ឯកឧត្តមរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា កោតសរសើរក្រុមហ៊ុន Huawei សម្រាប់ការប្តេជ្ញាចិត្តរយៈពេល 20 ឆ្នាំ ក្នុងវិស័យ ICT នៅកម្ពុជា ក្នុងកម្មវិធី MWC 2019
ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ និង គណៈប្រតិភូបានធ្វើទស្សនកិច្ចស្តង់នៃក្រុមហ៊ុន Huawei ក្នុងឱកាសនៃការចូលរួមកម្មវិធីសមាជទូរស័ព្ទពិភពលោក GSMA MWC (Mobile World Congress) ដែលកំពុងតែដំណើរការនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ចាប់ពីថ្ងៃទី ២៥ រហូតដល់ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៩ ។
ក្នុងដំណើរទស្សនកិច្ចស្តង់ពិព័រណ៍របស់ក្រុមហ៊ុន Huawei ឯកឧត្តមរដ្ឋមន្ត្រី និង គណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយ លោក Du Yeqing អនុប្រធានផ្នែកបច្ចេកវិទ្យា 5G នៃក្រុមហ៊ុន Huawei និង លោក David Li នាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei ប្រចាំកម្ពុជា ។ នៅក្នុងកិច្ចជំនួបដែលបានធ្វើឡើងនៅក្នុងឱកាសនោះ លោក Du Yeqing បានជំរាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីលទ្ធផលការងារនៃក្រុមហ៊ុន Huawei ក្នុងឆ្នាំ ២០១៨ នៅលើឆាកអន្តរជាតិ និង ប្រទេសកម្ពុជា ក៏ដូចជាពិភាក្សាអំពីការអភិវឌ្ឍនៃបច្ចេកវិទ្យា 5G នាពេលអនាគតនៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុន Huawei ជឿជាក់ថាឆ្នាំ ២០១៩ គឺជាឆ្នាំដំបូងនៃបច្ចេកវិទ្យា 5G សម្រាប់ប្រទេសកម្ពុជា ដែលនឹងអាចជួយជំរុញកំណើនសេដ្ឋកិច្ច និង ធ្វើឱ្យជីវិតរស់នៅកាន់តែប្រសើរឡើង ។ ក្រៅពីនោះភាគីទាំងពីរ ក៏បានចែករំលែកគំនិត យោបល់ ស្តីពីផែនការនៃក្រសួង ក្នុងការអនុម័តគោលនយោបាយ និង ច្បាប់ពាក់ព័ន្ធសម្រាប់កែលម្អបរិយាកាសធុរកិច្ចទីផ្សារទូរគមនាគមន៍ ដើម្បីជំរុញឱ្យប្រតិបត្តិករ វិនិយោគបន្ថែម និង ទប់ស្កាត់ការប្រកួតប្រជែងដែលមានលក្ខណៈអវិជ្ជមាន ។
លោក Du Yeqing បានមានប្រសាសន៍ថា «ក្រុមហ៊ុន Huawei បានប្តេជ្ញាកសាងបណ្ដាញតភ្ជាប់ទូទាំងប្រទេស ពោលគឺកម្ពុជាឆ្លាតវៃ ( Intelligent Cambodia) ហើយតាមរយៈបេសកកម្មមួយនេះ ក្រុមហ៊ុន Huawei មានសេចក្តីរីករាយក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គម និង សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ជាមួយនិងជំនាញនៃបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មានវិទ្យា (ICT) និង ភាពរឹងមាំនៃបច្ចេកវិទ្យារបស់ក្រុមហ៊ុន» ។
ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ក៏មានប្រសាសន៍កោតសរសើ ដល់ក្រុមហ៊ុន Huawei ដែលបានខិតខំប្រឹងប្រែងប្រតិបត្តិការក្នុងប្រទេសកម្ពុជារយៈកាលកន្លងទៅ ហើយឯកឧត្តមរដ្ឋមន្ត្រីក៏បានបង្ហាញនូវសេចក្តីអបអរសាទរចំពោះខួប ២០ឆ្នាំ នៃក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា «ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោក ក្នុងការផ្តល់សេវាផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធ ICT និង ឧបករណ៍អេឡិចត្រូនិកប្រកបដោយភាពច្នៃប្រឌិត និង ជាដៃគូដ៏ជឿជាក់សម្រាប់កម្ពុជា និង ទីផ្សារ ICT ។ ក្នុងរយៈពេល ២០ ឆ្នាំមកនេះ ក្រុមហ៊ុន Huawei បានរៀបចំផែនការស្តីអំពីបច្ចេកវិទ្យាទំនាក់ទំនងទូរគម នាគមន៍ 2G, 3G ទៅ 4G ហើយឥឡូវនេះបានត្រៀមខ្លួនសម្រាប់ 5G ហើយក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាព ទទួលខុសត្រូវសង្គមនៅក្នុងប្រទេសកម្ពុជាផងដែរ ។ ខ្ញុំជឿជាក់ថាក្រុមហ៊ុន Huawei អាចចូលរួមចំនែកកាន់តែច្រើនសម្រាប់ការផ្លាស់ប្តូឌីជីថលកម្ពុជា និង ជួយប្រទេសកម្ពុជាឱ្យឆ្ពោះទៅរកឧស្សាហកម្មជំនាន់ទី ៤ នៅថ្ងៃអនាគត» ។
គួរបញ្ជាក់ផងដែរថា កម្មវិធីសមាជទូរស័ព្ទពិភពលោក MWC 2019 គឺជាព្រឹត្តិការណ៍នៃបច្ចេកវិទ្យាទូរគមនាគមន៍ ដ៏ធំបំផុតនៅលើពិភពលោក ដែលនាំមកនូវបច្ចេកវិទ្យាថ្មីៗ និង បច្ចេកវិទ្យាឈានមុខគេ ពីក្រុមហ៊ុនឈានមុខជាង 2400 ក្រុមហ៊ុន ដោយមានកម្មវិធីសន្និសីទកំពូល ដោយប្រមូលផ្តុំដោយទស្សនវិទូ និង អ្នកជំនាញជាច្រើន ដើម្បីឈ្វេង យល់ពីប្រធានបទថ្មីៗ ដែលមានឥទ្ធិពលបំផុតសម្រាប់ឧស្សាហកម្មបច្ចេកវិទ្យា ហើយនេះក៏ជាឱកាសក្នុងការឈ្វេង យល់ពីកម្មវិធីដែលដឹកនាំដោយដៃគូរាប់ពាន់ ដូចជា សិក្ខាសាលា GSMA និង កិច្ចប្រជុំកំពូលជាច្រើនទៀត ។ នៅក្នុងកម្មវិធីនេះ អ្នកអាចឈ្វេងយល់នូវអ្វីៗគ្រប់យ៉ាងដែលអ្នកចង់ដឹងអំពីឧស្សាហកម្មនាពេលបច្ចុប្បន្ន និង អាចលើស ពីនេះទៀត ។ MWC 2019 សន្យាថានឹងពង្រីកបណ្តាញទំនាក់ទំនង និង ជួយអ្នកឱ្យសម្រេចបាននូវគោលដៅរបស់អ្នក ៕