ឆ្មាអនាថាមួយគូ ប្រែមានវាសនាខ្ពស់ក្លាយជាតារាម៉ូដែលល្បី ជួយឱ្យហាងអាហារមួយនៅជប៉ុនមានភ្ញៀវចូលណែនៗ
សត្វឆ្មាអនាថាមួយគូ កំពុងទទួលបានការចាប់អារម្មណ៍ពេញប្រព័ន្ធអ៊ីនធឺណេត ជាពិសេសពីសំណាក់ប្រជាជនជប៉ុន ក្រោយពួកវាបានក្លាយជាតារាម៉ូដែលប្រចាំហាងអាហារ ហើយទាក់ទាញភ្ញៀវឱ្យចូលពេញៗហាង។
យោងតាមម្ចាស់គណនី Twitter ឈ្មោះថា @oomurapetakon បានឱ្យដឹងថា៖ «លោកតាជាម្ចាស់ហាង Soba មួយស្ថិតក្នុងខេត្ត Saitama ប្រទេសជប៉ុន បានរើសយកឆ្មាអនាថាពណ៌ស លាយទឹកក្រូចមួយមកចិញ្ចឹមកាលពី ៨ ឆ្នាំមុន ពីម្ដុំមាត់ទន្លេ ដោយវាមានរាងស្គមស្គាំងគួរឱ្យអាណិតជាខ្លាំង ហើយដាក់ឈ្មោះថា Kon Chan»។
«ក្រោយចិញ្ចឹមមួយរយៈ លោកតាម្ចាស់ហាងបានរកឃើញថា Kon Chan កំពុងមានផ្ទៃពោះ ហើយបានបួនខែ ឆ្មានោះក៏សម្រាលកូនបាន ៤ ក្បាល។ Kon Chan គឺជាឆ្មាញីដែលស៊ីបាយច្រើនណាស់ ហើយកូនទាំង ៤ របស់នាងត្រូវបានភ្ញៀវដែលមកហូបអាហារនៅហាង សុំអស់ ៣ ក្បាល។ នៅសល់ឆ្មាសមួយក្បាលលោកតាសម្រេចចិត្តចិញ្ចឹមវា ដោយដាក់ឈ្មោះវាថា Petaro»។
«សត្វឆ្មាម្ដាយកូនទាំងពីរនេះ គឺចូលចិត្តទៅអង្គុយអាំងថ្ងៃនៅទូកញ្ចក់តាំងអាហារមុខហាងជាប្រចាំ រៀងរាល់ម៉ោង ៩ ព្រឹក ដោយលោកតាគិតថាពួកវាសប្បាយចិត្តពេលឃើញឡាន ម៉ូតូ មនុស្ស សត្វស្លាប និងសត្វឆ្កែឆ្មាផ្សេងៗដើរកាត់។ តែអ្វីដែលកាន់តែពិសេសគឺ សម្រស់ពួកវាបែរជាទាក់ទាញភ្ញៀវចូលហាងពេញៗ ហើយធ្វើឱ្យហាងធម្មតាៗរបស់លោកតា ក្លាយជាហាងដែលលក់ដាច់ជាងគេក្នុងតំបន់ ជាពិសេសមានអ្នកថតរូប និងផលិតវីដេអូជាច្រើនធ្លាប់ធ្វើដំណើរមកដល់ហាងដើម្បីថតពួកវា និងភ្លក់រសជាតិអាហារផងដែរ»៕