ចិត្តខ្មៅណាស់! ព្រោះចង់បានទ្រព្យ រៀបគម្រោងច្រានប្រពន្ធមានផ្ទៃពោះទម្លាក់ជ្រោះ តែត្រូវអស់លក្ខណ៍ដោយសារប្រពន្ធមិនស្ល-ា.-ប់
រឿងរ៉ាវជីវិតដ៏រន្ធត់លាយឡំទុក្ខសោកមួយត្រូវបានផ្ទុះកក្រើកឡើងវិញ ពេញបណ្ដាញសង្គម Toutiao ចិន បន្ទាប់ពីសាច់រឿងមួយនេះត្រូវបានផលិតករល្បីឈ្មោះចិន យកវាមកផលិតជាខ្សែភាពយន្ដក្រោមចំណងជើងថា «Lost In The Stars»។
សាច់រឿងមួយនេះ ផ្អែកលើរឿងពិតដែលកើតឡើងទៅលើនារីម្នាក់ឈ្មោះថា Wang Nuannuan កាលពីជាង ៤ ឆ្នាំមុន ដែលនាងត្រូវបានគេរកឃើញនៅបាតជ្រោះនៅប្រទេសថៃ ហើយប្ដីនាងជាអ្នកច្រានទម្លាក់ ទាំងដែលនាងកំពុងពោះធំ។
Wang Nuannuan បានប្រមូលភាពក្លាហាន ហើយរំឭក និង បកស្រាយលម្អិតពីសាច់រឿងជីវិតខ្លួនថា ៖ «នៅពេលអ្នកបានទស្សនាភាពយន្ដនេះ ជីវិតពិតខ្ញុំគឺវាអាក្រក់ជាងនេះ ១០ ដងឯណោះ។ នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៧ ខ្ញុំបានបបួលមិត្តភក្ដិខ្ញុំមួយក្រុមទៅលេងប្រទេសថៃ ហើយក៏បានជួប Yu Xiaodong»។
«ពេលជួបគ្នាដំបូង ខ្ញុំគ្មានអារម្មណ៍អ្វីចំពោះគេបន្ដិចសោះឡើយ តែ Yu Xiaodong បែរជាមិនមានភាពអៀនខ្មាសមកសុំ Wechat ខ្ញុំជាច្រើនលើកច្រើនសា បើទោះបីខ្ញុំប្រកែកមិនព្រមឱ្យក៏ដោយ។ នៅទីបំផុត ដោយធុញទ្រាន់ពេកខ្ញុំក៏យល់ព្រមឱ្យ Wechat ទៅគាត់។ ក្រោយបាន Wechat គាត់ក៏ចាប់ផ្ដើមចែចង់ខ្ញុំ ដោយខ្ញុំគិតថាវាជារឿងចៃដន្យ មិននឹកស្មានថាហេតុផលពីក្រោយគឺគាត់មានចេតនាចង់ទាក់ទងខ្ញុំ ដោយមិនមែនកើតចេញពីចិត្តស្រឡាញ់ តែកើតចេញពីមហិច្ឆតា ហើយថែមទាំងបានស៊ើបប្រវត្តិខ្ញុំ និង ស្គាល់ខ្ញុំច្បាស់ថា ខ្ញុំជាអ្នកចេញចូលរកស៊ីនៅប្រទេសថៃ មានទ្រព្យសម្បត្តិច្រើននៅចិន ហើយក៏មានកេរ្តិ៍ឈ្មោះក្នុងការរកស៊ីជួញដូររវាង ២ ប្រទេសនេះ»។
«ក្នុងអាយុ ២៧ ឆ្នាំ ខ្ញុំបានក្លាយជាអ្នកជំនួញដ៏ជោគជ័យផ្នែកការនាំចេញចូលអីវ៉ាន់ថៃ-ចិន ហើយក៏មានលុយចាយហូរហៀរ តែនៅពេលជំនួញកាន់តែរីកធំ ខ្ញុំមានអារម្មណ៍កាន់តែឯកា។ ពេលនោះគឺជាពេល Yu Xiaodong ឆ្លៀតឱកាស ហើយចូលមកក្នុងជីវិតខ្ញុំក្នុងនាមជាអ្នកមើលថែ។ ពេលចាប់ផ្ដើមគ្រប់យ៉ាងគឺល្អណាស់ ពួកយើងហាក់ស្រឡាញ់គ្នាយ៉ាងស្អិតល្មួត រហូតឈានដល់ការរៀបការ»។
«មុនពេលរៀបការ Yu Xiaodong បានសារភាពថា នៅអាយុ ១៩ ឆ្នាំ គាត់បានជួយមិត្តរកស៊ីជញ្ជូនអីវ៉ាន់ តែក៏ត្រូវប៉ូលិសចាប់ឃុំខ្លួននៅពន្ធនាគារអស់ ៨ ឆ្នាំ ព្រោះតែអីវ៉ាន់ទាំងនោះជារបស់លួចគេ ទាំងដែលខ្លួនមិនដឹង ហើយពេលចេញពីគុកគេត្រូវបានក្រុមគ្រួសារចាប់បង្ខំឱ្យរៀបការជាមួយនារីក្នុងភូមិម្នាក់ទាំងមិនពេញចិត្ត ក្រោយមកក៏លែងគ្នាវិញ។ ពេលនោះ ខ្ញុំនៅកំពុងពេញស្រឡាញ់គាត់ ហេតុដូចនេះក៏ជឿពាក្យគ្រប់យ៉ាង តែក្រោយមកខ្ញុំបានដឹងថាវាសុទ្ធតែជាការបោកប្រាស់ ដោយគាត់ត្រូវបានប៉ូលិសចាប់ដាក់គុក ១២ ឆ្នាំពីករណីប្លន់ និង លួច ហើយរឿងរៀបការគឺជាការស្ម័គ្រចិត្តដោយមិនមានបង្ខំ ហើយក្រោយចេញពីគុកគាត់ក៏មកនៅប្រទេសថៃ»។
«ត្រឡប់ទៅពេលក្រោយរៀបការវិញ គាត់ក៏នៅតែសម្ដែងធ្វើជាមនុស្សល្អ ហើយថែមទាំងផ្អែមល្ហែមទៀត ដែលធ្វើឱ្យខ្ញុំលង់ទន់ឆ្អឹង តែមនុស្សដូច Yu Xiaodong គឺជាមនុស្សចូលចិត្តស្រណុកខ្ជិលមិនចង់ធ្វើការអ្វី ដោយខ្ញុំបានឱ្យប្រាក់ទៅគាត់ជារៀងរាល់ខែចំនួន ២០ ០០០ យ័ន (ប្រមាណ ២ ៧០០ ដុល្លារ) តែគាត់នៅតែចាយមិនគ្រាន់ ហើយតែងសុំលុយខ្ញុំបន្ថែមជាញឹកញាប់ម្ដងពី ៣០ ទៅ ៥០ ម៉ឺនយ័ន»។
«នៅឆ្នាំ ២០១៨ ខ្ញុំបានបើកសាខាក្រុមហ៊ុនថ្មីនៅខេត្ត Nanjing ដែលពេលនោះគឺជាពេលដែលមមាញឹកជាខ្លាំង ហើយ Yu Xiaodong បានចាប់ផ្ដើមបញ្ចេញអាកប្បកិរិយាមិនល្អ ដែលធ្វើឱ្យឪពុកម្ដាយខ្ញុំមិនពេញចិត្ត ហើយទាមទារឱ្យខ្ញុំលែងលះ។ ដោយចិត្តស្រឡាញ់លើប្ដីខ្លាំង ខ្ញុំក៏នៅបន្ដរស់តែ ២ នាក់ ដោយមិនខ្វល់ពីឪពុកម្ដាយខ្ញុំ។ ក្រោយមកទៀតជម្លោះពួកយើងក៏ចាប់ផ្ដើមកើតមាន នៅពេលខ្ញុំរកឃើញថា Yu Xiaodong បានវេរលុយ ៥ លានយ័ន (ប្រមាណ ៦៩ ម៉ឺនដុល្លារ) ចេញពីកុង ព្រោះតែចាញ់ល្បែង ដោយមិនបានប្រាប់ខ្ញុំ ហើយខ្ញុំបានប្ដឹងប៉ូលិសចាប់គាត់ តែគាត់បានសន្យាថានឹងកែខ្លួន»។
«ពេលនោះការជឿជាក់ខ្ញុំចំពោះគាត់ធ្លាក់សល់តែ ៥០ ភាគរយ ខ្ញុំសម្រេចចិត្តឈប់ឱ្យគាត់គ្រប់គ្រងលើលុយចេញចូល និង អ្វីៗគ្រប់យ៉ាង។ ពេលនោះហើយ ជាពេលគាត់ចាប់ផ្ដើមមានគំនិតអាក្រក់ចង់សម្លាប់ខ្ញុំ។ ដោយក្នុងចិត្តប៉ុនប៉ងអាក្រក់ តែគាត់នៅតែសម្ដែងរហូតឱ្យខ្ញុំជឿថាគាត់បានកែខ្លួន ហើយខ្ញុំក៏មានផ្ទៃពោះកូនដំបូង»។
«នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៩ គាត់បានបបួលខ្ញុំទៅដើរលេងប្រទេសថៃ ដើម្បីសម្រាកលម្ហែការងារ ហើយខ្ញុំក៏យល់ព្រមដោយមិនបានគិតសង្ស័យអ្វី។ មុនពេលចេញពីចិនទៅថៃ គាត់បាននាំខ្ញុំទៅទិញធានារ៉ាប់រងជីវិត ដោយលក្ខខណ្ឌក្នុងនោះគឺពេលមាននរណាម្នាក់រងគ្រោះដល់ស្លាប់ ប្ដី ឬ ប្រពន្ធដែលនៅរស់នឹងទទួលបានអត្ថប្រយោជន៍ ហេតុផលរបស់ Yu Xiaodong គឺគាត់បារម្ភចំពោះសុវត្ថិភាពពួកយើងទាំង ២ នាក់ពេលធ្វើដំណើរកម្សាន្ត»។
«ពេលទៅដល់ថៃ Yu Xiaodong បានរៀបចំតុបតែងផ្ទះនៅទីក្រុងបាងកក ប្រទេសថៃ យ៉ាងស្រស់ស្អាត ដើម្បីរៀបចំទទួលស្វាគមន៍កូនដំបូង និង ធ្វើឱ្យខ្ញុំ Surprise ផងដែរ។ អំឡុងពេលស្នាក់នៅប្រទេសថៃ គេបានបបួលខ្ញុំទៅមើលថ្ងៃរះនៅលើភ្នំមួយក្នុងខេត្ត Ubon Ratchathani ដើម្បីបង្កើតអនុស្សាវរីយ៍ ហើយក៏សម្រាកទុក្ខកង្វល់»។
«ថ្ងៃដែលពួកយើងឡើងភ្នំទៅមើលថ្ងៃរះ គឺជាថ្ងៃដែលមានពពក និង អ័ព្ទក្រាស់ ហើយមើលមិនឃើញថ្ងៃរះនោះឡើយ មនុស្សម្នាទៅក៏មិនច្រើន។ Yu Xiaodong បានបបួលខ្ញុំដើរតាមជម្រាលភ្នំបន្ដិច ហើយក៏សួរថា ៖ «តើខ្ញុំមានអ្វីដែលនឹកគិតស្ដាយក្រោយដែលទេពេលស្គាល់គាត់?» ខ្ញុំឆ្លើយថា «គ្មានទេ» ហើយគាត់ក៏បានថើបខ្ញុំ មុននឹងរុញខ្ញុំទម្លាក់ជ្រោះមួយទំហឹង ជាមួយពាក្យចុងក្រោយដែលខ្ញុំឮពីចម្ងាយថា ៖ «ចុះទៅនរកទៅ»។
«ពេលធ្លាក់ជ្រោះខ្ញុំត្រូវបានដើមឈើជួយទប់ តែក៏អស់សង្ឃឹមដោយគិតថាគ្មាននរណានឹងរកខ្ញុំឃើញទេ ចំណែកខ្លួនក៏រងរបួសពេញ ជាសំណាងល្អក្រុមឆ្មាំព្រៃមួយក្រុមបានឆ្លងកាត់ ហើយបានជួយសង្គ្រោះ និង បញ្ជូនខ្ញុំទៅមន្ទីរពេទ្យ។ អារម្មណ៍ខ្ញុំពេលនោះគឺច្របូកច្របល់ គិតអ្វីមិនចេញ គ្រប់យ៉ាងកើតឡើងលឿនពេក»។
«ពេលបញ្ជូនដល់បន្ទប់សង្គ្រោះបន្ទាន់ ICU កម្រិត VIP បុរសដែលច្រានខ្ញុំទម្លាក់ជ្រោះក៏ប្រាកដខ្លួនឡើង ហើយនៅក្បែរខ្ញុំរហូតមិនបាត់មួយជំហាន ដោយខ្លាចបែកការរឿង។ ពេលចេញពីសង្គ្រោះគាត់បានគំរាមខ្ញុំថា «គ្មានកាមេរ៉ា គ្មានសាក្សី បើខ្ញុំហ៊ាននិយាយរឿងនោះ ប៉ូលិសនឹងនាំគាត់ទៅសួរចម្លើយតែមួយភ្លែត ពេលមកវិញគាត់នឹងសម្លាប់ខ្ញុំពិតប្រាកដមិនខាន»។
«ដោយខ្លាចពេក ខ្ញុំក៏បានប្រាប់ប៉ូលិសថា ដោយខ្ញុំវិលមុខហើយរអិលធ្លាក់ជ្រោះ។ គេងពេទ្យអស់រយៈពេល ៤ ថ្ងៃក្រោមការតាមដានរបស់ Yu Xiaodong ទើបមានមិត្តភក្ដិខ្ញុំម្នាក់មកសួរសុខទុក្ខ ដែលពេលនោះគឺជាពេលចៃដន្យមិត្តខ្ញុំបានថតសំឡេងសារភាពរបស់គាត់បាន ហើយវាក្លាយជាភស្តុតាងតែមួយគត់ដែលខ្ញុំយកមកតតាំងជាមួយ Yu Xiaodong ពេលបន្ទាប់មកទៀត។ នៅថ្ងៃទី ៥ ខ្ញុំរកបានឱកាសសុំជំនួយពីក្រុមគ្រូពេទ្យ ដោយឱ្យពួកគាត់នាំខ្ញុំទៅកន្លែងមនុស្សច្រើន ដើម្បីឃ្លាតឆ្ងាយពីភ្នែក Yu Xiaodong មុននឹងឱ្យពួកគាត់ជួយទាក់ទងទៅប៉ូលិស ហើយនិយាយការពិតទាំងអស់ចេញមក»។
«បើទោះបីជាពេលនោះខ្ញុំឈឺចុកចាប់ពេញខ្លួន ប៉ុន្ដែនៅពេលប៉ូលិសចាប់ Yu Xiaodong អារម្មណ៍ខ្ញុំប្រៀបបីដូចដកបន្លាពីទ្រូង ហើយភាពភ័យខ្លាចក៏អន់ថយជាងមុន តែអ្វីដែលសោកស្ដាយគឺកូនខ្ញុំមិនអាចរក្សាទុកបានទេ។ ពេលចេញពីពេទ្យ ខ្ញុំបានដាក់ពាក្យបណ្ដឹង Yu Xiaodong ឡើងតុលាការកាត់ទោស ដោយតវ៉ាចំនួន ៣ លើក»។
«លើកទី ១ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០ ចៅក្រមបានកាត់ទោសដាក់គុង Yu Xiaodong មួយជីវិត ពីបទប៉ុនប៉ងមនុស្សឃាត និង ទាមទារសំណងរដ្ឋប្បវេណីចំនួន ១ ២៧៥ លានយ័ន (ប្រមាណ ១៧៦ លានដុល្លារ) តែ Yu Xiaodong បានជួលមេធាវីតវ៉ាក្ដី ហើយក៏ឡើងដល់ការកាត់ក្ដីលើកទី ២ ដែលជាសាវនាការមិនសមប្រកបបំផុត ព្រោះតែចៅក្រមបានកាត់ក្ដីសម្រាលទោសមកឱ្យ Yu Xiaodong ជាប់គុកត្រឹម ១០ ឆ្នាំ ដោយជឿថាគាត់គ្មានបំណងសម្លាប់មនុស្ស ព្រោះរកមិនឃើញឧបករណ៍ដូចជាខ្សែ កាំបិត ជាដើម នៅកន្លែងកើតហេតុ ហើយថែមទាំង Yu Xiaodong បានទិញធានារ៉ាប់រងមុនពេលកើតហេតុទៀត ដែលបង្ហាញពីការបារម្ភ និង យកចិត្តទុកដាក់»។
«ដោយមិនយល់ព្រមនឹងការកាត់ក្ដី ខ្ញុំក៏បានបន្ដដាក់ពាក្យបណ្ដឹងបន្តទៀត ហើយឈានដល់ការកាតក្តីលើកទី ៣។ ទីបំផុតចៅក្រមបានសម្រេចដាក់ពន្ធនាគារ Yu Xiaodong ចំនួន ៣៣ ឆ្នាំ និង ៤ ខែ ហើយនឹងស្ថិតក្រោមការឃ្លាំមើលមួយជីវិត។ សម្រាប់ខ្ញុំទោសនេះ គឺនៅស្រាលណាស់ បើធៀបនឹងរបួសរាងកាយ និង ចិត្តដែលត្រូវបានគេធ្វើបាបបោកប្រាស់មកអស់ជាច្រើនឆ្នាំកន្លងនេះ»៕