ការចាក់បញ្ចាំងភាពយន្ត «ទេពហត្ថា» ក្នុងពិធីសមោសរនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១២ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) លើកទី ១២ មានមោទកភាពប្រកាសអំពីពិធីសមោសរនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ដោយមានការបញ្ចាំងភាពយន្តដ៏ស្រស់ស្អាតមួយ ក្រោមចំណងជើងថា «ទេពហត្ថា» នៅថ្ងៃអាទិត្យ ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៣ នៅសាលមហោស្រពនិងសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។ ពិធីនេះនឹងប្រព្រឹត្តទៅក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ជាព្រឹត្តិការណ៍ភាពយន្តដ៏ធំ និង ល្បីជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា និង នៅអាស៊ីអាគ្នេយ៍ ដែលបង្ហាញខ្សែភាពយន្តយ៉ាងច្រើន ហើយទទួលស្វាគមន៍សមិទ្ធករភាពយន្ត និង ភ្ញៀវកិត្តិយសមកពីទូទាំងពិភពលោក។ មហោស្រពមានគោលបំណងបំផុសវប្បធម៌ភាពយន្តចម្រុះដល់សាធារណជននៅកម្ពុជា លើកស្ទួយគំនិតថ្មីៗនៃការផលិតភាពយន្តអន្តរជាតិគ្រប់ប្រភេទ និងបង្ហាញភាពយន្តដែលមានគុណភាពដែលថតដោយសមិទ្ធករភាពយន្តជាតិ និង អន្តរជាតិ នៅកម្ពុជា និង ស្ដីអំពីកម្ពុជា។ ឆ្នាំនេះ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា មានមោទកភាពរៀបចំកម្មវិធី «ពន្លក» ចាប់ពីថ្ងៃទី ២៩ ខែមីនា រហូតដល់ថ្ងៃទី ១ ខែមេសា ដែលជាការបញ្ចាំងភាពយន្តរយៈពេលពេញមួយសប្ដាហ៍ ដើម្បីឱ្យទស្សនិកជនភ្លក់រសជាតិខ្សែភាពយន្តខ្លះៗទម្រាំដល់ការបើកមហោស្រពធំនៅក្នុងខែឧសភាខាងមុខ។
កម្មវិធីនេះ រួមបញ្ចូលទាំងព្រឹត្តិការណ៍ពិសេសប្រចាំថ្ងៃដែលបង្ហាញពីប្រធានបទមួយចំនួនដែលនឹងត្រូវបានបង្កើតឡើងក្នុងកំឡុងពេលមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១២ នាពេលខាងមុខ។ ភាពយន្តល្បីៗរួមមានរឿងកំប្លែងអាហ្រ្វិក ភាពយន្តសំខាន់ៗក្នុងប្រវត្តិសាស្ត្រភាពយន្តរបស់កម្ពុជាដូចជារឿង «នាងព្រាយសក់ពស់» ដឹកនាំដោយលោក ហ៊ុយ គឹង និង សម្ដែងដោយតារាល្បីលោកស្រី ឌី សាវ៉េត និង ភាពយន្តដែលផលិតទាក់ទងនឹងសម័យឯករាជ្យរបស់កម្ពុជា រួមមានការពិភាក្សារបស់លោក ប៉ាន់ រិទ្ធី ស្តីពីប្រវត្តិសាស្ត្រកម្ពុជា បារាំង តាមរយៈសៀវភៅ «L’Empire du Milieu du Sud / The Empire of Mid-South» របស់លោក ហ្សាក់ ពើររ៉ាំង (Jacques Perrin) និង ភាពយន្តឯកសាររបស់គាត់ «La France est notre Patrie / France is our Mother Country» (ប្រទេសបារាំង ជាមាតុភូមិយើង)។
កម្មវិធីនេះ នឹងធ្វើគារវកិច្ចចំពោះរបាំខ្មែរ និង សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ក្នុងភាពយន្ត «ទេពហត្ថា» (The Perfect Motion) របស់លោក ហ្សាវីយ៉េ ដឺ ឡូហ្សាន (Xavier de Lauzanne) និង ភាពយន្ត «ព្រះនាងបុប្ផាទេវី រាជអប្សរាទី ១» (Buppha Devi – The First Royal Apsara) របស់លោក គ្រីស្តូហ្វ ហ្កាគ្យូឡូ (Christophe Gargiulo) ។ លើសពីនេះ កម្មវិធីនេះនឹងបង្ហាញជូនអំពីភូមិភាពយន្តថ្មីបំផុត គឺកិច្ចពិភាក្សាជាមួយអ្នកវិជ្ជាជីវៈភាពយន្ត (Pro Talks)។ កម្មវិធី «ពន្លក» (CIFF “SPROUTS”) បង្ហាញពីកម្មវិធី «សាលាសម្តែង» (The acting academy) ក៏ដូចជាកិច្ចពិភាក្សាជាមួយអ្នកមានឥទ្ធិពលនៅក្នុងវិស័យផលិតភាពយន្តនៅកម្ពុជា។ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា សូមអញ្ជើញប្រិយមិត្តទាំងអស់រង់ចាំតាមដានព័ត៌មាននិងកម្មវិធីនានាដែលនឹងកើតមាននៅក្នុងមហោស្រពឆ្នាំនេះ តាមរយៈការរីករាយជាមួយកម្មវិធី «ពន្លក» ដែលនឹងសម្ពោធនៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង ៦ ល្ងាច នៅវិទ្យាស្ថានបារាំង។
«យើងខ្ញុំ ពិតជាមានកិត្តិយសណាស់ចំពោះព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតនៃ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសមោសរនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១២។ វត្តមានដ៏ខ្ពង់ខ្ពស់របស់រាជវង្សានុវង្ស រដ្ឋមន្ត្រី និង មន្ត្រីជាន់ខ្ពស់ អង្គការ និង ប្រតិភូអន្តរជាតិនានា អ្នកមានកេរឈ្មោះនៅក្នុងវិស័យសិល្បៈ និង ភាពយន្ត ក្រុមហ៊ុនឯកជន និងដៃគូក្នុងឧស្សាហកម្មភាពយន្តនានា ជាសក្ខីភាពមួយបញ្ជាក់ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ជាវេទិកាដ៏សំខាន់មួយសម្រាប់ការជជែកពិភាក្សាអំពីវប្បធម៌ និង សិល្បៈនៅកម្ពុជា និង នៅក្នុងតំបន់» នេះជាប្រសាសន៍របស់អ្នករៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជា។
ខិត្តបណ្ណផ្លូវការរបស់មហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំនេះ បំផុសគំនិតចេញពីផ្ទាំងគំនូរដើមរបស់វិចិត្រករ ញ៉ែម សុភាព ដែលរស់នៅក្នុងក្រុងតាខ្មៅ។
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា មិនមានការអត់ឱនចំពោះទម្រង់នៃការបៀតបៀន ការរើសអើង និង ការរំលោភបំពានណាមួយ ដែលប្រព្រឹត្តទៅនៅក្នុងកន្លែងធ្វើការ និង កម្មវិធីរបស់យើងឡើយ។
សម្រាប់ព័ត៌មានបន្ថែមអំពីមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១២ នេះ សូមតាមដានហ្វេសប៊ុកផេកផ្លូវការរបស់យើងតាមរយៈ https://www.facebook.com/cambodiaiff ។
អំពីមហោស្រពភាពយន្តអន្តរជាតិកម្ពុជា
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា គឺជាព្រឹត្តិការណ៍វប្បធម៌ និង ភាពយន្តអន្តរជាតិធំជាងគេបំផុតនៅកម្ពុជា។ ចាប់ផ្ដើមនៅឆ្នាំ ២០១០ មហោស្រពនេះដើរតួជាកត្តាលីករមួយសម្រាប់វិស័យភាពយន្ត ដោយប្រមូលផ្ដុំអ្នកចូលរួមជាង ៣ ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ CIFF ក៏ដើរតួផងដែរ ជាស្ពានរបស់ប្រទេសកម្ពុជា និង ពិភពលោក តាមរយៈការនាំមកបង្ហាញនូវវប្បធម៌ និង ភាពយន្តរបស់សាកលលោក។ CIFF ក៏រួមចំណែកលើកស្ទួយដល់ចរាចរណ៍របស់ខ្សែភាពយន្តនៅក្នុងតំបន់ និង ផ្សព្វផ្សាយពីផលិតកម្មកម្ពុជាផងដែរ។
ទំនាក់ទំនងព័ត៌មាន
សម្រាប់ព័ត៌មានបន្ថែមនិងរូបថតពីកម្មវិធី សូមទាក់ទង លោក ទៀង ពិសិដ្ឋ តាមរយៈអ៊ីម៉ែល piseth.tieng@bophana.org ឬតាមTelegram +855 10 77 51 51