យន្តហោះមួយគ្រឿង បង្ខំចិត្តបកត្រឡប់ក្រោយទាំងតក់ក្រហល់ ព្រោះមានអ្នកដំណើរម្នាក់រាកស្អុយពេញយន្តហោះ
សារព័ត៌មាន Daily Mail នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៣ នេះ បានចុះផ្សាយថា យន្តហោះមួយគ្រឿងចេញដំណើរពីទីក្រុង Atlanta ទៅកាន់ទីក្រុង Barcelona ត្រូវបានបង្ខំចិត្តបក ត្រឡប់ក្រោយវិញ ដោយសារតែមានអ្នកដំណើរម្នាក់មានបញ្ហារាករូស បង្កជាក្លិនស្អុយពេញលើយន្តហោះ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ជើងហោះហើរ Delta ចេញពីទីក្រុង Atlanta ទៅកាន់ទីក្រុង Barcelona ត្រូវបង្ខំចិត្តឱ្យវិលត្រឡប់វិញ ក្រោយពីអ្នកដំណើរម្នាក់នៅលើយន្តហោះម្នាក់មានជំងឺរាករូស បានរត់បង្កជាក្លិនពេញផ្លូវដើរលើយន្តហោះ ដោយជើងហោះហើរ DL194 នេះបានចាកចេញពីរដ្ឋ Georgia រួចហើយ និង បានទៅដល់រដ្ឋ Virginia ហើយ ពេលដែលសម្រេចចិត្តបកត្រឡប់ក្រោយវិញនោះ។
ជាមួយគ្នានេះដែរ នៅក្នុងសារជាអក្សរដែលបានផ្ញើទៅកាន់ភ្នាក់ងារគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ប្រធានក្រុមបានពន្យល់យ៉ាងខ្លីអំពីបញ្ហានោះថា ៖ «សូមបង្វែរទៅកាន់ Atlantas វិញ ព្រោះអ្នកដំណើរម្នាក់មានបញ្ហារាកតាមផ្លូវដើរលើយន្តហោះ ដូច្នេះពួកគេចង់ឱ្យយើងត្រលប់ទៅ Atlantas វិញ»។
យ៉ាងណាមិញ អ្នកដែលបានដឹងពីស្ថានភាពនេះក៏បានបង្ហោះនៅលើបណ្ដាញសង្គមដែរថា ៖ «បន្ទាប់ពីយន្តហោះនោះបានចុះចត វាត្រូវបានលាងសម្អាតយ៉ាងស្អាត» ហើយបុរសម្នាក់មានឈ្មោះ Dee W. បានសរសេរថា ៖ «ពួកគេមិនបានហោះហើរទេ រហូតដល់ម៉ោង ២:៣០ am ទើបជើងហោះហើរនោះចេញហោះហើរម្ដងទៀត ហើយវាគ្មានក្លិនទេ»។
គួរដឹងដែរថា ពាក់ព័ន្ធនឹងបញ្ហាខកជើងហោះហើរនៃដែរ ក្រុមហ៊ុន Delta ទទួលស្គាល់ថា ជើងហោះហើរបានជួបប្រទះនឹងបញ្ហាសុខភាពដែលមិននឹកស្មានដល់ ដោយក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា ៖ «ក្រុមហ៊ុនរបស់យើងបានព្យាយាមធ្វើការឱ្យបានលឿន និង ដោយសុវត្ថិភាពតាមដែលអាចធ្វើទៅបាន ដើម្បីសម្អាតយន្តហោះឱ្យបានល្អ និង នាំអតិថិជនរបស់យើងទៅកាន់គោលដៅចុងក្រោយរបស់ពួកគេ» ហើយក្រុមហ៊ុនក៏បានសរសេរសេចក្តីថ្លែងការណ៍មួយដែរថា ៖ «យើងសូមអភ័យទោស ដោយស្មោះ ចំពោះអតិថិជនរបស់យើងចំពោះការពន្យារពេល និង ការរអាក់រអួលនៃការធ្វើដំណើរ»៕
ប្រភព ៖ Daily Mail