រវល់គេពេញភូមិ! ឈ្លោះគ្នាខ្លាំង ខាងស្រីរត់ឡើងអង់តែនប្រុងលោត ខាងប្រុសឡើងទៅឃាត់ ដល់លួងត្រូវគ្នារកផ្លូវចុះវិញលែងកើត
ថ្មីៗនេះ មានរឿងរ៉ាវមួយកំពុងផ្ទុះការភ្ញាក់ផ្អើលខ្លាំងនៅរដ្ឋ Chhattisgarh ប្រទេសឥណ្ឌា ដែលមានគូស្នេហ៍មួយគូត្រូវបានគេប្រទះឃើញជាប់គាំងនៅលើអង់តែនយ៉ាងខ្ពស់ រវល់អស់ប៉ូលិសជួយលួងផងអីផងរាប់ម៉ោង ទម្រាំព្រមសហការចុះមកវិញដោយសុវត្ថិភាព។
តាមព័ត៌មានបានឱ្យដឹងថា ខាងស្រីមានឈ្មោះ Anita Bhaina បានទាក់ទងគ្នាជាមួយខាងប្រុសឈ្មោះ Mukesh បាន ១ ឆ្នាំហើយ។ អំឡុងពេលកើតហេតុ ពួកគេទាំងពីរនាក់បានទាស់សម្ដីគ្នាយ៉ាងខ្លាំង រហូតខាងស្រីគិតខ្លីរត់ទៅឡើងអង់តែនកម្ពស់ប្រមាណ ១០ ម៉ែត្រ ដើម្បីប៉ុនប៉ងធ្វើអត្តឃាត។ ដោយឃើញសង្សារគិតខ្លីបែបនេះ លោក Mukish ក៏បានឡើងទៅតាម ដើម្បីលួងលោមនាងកុំឱ្យធ្វើរឿងឆ្កួតឡប់បែបនេះ ដែលជាលទ្ធផលពួកគេទាំងពីរត្រូវបានជាប់គាំងលើនោះ រកផ្លូវចុះមកក្រោមវិញលែងបាន។
ពលរដ្ឋនៅខាងក្រោម មើលទៅឃើញហេតុការណ៍មិនស្រួល ក៏បានទាក់ទងទៅប៉ូលិសភ្លាមៗស្នើសុំជំនួយ។ ប្រមាណ ៣០ នាទីក្រោយ ប៉ូលិសក៏បានទៅដល់កន្លែងកើតហេតុ ហើយក៏បានធ្វើការលួងគូស្នេហ៍មួយគូនោះ ឱ្យធ្វើចិត្តឱ្យស្ងប់សិន។ ប៉ុន្មានម៉ោងក្រោយ ប៉ូលិសក៏បានជួយឱ្យពួកគេចុះមកដល់ក្រោមវិញដោយជោគជ័យ៕