ដឹងទេ ! អ្នកបម្រើសម្តីចាក់ទឹកមិនលិចក្នុងរឿង «កូនពស់កេងកង» ជានរណា ?
អ្នកគាំទ្ររឿងភាគបុរាណខ្មែរកំពុងល្បី «កូនពស់កេងកង» ប្រាកដជាស្គាល់ច្បាស់នូវអ្នកបម្រើស្រីពីរនាក់ដែលពូកែវោហាសម្តីចាក់ទឹកមិនលិចឱ្យតែចេញពួកគាត់ម្តងៗ គឺថាមានសំណើចជាប់រហូតតែម្តង ។ ឥឡូវនេះមកស្គាល់ឲ្យកាន់តែច្បាស់ពីអ្នកបម្រើស្រីកំពុងល្បីទាំងពីរនាក់នៅក្នុងរឿង «កូនពស់កេងកង» ទាំងអស់គ្នា ។
នាងចែម មានសាច់មានឈាមកម្ពស់រាងទាបបន្តិច ដែលអ្នកទាំងអស់គ្នាប្រហែលជាបានស្គាល់ខ្លះ ហើយព្រោះនាងគឺជាតារាកប្លែងល្បីឈ្មោះក្នុងក្រុម នាយកុយ និង ជាដៃគូសម្តែងដ៏ស័ក្កិសមជាមួយ នាយក្រិន ។ នាងចែមក្នុងរឿង «កូនពស់កេងកង» នេះមានឈ្មោះក្រៅរឿងថា នាងប្រិមប្រិយ ដែលនាងបានបញ្ជាក់ថាតាំងពីចូលសិល្បៈរាប់ឆ្នាំមកនេះគឺជាលើកទីមួយហើយសម្រាប់នាងក្នុងការសម្តែងរឿងភាគ ។ ក្រៅពីអាជីពជាតារាកំប្លែងហើយឥឡូវក្លាយជាតារាសម្តែងផងនោះ អ្នកមេម៉ាយកូនមួយរូបនេះក៏មានច្រៀងការកាត់សក់ដែលជា ញឹកញយគឺឃើញនាងសម្តែងជាមួយ នាយកុយ ដែលជាអ្នកមានគុណនាងក្នុងវិថីសិល្បៈហើយនាងថែមទាំងហៅថា ប៉ាកុយ ពេញៗមាត់ទៀតផង ។
ងាកមកនាង សេក វិញម្តង ឈ្មោះពិតប្រាកដក្រៅរឿងគឺ វ៉ាន់ វលក្ខណ៍ ដែលនាងក៏ជាតារាសម្តែងប្រឡូកចូលសិល្បៈបានយូរគួរសមណាស់ដែរហើយ ។ រូបរាងល្វតល្វន់ហើយថែមស៊ីវីល័យនៅខាងក្រៅ តែនាងក៏នៅសម្តែងជាតួអ្នកបម្រើក្នុងរឿងបានយ៉ាងល្អគឺទស្សនាមិនឆ្គងតែម្តង ។ ថ្វីត្បិតត្រូវសម្តែងជាតួអ្នកបម្រើក៏ពិតមែន តែ វ៉ាន់ វលក្ខណ៍ បានបញ្ជាក់ថានាងមិនមានការអន់ចិត្ត ឬខ្មាសគេក្នុងការដើរតួមួយនេះឡើយ ព្រោះតួអង្គអ្នកបម្រើមែនតែក៏លេចធ្លោក្នុងសាច់រឿងមិនចាញ់តួផ្សេងៗទេ ហើយអ្វីដែលរឹតតែធ្វើឲ្យនាងពេញចិត្តពេញថ្លើមមិនរារែក ក្នុងសម្តែងក្នុងរឿង «កូនពស់កេងកង» នេះក៏ដោយសារតែជាស្នាដៃនិពន្ធ និង ដឹកនាំដោយលោក ហ្វៃ សំអាង ផ្ទាល់ ហើយថែមទាំងផលិតដោយទូរទស្សន៍ដ៏ល្បីហង្សមាស HDTV ទៀតគឺពិតជាខានមិនបានតែម្តង ។
រឿង «កូនពស់កេងកង» បានមកដល់ភាគទី ២៨ ហើយនៅសប្តាហ៍ក្រោយនេះ ដូច្នេះកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាដែលមានចាក់ផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ វេលាម៉ោង ៨ យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និង ម៉ោង ១២ ថ្ងៃត្រង់ នៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស HDTV ៕