ៖ «នេះគឺជាប្រភពដ៏ល្អនៃការបំផុសគំនិត សម្រាប់យុវជនក្នុងការលើកកម្ពស់ការយល់ដឹងអំពីកសិកម្ម» ហើយអ្នកខ្លះទៀតក៏បាននិយាយដែរថា ៖ «ខ្ញុំសង្ឃឹមថាកសិករឥណ្ឌា ទាំងអស់នឹងមានជីវភាពដូចគាត់ ដោយការដាំបន្លែស្រស់ៗ ហើយលក់វា»៕ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖
ប្រភព ៖ Sanook