Single យូរពេក ដាច់ចិត្តធ្វើបដាដាក់រូបខ្លួនឯងផ្សព្វផ្សាយ ឱ្យឆាប់បានប្រពន្ធនឹងគេ
កន្លងមកធ្លាប់មានសារព័ត៌មានលើពិភពលោកផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញបុរសម្នាក់មានភាពក្លាហាន នឹកឃើញច្នៃប្រឌិតខ្ពស់ ដោយរចនារូបភាពរបស់ខ្លួនឯងធ្វើជាបដាផ្សព្វផ្សាយឱ្យនារីៗចាប់អារម្មណ៍មកកាន់ខ្លួន ព្រោះតែនៅលីវយូរពេក។ បុរសដែលត្រូវបានគេចាប់អារម្មណ៍នោះ មានឈ្មោះថា លោក Noor Aziro bin Abdullah ជនជាតិម៉ាឡេស៊ី បានធ្វើឱ្យគេភ្ញាក់ផ្អើលជាមួយនឹងបដាដែលមានរូបលោក នឹងពត៌មានផ្ទាល់ខ្លួនមួយចំនួនដាក់ព្យួរនៅតាមផ្លូវ ក្នុងគោលបំណងស្វែងរកប្រពន្ធ។
បុរសរូបនេះ បានសារភាពថា លោកពិតជាអស់លទ្ធភាពក្នុងការស្វែងរកប្រពន្ធតាមបណ្តាញទំនាក់ទំនងសង្គម ពីព្រោះតែមានការប្រកួតប្រជែងខ្លាំងពេក នឹងរឿងជាច្រើនដែលលោកត្រូវជួបប្រទះ។
លោកបានបន្ថែមថា៖ “ដូច្នេះហើយខ្ញុំបានសម្រេចចិត្ត ដាក់បដាបង្ហាញរូបខ្លួនឯង ដោយសង្ឃឹមថា នឹងទទួលបានការចាប់អារម្មណ៍ពីស្រ្តីនៅក្នុងភូមិជិតៗនេះតែម្តង” ។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើល គឺបន្ទាប់ពីបដារូបលោកត្រូវបានផ្សព្វផ្សាយ លោកទទួលបានការតេចូលពីមនុស្សជាច្រើន ចង់ដឹងពីសុពលភាព ឬ ថ្ងៃផុតកំណត់នៃការចុះផ្សាយរបស់លោក ព្រមទាំងមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានតេទៅលោកអំពីគំនិតថ្មីក្នុងការស្វែងរកប្រពន្ធផងដែរ៕