ធ្វើការនៅបារប៉ះភ្ញៀវឱ្យធីបជាសន្លឹកឆ្នោត ពេលកោសត្រូវបាន ៥ ម៉ឺនដុល្លារ រត់វឹងប្រាប់ភ្ញៀវចុងក្រោយគេបោះឱ្យ ២០ ដុល្លារដើរចេញរ៉ុយ
សារព័ត៌មាន Mirror បានរាយការណ៍ពីរឿងរ៉ាវរបស់នារីរត់តុម្នាក់ដែលសំណាងល្អប៉ះភ្ញៀវឱ្យធីបជាសន្លឹកឆ្នោត ត្រូវបានរហូតដល់ទៅ ៥ ម៉ឺនដុល្លារ តែដោយសារស្មោះត្រង់ពេក ក៏ប្រគល់ឱ្យភ្ញៀវវិញ ចុងក្រោយគេហុចឱ្យតែ ២០ ដុល្លារ រួចដើរចេញទៅបាត់។
រឿងរ៉ាវនេះត្រូវបានចែកចាយដោយនារីម្នាក់ ដែលនាងបានរៀបរាប់ឱ្យដឹងថា កាលពី ២ ឆ្នាំមុន មិត្តរបស់នាងបានធ្វើការនៅបារលក់ស្រាមួយកន្លែង ហើយក៏បានជួបភ្ញៀវម្នាក់ដែលគេបានឱ្យធីបនាងជាសន្លឹកឆ្នោតកោសតម្លៃប្រមាណ ២០ ដុល្លារ។ មិត្តរបស់នាងក៏ទទួលសន្លឹកឆ្នោតនោះ រួចក៏កោសទៅស្រាប់តែមានសំណាងភ្លាមៗ គឺត្រូវបានរង្វាន់ធំរហូតដល់ទៅ ៥ ម៉ឺនដុល្លារឯណោះ។
ដោយសារតែនាងជាមនុស្សស្មោះត្រង់ពេក នាងក៏បានទៅប្រាប់ភ្ញៀវម្នាក់នោះថា នាងបានកោសឆ្នោតត្រូវរង្វាន់ហើយ ដែលធ្វើឱ្យភ្ញៀវនោះស្តាយក្រោយ និង ចង់បានសន្លឹកឆ្នោតពីនាងវិញ។ នាងក៏បានឱ្យទៅវិញ ដោយមិនតវ៉ាអ្វីឡើយ ឯភ្ញៀវនោះក៏បានហុចលុយឱ្យនាងតែ ២០ ដុល្លាររួចដើរចេញទៅបាត់ទៅ។ ចុងក្រោយគេក៏បានយកលុយរង្វាន់នោះទៅសប្បាយក្នុងកាស៊ីណូអស់រលីង ត្រឹមតែមួយយប់ប៉ុណ្ណោះ។
យ៉ាងណាមិញ មហាជនដឹងហើយក៏ហួសចិត្តមិនចាញ់គ្នាដែរ ម្នាក់ៗគិតថាគ្មានហេតុផលដែលត្រូវឱ្យសន្លឹកឆ្នោតទៅម្ចាស់វិញទេ គួរណាស់តែទុកខ្លួនឯង មើលទៅនាងពិតជាស្មោះត្រង់ហួសហេតុពិតមែន៕