(វីដេអូ) ខឹងចិត្តក្រហើយអត់សង្សារ ទិញកាសទម្ងន់ ១ គីឡូ ធ្វើដំណើរជិត ២០០០ ម៉ែត្រ ទៅស្រែកសុំពរពីព្រះពុទ្ធ
រឿងរ៉ាវហួសចិត្ត និង អស់សំណើចមួយកំពុងក្លាយជាប្រធានបទក្ដៅពេញបណ្ដាញសង្គម Weibo ចិន ក្រោយមានករណីបុរសវ័យ ២៧ ឆ្នាំ ម្នាក់ ទិញកាសយក្សទម្ងន់ជាង ១ គីឡូ ធ្វើដំណើរជិត ២០០០ គីឡូ ដើម្បីទៅស្រែកសុំពរពីរូបសំណាក់ព្រះពុទ្ធ Leshan Giant Buddha ដ៏ធំជាងគេក្នុងប្រទេស។
តាមការចុះផ្សាយបានឱ្យដឹងថា បុរសរូបនេះបានធ្វើដំណើរជិត ២០០០ គីឡូ តាំងពីក្រុង Hangzhou រហូតដល់ទីតាំងរូបសំណាក់ព្រះពុទ្ធ Leshan Giant Buddha ដែលជាទីតាំងទេសចរណ៍ល្បីឈ្មោះខាងអបិយជំនឿមួយនៅប្រទេសចិន។
ក្រោយធ្វើដំណើរអស់ជាច្រើនម៉ោង នៅពេលទៅដល់ទីនោះភ្លាម លោកក៏បានយកកាសយក្សទម្ងន់ជិត ១ គីឡូ ដែលខ្លួនស្ពាយមកទៅដាក់ជិតត្រចៀករូបសំណាក់យក្ស ហើយថតវីដេអូ និង ស្រែកសុំពរខ្លាំងៗដោយមិនខ្មាសភ្ញៀវទេសចរដទៃថា ៖ «ទៅដល់ព្រះពុទ្ធជាទីគោរព ខ្ញុំខំធ្វើដំណើរជិត ២០០០ គីឡូ តាំងពីខេត្ត Hangzhou ដើម្បីមកជួបអ្នក។ បច្ចុប្បន្នខ្ញុំមានអាយុ ២៧ ឆ្នាំហើយ តែស្ថានភាពជីវិតមិនអំណោយផលសោះ ក្រមិនសូវមានលុយចាយ មិនមានផ្ទះ មិនមានឡានសូម្បីមួយគ្រឿង ហើយជាពិសេសមិនមានសង្សារសូម្បីម្នាក់ ឯកាណាស់។ ហេតុដូចនេះខ្ញុំមកសុំពរពីព្រះអង្គ ទី ១ ខ្ញុំ ចង់ក្លាយជាអ្នកមាន ខ្ញុំមិនត្រូវការច្រើនទេ សុំត្រឹមមានលុយត្រឹម ១០ លានយ័នអីបានហើយ (ប្រមាណ ១ លាន ៤ សែនដុល្លារ) និងសុំឱ្យមានសង្សារម្នាក់ ស្អាតល្មមក៏បាន ឱ្យតែនាងជាមនុស្សកក់ក្ដៅចាស់ទុំ ហើយស្រឡាញ់ខ្ញុំជាងលុយ ១០ លានយ័ន ទៅបានហើយ។ ព្រះពុទ្ធជាទីគោរព ខ្ញុំដាក់កាសនៅត្រចៀកអ្នកហើយ តើអ្នកបានឮខ្ញុំច្បាស់ទេ? សុំសម្រេចពរខ្ញុំផង»៕