កំពុងរៀបការសុខៗ ស្រាប់តែម្ដាយក្មេកឡើងហែកកេរ្តិ៍កូនក្រមុំកណ្ដាលពិធី ផ្អើលភ្ញៀវបើកភ្នែកភ្លឹះៗ
ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គម Tik Tok វៀតណាម ក្រោយមានករណីកូនក្រមុំថ្មីថ្មោងម្នាក់ត្រូវបានម្ដាយក្មេកហែកកេរ្តិ៍ក្នុងចំណោមមនុស្ស ខណៈពេលកំពុងរៀបចំពិធីរៀបការ ដែលធ្វើឱ្យភ្ញៀវចូលរួមស្ដាប់ហើយនាំគ្នាស្រឡាំងកាំង ហើយភ្ញាក់ផ្អើលសឹងគ្រប់គ្នា។
តាមការរៀបរាប់បានឱ្យដឹងថា ខណៈពេលដល់វគ្គថ្លែងអំណរគុណក្នុងពិធីមង្គលការ ពិធីករបានអញ្ជើញឱ្យម្ដាយឪពុកកូនកំលោះក្រមុំនិយាយពាក្យ ២-៣ ម៉ាត់ ហើយពេលនោះម្ដាយកូនកំលោះស្រាប់តែពោលថា ៖ «កូនប្រសាស្រីខ្ញុំនាងជាមនុស្សស្រីមិនល្អទាល់តែសោះ ជាមនុស្សចូលចិត្តចូលគេងយប់ជ្រៅ ចូលចិត្តផឹកស៊ីជួបជុំ ដើរលេង ហើយថែមទាំងភ្ញាក់យឺត ដែលនេះសុទ្ធតែជាទម្លាប់អាក្រក់»។
គ្រាន់តែពាក្យប៉ុន្មានម៉ាត់ ចេញពីមាត់ម្ដាយក្មេកធ្វើឱ្យកូនក្រមុំហាក់ភ្ញាក់ផ្អើលបើកភ្នែកធំៗ ចំណែកភ្ញៀវចូលរួមក៏នាំគ្នាខ្សឹបខ្សៀវពីមាត់មួយទៅមាត់មួយភ្លាមៗ។ យ៉ាងណា គ្រប់យ៉ាងស្ងាត់ទៅវិញពេលម្ដាយកូនកំលោះបន្ដថា ៖ «ស្ងាត់សិន! ប៉ុន្ដែទម្លាប់អាក្រក់ទាំងអស់នេះអាចកែបាននៅពេលក្រោយ ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាដឹងថា អ្វីដែលនាងយកឈ្នះចិត្តខ្ញុំបាននោះគឺ ចិត្តស្អាតបរិសុទ្ធ ទោះយ៉ាងណានាងជាមនុស្សស្រីដែលពោរពេញដោយក្ដីស្រឡាញ់ គឺស្រឡាញ់កូនប្រុសខ្ញុំ និង ខ្ញុំនេះណាស់ ដោយនាងបានមើលថែពួកយើងយ៉ាងល្អតាំងពីមុនរៀបការ ហើយនៅថ្ងៃអនាគតនាងបានសន្យាថានាងនឹងកែខ្លួន ហើយមិនបោះបង់ចោលកូនប្រុសខ្ញុំឱ្យខូចចិត្តឡើយ»៕