ស្រវឹងជ្រុល ចាប់ឆ្កែតាមផ្លូវ យកទៅផ្ទះដេកឱបលេង ព្រលឹមឡើងភ្ញាក់ព្រឺត!
បុរសជនជាតិថៃម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Yutthaphum Kaewekhem ថ្មីៗនេះ ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្ដាញសង្គមជាខ្លាំង ក្រោយរូបលោកបានធ្វើការបង្ហោះវីដេអូដ៏គួរឲ្យអស់សំណើច និងហួសចិត្តរបស់ខ្លួន ។
បុរសរូបនេះ ជាញឹកញាប់តែងតែទៅហាងសាច់អាំងមួយកន្លែងក្នុងទីក្រុងបាងកក ហើយនៅថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២០ កន្លងទៅ រូបលោក រួមនឹងមិត្តភក្ដិក៏បានទៅផឹកស៊ីនៅកន្លែងនោះដូចរាល់ដង ។ ថ្ងៃនោះដែរ លោកបានផឹកស្រវឹងយ៉ាងខ្លាំង រហូតដើរតាមផ្លូវឃើញឆ្កែអនាថា ក៏បានធ្វើសកម្មភាពចាប់វាដាក់ក្នុងឡាន យកទៅផ្ទះដេកឱបពេញមួយយប់មិនព្រមលែង ។
ក្រោយភ្ញាក់ដឹងខ្លួន លោក Yutthaphum មានការភ្ញាក់ផ្អើល និងហួសចិត្តខ្លួនឯងជាខ្លាំង ដោយបន្ទាប់មក រូបលោកបាននាំឆ្កែមួយក្បាលនោះត្រឡប់ទៅដាក់នៅក្នុងហាងវិញ ប៉ុន្តែលោកបែរជារកឃើញថា ឆ្កែមួយនេះគឺតាមពិតជាឆ្កែអនាថា ដែលគេបោះបង់ចោលនៅទីនោះទេ ។ ដឹងរឿងបែបនេះ លោកក៏បានសម្រេចចិត្តយកឆ្កែនោះទៅចិញ្ចឹម និងបានថ្នមថែរូបវា ដោយក្ដីស្រឡាញ់បំផុត ។
សកម្មភាពក្នុងស្ថានភាពស្រវឹងរបស់លោក ត្រូវបានមិត្តភក្តិថតបាន ហើយលោកក៏បានធ្វើការបង្ហោះវីដេអូទាំងនោះលើគណនីហ្វេសប៊ុករបស់ខ្លួន ដែលទទួលបានការចាប់អារម្មណ៍ និងចែកចាយបន្តពីមនុស្សរាប់ពាន់នាក់ ៕
ប្រភព៖ World Of Buzz