ទូរស័ព្ទលាប្រពន្ធថាលែងចង់រស់ ព្រោះកើតកូវីដ តែ ២ ខែក្រោយប្រពន្ធរកឃើញនៅផ្ទះសង្សារ
បុរសអាយុ ២៨ ឆ្នាំម្នាក់នៅឥណ្ឌា បានចាកចេញបាត់ពីផ្ទះរបស់ខ្លួនក្រោយប្រាប់ប្រពន្ធខ្លួនថា លោកបានកើតកូវីដ ១៩ ហើយពិបាកចិត្តចង់ទៅស្លាប់ តែរឿងគួរឱ្យហួសចិត្តខ្លាំងត្រង់ថា ២ ខែបន្ទាប់ ស្រាប់តែប្រពន្ធបានរកឃើញប្ដីរបស់ខ្លួនរូបនេះ បែរសំងំរស់នៅជាមួយសង្សារលោកទៅវិញ ។
តាមសារព័ត៌មាន Khaleej Times បុរសម្នាក់រស់នៅក្រុង Navi Mumbai បានបាត់ខ្លួននៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅ ក្រោយរូបលោកបានទូរស័ព្ទប្រាប់ប្រពន្ធថា ខ្លួនកើតជំងឺកូវីដ ១៩ ហើយលែងចង់រស់នៅតទៅទៀតហើយ ។ ក្រោយឮភ្លាម ស្ត្រីជាប្រពន្ធរកសួរសំណួរទៅប្ដីរបស់នាង ប៉ុន្តែមិនទាន់ទាំងបានសួរផង ប្ដីរបស់នាងបានចុចបិទទូរស័ព្ទមុនទៅហើយ ។
ស្ត្រីរូបនេះ ក៏បានទាក់ទងទៅបងប្រុសនាង ដើម្បីឲ្យជួយទាក់ទងទៅប៉ូលិស ដើម្បីដាក់ពាក្យស្វែងរកមនុស្សដែលបានបាត់ខ្លួន ។ ក្រោយការស្វះស្វែងរក ប៉ូលិសបានត្រឹមរកឃើញកង់ មួកការពារ កាតាប និង សោររបស់បុរសនោះនៅតាមដងផ្លូវប៉ុណ្ណោះ ។
ទោះជាយ៉ាងណាក៏ដោយ ក្រោយការបន្តស្វែងរកអស់រយៈពេល ២ ខែ ប៉ូលិសបានរកឃើញថា បុរសដែលបានបាត់ខ្លួននេះ បានមានមិត្តស្រីលួចលាក់ ហើយបានចាកចេញទៅទីក្រុង Indore ដើម្បីរួមរស់ជាមួយនាង ។ ក្រោយការរកឃើញ បុរសជាប្ដីរូបនេះត្រូវបានប៉ូលិសនាំត្រឡប់ទៅទីក្រុង Mumbai វិញនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០ ៕
ប្រភព៖ World Of Buzz