ព្រោះមានសមត្ថភាព សុនខមួយក្បាលត្រូវតែងតាំងជាជំនួយការពេទ្យផ្នែករំខាន និង កូរអ្នកជំងឺ
ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គម Tiktok ប្រទេសថៃ ក្រោយមានករណីសត្វសុនខមួយក្បាល ត្រូវបានអ្នកគ្រប់គ្រងពេទ្យលើកចាត់តាំងជាបុគ្គលិកជំនួយការពេទ្យ ផ្នែករំខាន និង កូរអ្នកជំងឺ បន្ទាប់ពីឃើញការតាំងចិត្ត និង សមត្ថភាពរបស់វា។
យោងតាមម្ចាស់គណនី Tiktok ឈ្មោះថា @aumoverprep បានរៀបរាប់ឱ្យដឹងថា ៖ «សត្វឆ្កែមួយក្បាលនេះ មានឈ្មោះថា Pamee ជាសត្វចិញ្ចឹមរបស់អ្នកគ្រូពេទ្យ Duangnil អាយុ ២៧ ឆ្នាំ មានមុខតំណែងជាគ្រូពេទ្យប្រចាំការនៅមន្ទីរពេទ្យ Nong Dun ស្រាប់។ អ្នកគ្រូពេទ្យ Duangnil ថាខ្លួនមិនដែលមានបំណងចង់យកសត្វឆ្កែមកពេទ្យទេ តែដោយសារនៅផ្ទះមិនមានអ្នកមើល ហេតុដូចនេះក៏យកវាមកកំដរតាំងពីនៅតូច»។
«យ៉ាងណាមិញ សត្វឆ្កែ Pamee គឺជាសុនខគួរឱ្យស្រឡាញ់ ដែលធ្វើឱ្យអ្នកជំងឺ និង គ្រូពេទ្យជាច្រើនចូលចិត្ត ហើយតែងឱ្យចំណីវាជាប្រចាំ ជាពិសេសវាមិនមានចរិតកោងកាចខាំគេឯងនោះឡើយ ដោយគ្រាន់តែវាចូលចិត្តប្រឡែង និង កូរអ្នកជំងឺ។ មិនត្រឹមតែប៉ុណ្ណឹង វាក៏ជាសន្ដិសុខការពារអ្នកជំងឺដ៏ល្អផងដែរ ដោយ Pamee ធ្លាប់ដេញខាំសត្វពស់ដែលវាចូលពេទ្យ ហើយនឹងជាអមដំណើរអ្នកជំងឺ។ ដោយឃើញសមត្ថភាពរបស់ Pamee ប្រធានពេទ្យក៏សម្រេចតែងតាំងវាជាជំនួយការពេទ្យ ផ្នែករំខាន និង កូរអ្នកជំងឺ»។
លោកយាយ Sien អាយុ ៧១ ឆ្នាំបានរៀបរាប់ថា ៖ «ពេលដែលមកពេទ្យហើយបានឃើញ Pamee គឺវាហាក់សប្បាយចិត្តប្លែកមួយកម្រិត ដោយសត្វឆ្កែមួយនេះវាចេះណាស់ គឺឈរចាំស្វាគមន៍អ្នកជំងឺ មិនកាចសាហាវ មិនធ្វើឱ្យយើងខ្លាច ហើយមិនរំខានឱ្យយើងធុញទេ ផ្ទុយទៅវិញវាចូលចិត្តប្រឡែង ពេលខ្លះចាប់មិនឈ្នះ»៕