អីយ៉ូយ! ចង់ពិសោធស្នេហ៍ពិត គូស្នេហ៍នេះសម្រេចដាក់ច្រវាក់ដៃជាប់គ្នា ចាំរហូតដល់ថ្ងៃរៀបការ
គូស្នេហ៍ស្ម័គ្រស្មោះមួយគូ ដោយសារតែចង់ពិសោធសេចក្តីស្នេហារបស់ខ្លួន ក៏បានសម្រេចចិត្តដាក់ច្រវ៉ាក់ភ្ជាប់នឹងដៃគ្នាទៅវិញទៅមក ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២១ រហូតមកទល់ពេលនេះ ហើយថែមទាំងប្តេជ្ញាថានឹងបន្តភ្ជាប់ច្រវ៉ាក់នេះជាមួយគ្នារហូតដល់ថ្ងៃរៀបការថែមទៀតផង ។
ពួកគេនៅមិនទាន់បានគិតគូរដល់ពេលវេលាគម្រោងរៀបការនៅឡើយទេ លើសពីនេះត្រឹមភ្ជាប់ពាក្យក៏ពួកគេមិនទាន់បានធ្វើផង ។ ហើយច្រវ៉ាក់នេះគ្មានសោរសម្រាប់ចាក់ទេ គឺគេបានផ្សារវាជាប់តែម្តង បើសិនជាចង់ដោះចេញ ឬ អ្វីនោះ ទាល់តែទៅរកជាងសេវាកម្មបន្ទាន់ទើបបាន ។
យ៉ាងណាមិញ ចំណែកការប្រើប្រាស់ជីវិតប្រចាំថ្ងៃ ជាពិសេសការស្លៀកពាក់នោះ គឺពួកគេបានច្នៃសម្លៀកបំពាក់ទាំងអស់របស់ខ្លួនជាពិសេស ដោយមានហ្ស៊ីបរូតសម្រាប់ងាយស្រួលក្នុងការស្លៀកពាក់ ព្រមទាំងដោះចេញចូល ។
ហើយដោយឡែក ការប្រើប្រាស់បង្គន់វិញ វាមានការពិបាកបន្តិច ជាពិសេសការប្រើបង្គន់សាធារណៈ ដោយជួនកាលនារីជាមិត្តស្រីត្រូវយកបុរសជាមិត្តប្រុសចូលទៅក្នុងបន្ទប់ទឹកនារី ដែលជាហេតុធ្វើឱ្យមនុស្សម្នាជាច្រើនសម្លឹងមកពួកគេដោយភាពងឿងឆ្ងល់ និង មិនពេញចិត្តផងដែរ ។
គួរឱ្យដឹងដែរថា គូស្នេហ៍ចម្លែកមួយគូនេះ បានចូលក្នុងកំណត់ត្រាប្រទេសអ៊ុយក្រែន សម្រាប់គូស្នេហ៍ដែលបានដាក់ច្រវ៉ាក់ជាប់គ្នាបានយូរជាងគេថែមទៀតផង ហើយពួកគេថែមទាំងមានគម្រោងឡើងកម្មវិធីទូរទស្សន៍ជាមួយគ្នា ដើម្បីលក់ច្រវ៉ាក់នេះក្នុងតម្លៃ ៣ លានដុល្លារ ដើម្បីសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ក៏ដូចជាបរិច្ចាគឱ្យមូលនិធិសប្បុរសធម៌ ៕
ប្រភព៖ Timesnownews