
ចង់ដឹងទេ តើមានសត្វគួរឱ្យខ្លាចអ្វីខ្លះដែលសម្តែងជាមួយតួអង្គមនុស្សនៅក្នុងរឿង «កូនពស់កេងកង» ?
បច្ចុប្បន្ននេះរឿង «កូនពស់កេងកង» កំពុងតែសុសសាយជាខ្លាំងក្នុងវិស័យភាពយន្តភាគខ្មែរដែលកំពុងតែរីកដុះដាលគួរឲ្យកត់សម្គាល់ ទៅណាមកណាខ្សែភាគយន្តភាគបុរាណខ្មែរមួយនេះតែងទទួលបានការសរសើរមិនដាច់ពីមាត់ថាជារឿងដែលសម្រឹតសម្រាំងយកបាននូវគុណភាពយ៉ាងល្អ ។
រឿងភាគបុរាណខ្មែរមួយនេះ មិនត្រឹមតែចូលរួមសម្តែងដោយតារាជាច្រើនជំនាន់នោះទេ សូម្បីតែសត្វបានចូលរួមសម្តែងជាច្រើនប្រភេទផងដែរ ។ អ្វីដែលមិនអាចរំលងបាននោះគឺសត្វពស់ថ្លាន់ដ៏ធំដែលត្រូវសម្តែងជាសត្វពស់កេងកង តាមឲ្យដឹងពីក្រុមផលិតរឿង «កូនពស់កេងកង» គឺសត្វពស់ថ្លាន់នេះមានទម្ងន់ដល់ទៅជាង ១០០ គីឡូក្រាមឯណោះ ហើយក្រៅពីសត្វពស់ថ្លាន់ដ៏ធំនេះក៏នៅមានសត្វផ្សេងៗទៀតជាច្រើនដែលមកចូលរួមសម្តែងក្នុងរឿងមួយនេះដូចជា៖ សត្វពស់វែក ឥន្ទ្រីយ តុកកែ ទីទុយ ប្រឺស ជ្រូកព្រៃ អណ្តើក ស្វា សេក និងទន្សាយ ។ល។
រឿង «កូនពស់កេងកង» របស់ស្ថានីយទូរទស្សន៍ហង្សមាស មានចាក់ផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃ ចន្ទ អង្គារ ពុធ វេលាម៉ោង ៨ យប់ លើប៉ុស្តិ៍ហង្សមាស HDTV និង ម៉ោង ១២ ថ្ងៃត្រង់ នៅលើប៉ុស្តិ៍ រស្មីហង្សមាស HDTV ៕