កំពូលអ្នកជិតខាង! ចាក់ធុងបាសផឹកស៊ីដល់យប់ជ្រៅសឹងរាល់ថ្ងៃ គេទ្រាំមិនបានទៅប្តឹងមេភូមិ ពួយនាំគ្នាព្រួតវាយគេដល់ក្នុងផ្ទះ
ជារឿយៗជម្លោះរវាងអ្នកជិតខាងតែងកើតមានឡើង ដោយភាគច្រើនកើតចេញពីការរស់នៅមិនចុះសម្រុងគ្នា និង មិនយោគយល់ ហើយបំពានគ្នា។ ជាក់ស្ដែងថ្មីៗនេះ នៅប្រទេសថៃ មានករណីអ្នកជិតខាងឈ្លោះដល់ថ្នាក់នាំគ្នាស្ទាក់វាយ ព្រោះតែខឹងនឹងគេប្ដឹងរឿងចាក់ធុងបាស និង ជួបជុំផឹកស៊ីរំខាន។
ជនរងគ្រោះលោក Chutiphon អាយុ ២៩ ឆ្នាំ និង ប្រពន្ធបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា ៖ «ពួកខ្ញុំត្រូវបានក្រុមអ្នកជិតខាងប្រុសៗមាឌធំ ៣ នាក់ គំរាមកំហែង ហើយពួកគេថែមទាំងបានចូលមកដាល់ប្ដីខ្ញុំឱ្យមានរបួសអំឡុងពេលលាងឡាន ព្រោះតែដឹងថាប្ដីខ្ញុំជាអ្នកប្ដឹងមេភូមិរឿងពួកគេបង្កសំឡេងរំខាន ផឹកស៊ីចាក់ធុងបាសដល់យប់ៗជ្រៅ»។
«តាមពិតទៅពួកខ្ញុំបានទ្រាំមកជាង ១ ឆ្នាំហើយ ដោយគិតថាយូរទៅអាចនឹងស៊ាំ ហើយលែងអី ប៉ុន្ដែពួកគេមិនដែលយល់ទុក្ខធុរៈអ្នកជិតខាងឡើយ ពួកគេគិតតែសប្បាយផឹកស៊ី ហើយធុងបាសវិញចាក់ដល់ម៉ោង ១-២ យប់ក៏មាន។ ពួកខ្ញុំមកពីរកស៊ីហត់ក៏មិនបានសម្រាកទៀត ថ្ងៃខ្លះមានដល់ម៉ោង ៣ ទៀបភ្លឺ ហើយមួយសប្ដាហ៍ពួកគេជុំគ្នាយ៉ាងតិច ៥ ថ្ងៃ»។
«ដោយទ្រាំមិនបាន ខ្ញុំ និង ប្ដីបានទៅប្ដឹងភូមិឃុំឱ្យមកជួយដោះស្រាយ លុះពេលពួកគេដឹងស្រាប់តែនាំគ្នាមកស្ទាក់វាយប្ដីខ្ញុំ ដោយដំបូងចូលមកជិតហើយសួរត្រង់ៗថា ហេតុអ្វីបានប្ដឹងមេភូមិ? ហើយក៏ស្ទុះច្រាប់-ក មុននឹងដាល់មុខ ៣-៤ ដៃ តែសំណាងបានអ្នកជិតខាងផ្សេងមកឃាត់។ បច្ចុប្បន្នពួកខ្ញុំបានដាក់លក់ផ្ទះហើយ ព្រោះមិនអាចនៅបានទេ ដោយបារម្ភពីសុវត្ថិភាព និង សុខភាពផ្លូវចិត្ត។ ហើយខ្ញុំក៏បានដាក់ពាក្យបណ្ដឹងពីការប្រើហិង្សាលើរាងកាយចំពោះប្ដីខ្ញុំដែរ ដោយមិនមានការលើកលែងជាដាច់ខាត អ្វីដែលខ្ញុំចង់បានគឺយុត្តិធម៌ហើយពួកគេត្រូវតែទទួលទោស»៕