ក្រុមហ៊ុន ផ្សព្វផ្សាយពាណិជ្ជកម្ម MSA ទទួលបានបណ្ណសសើរពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃក្រសួងមហាផ្ទៃ បានរៀបចំពិធីប្រគល់បណ្ណសរសើរដល់អង្គភាពឯកជនដែលរួមចំណែកក្នុងការងារអប់រំសុវត្ថិភាពចរាចរណ៍ ។ កាលពីរសៀលថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៩ នេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ ២០១៨ ដោយក្នុងនោះក៏មានពិធីប្រគល់បណ្ណសរសើរដល់អង្គភាពឯកជន និង បុគ្គលមានស្នាដៃបំពេញភារកិច្ចប្រចាំឆ្នាំ ដែលមានសកម្មភាពយ៉ាងសកម្មក្នុងការចូលរួមចំណែកជួយសង្គម តាមរយៈការការផ្សព្វផ្សាយអប់រំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកផងដែរ ។
កម្មវិធីនេះបានរៀបចំ និង ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមទាំងវត្តមានមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូបក្នុងជួររដ្ឋាភិបាល ព្រមទាំងអង្គភាពឯកជនផ្សេងទៀត ។ ក្នុងឱកាសនៃកិច្ចប្រជុំបូកសរុបនេះដែរ សម្តេចក្រឡាហោម ស ខេង បានស្នើឱ្យមានការបន្តចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងការថែរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដូចជាការផ្សព្វផ្សាយអប់រំពីច្បាប់ចរាចរណ៍ ការអនុវត្តច្បាប់ចរាចរណ៍ វិស្វកម្មផ្លូវថ្នល់ ការសង្គ្រោះបន្ទាន់ និង ការលើកទឹកចិត្តក្នុងការចូលរួមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ។
សម្តេចក្រឡាហោម បានបន្ថែមទៀតដែរថា «ខ្ញុំសូមអំពាវនាវឱ្យប្រជាជនដែលប្រើប្រាស់ទោចក្រយានយន្ត មេត្តាពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» ។
យោងតាមកម្មវិធីនេះ ក្រុមហ៊ុន MSA មានកិតិ្តយសចូលរួម និង ទទួលបណ្ណសសើរលើការចូលរួមយ៉ាងសកម្មក្នុងការងារផ្សព្វផ្សាយការអប់រំអំពីសុវតិ្ថភាពចរាចរណ៍ផ្លូវគោក ។ បន្ទាប់ពីកម្មវិធីប្រគល់បណ្ណសរសើរពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រុមហ៊ុនMSA និង បុគ្គលិកទាំងអស់មានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្របេសកកម្មនេះ និង ប្តេជ្ញាផ្សព្វផ្សាយអប់រំបន្ថែមទៀតឱ្យកាន់តែទូលំទូលាយ ។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន MSA គឺជាក្រុមហ៊ុនឈានមុខគេក្នុងប្រទេសកម្ពុជាដែលផ្តល់សេវាផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់រូបភាព និង ផ្តល់ទំនុកចិត្តដល់ដៃគូពាណិជ្ជកម្មទាំងក្នុង និង ក្រៅប្រទេស ។ ទោះជាស្ថិតក្នុងវិស័យឯកជនមែនពិត តែក្រុមហ៊ុន MSA តែងតែចូលរួមចំណែកក្នុងការងារសង្គមជាច្រើនដូចជាការផ្តល់ការយល់ដឹង និង ការអប់រំតាមរយៈកម្មវិធីផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះជាដើម ៕