កាលីបណាស់! ហាង Hot Pot មួយនៅចិន មានសេវាកម្មកក់សក់ឱ្យភ្ញៀវ Free ដើម្បីកុំឱ្យមានក្លិនជាប់សក់ពេលញ៉ាំរួច
សារព័ត៌មាន KENH 14 កាលពីពេលថ្មីៗនេះបានចុះផ្សាយថា ភោជនីយដ្ឋាន Hot Pot ចិនមួយកន្លែង មានដាក់សេវាកម្មកក់សក់ឱ្យភ្ញៀវដោយឥតគិតថ្លៃ ដើម្បីកុំឱ្យមានក្លិនស្អុយជាប់សក់ពេលបរិភោគអាហាររួចរាល់។
យោងតាមប្រព័ត៌មានបានឱ្យដឹងថា ជាទូទៅការញ៉ាំមានរយៈពេលយូរ ដែលបង្កជាក្លិនជាន់នៅសក់ ព្រោះតែអាហារទាំងនោះមានរសជាតិហឹរ ដូចនេះដើម្បីផ្ដល់ភាពសប្បាយចិត្តដល់អតិថិជន ម្ចាស់ហាង HaiDiLao នៅក្រុង Wuxi ខេត្ត Jiangsu នៃប្រទេសចិន ក៏បានបើកដំណើរការសេវាកម្មកក់សក់ដោយឥតគិតថ្លៃ សម្រាប់អ្នកទទួលទានអាហារពេលល្ងាចក្នុងហាង ដើម្បីកម្ចាត់ក្លិនម្ហូបចេញពីសក់ក្បាលរបស់ពួកគេ។
ជាមួយគ្នានេះដែរ រូបថត និង វីដេអូ ជាច្រើនបង្ហាញពីសេវាកម្មរបស់ហាងនេះ ក៏បានក្លាយជាទីចាប់របស់ប្រជាជនអ្នកនិយមលេងបណ្ដាញសង្គម Weibo ចិន រហូតដល់មានអ្នកខ្លះបានចែករំលែកបទពិសោធរបស់ពួកគេថា ៖ «មិនត្រឹមតែមានសេវាកម្មកក់សក់ឱ្យភ្ញៀវទេ ភ្ញៀវក៏អាចជ្រើសរើសសាប៊ូកក់សក់ផ្សេងៗជាច្រើនប្រភេទតាមចំណង់ចំណូលចិត្ត ព្រមទាំងទទួលបានការម៉ាស្សាក្បាល និង Relax ក្នុងពេលតែមួយផងដែរ ព្រោះការកក់សក់នេះចំណាយពេលដល់ទៅ ២០ នាទី»។
គួរដឹងដែរថា កន្លងមក ភោជនីយដ្ឋាន HaiDiLao នេះដែរ ក៏ធ្លាប់បានផ្តល់សេវាកម្មធ្វើក្រចកដៃ ជើង និង តុបតែងមុខអតិថិជន ដែលញ៉ាំអាហារថ្ងៃត្រង់ ដើម្បីទាក់ទាញភ្ញៀវផងដែរ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ
ប្រភព ៖ KENH14