Magnum ចូលរួមក្នុងការបំផុសគំនិតឌីហ្សាញដ៏អស្ចារ្យនៅក្នុងកម្មវិធី Phnom Penh Designers Week 2022
ការ៉េម Magnum បានចូលរួមក្នុងការបំផុសគំនិតឌីហ្សាញដ៏អស្ចារ្យនៅក្នុងកម្មវិធី Phnom Penh Designers Week 2022 ជាមួយម៉ូដសម្លៀកបំពាក់ ៥ ឈុត កាលពីថ្ងៃទី ០២ និង ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ នៅក្នុងផ្សារទំនើបអូឡាំព្យា ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ តារាល្បីៗក្នុងស្រុក ព្រមទាំងមហាជនជាច្រើន ដែលចូលចិត្តវិស័យហ្វេសសិន។
ព្រឹត្តិការណ៍ដ៏ឱឡារិកនេះ បានលើកយកឈុត Men Wears និង Women Wears ដ៏ប្លែកស៊ីវិល័យជាច្រើនឈុត ដែលជាស្នាដៃយ៉ាងផ្ចិតផ្ចង់ និង ត្រូវបានច្នៃឡើងដោយ Designer ល្បីៗទាំងក្នុង និង ក្រៅស្រុកមកបង្ហាញនៅលើឆាក ដោយម៉ូឌែលស្រស់ស្អាត សង្ហាជាច្រើនរូប។ ឈុត Collection សម្លៀកបំពាក់ទាំងនេះដែរ ក៏ត្រូវបានបំផុសគំនិតឡើងដោយប្រ៊េនល្បីៗជាច្រើននៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងនោះ ប្រ៊េនការ៉េមដ៏ល្បី Magnum ក៏បានចូលរួមក្នុងការបំផុសគំនិតក្នុងការច្នៃម៉ូដមកបង្ហាញក្នុង PPDW លើកនេះផងដែរ។
Magnum បានបំផុសគំនិតរបស់ខ្លួនជាឈុតយ៉ាងស្រស់ស្អាត ពោរពេញទៅដោយការច្នៃប្រឌិតខ្ពស់ចំនួន ៥ ឈុត យកមកបង្ហាញនៅលើឆាក ដែលក្នុងនោះមានឈុតមួយដែលបានច្នៃឡើងជាពិសេស និង ត្រូវបានគ្រងដោយតារាម៉ូឌែល និង តារាសម្តែង នៅ គីមមួយ។
តារាម៉ូឌែល និង តារាសម្តែង នៅ គីមមួយ បានទម្លាយឱ្យដឹងពីអារម្មណ៍របស់ខ្លួននៅក្នុងកម្មវិធីដ៏អស្ចារ្យនេះផងដែរថា កញ្ញាពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានមានវត្តមាននៅក្នុងកម្មវិធីនេះ ជាពិសេស គឺបានគ្រងឈុតរបស់ Magnum នេះ។ កញ្ញាបន្តទៀតថា ឈុតមួយនេះពិតជាពិសេស ព្រោះក្រៅពីមានសាច់ក្រណាត់ងាយស្រួលពាក់ហើយ ថែមទាំងមានភាពប្រណីតស្រស់ស្អាត មានអំណាច ពោរពេញដោយភាពច្នៃប្រឌិត មើលទៅទាក់ភ្នែកតែម្តង។
អ្វីដែលកាន់តែចាប់អារម្មណ៍នោះ ឈុតដ៏ប្រណីតពិសេស ១ ឈុត របស់ Magnum គឺជាស្នាដៃរបស់អ្នកច្នៃម៉ូដវ័យក្មេង Kong Label by Da Mo។ លោក Da Mo បានប្រឡូកនៅវិស័យឌីហ្សាញនេះ រយៈពេល ៤ ឆ្នាំមកហើយ ពោលគឺបន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកឌីហ្សាញ តាំងពីឆ្នាំ ២០១៨ មកម្ល៉េះ។ លោកបានបញ្ជាក់ឱ្យដឹងថា លោកបានចូលរួម PPDW ជារៀងរាល់ឆ្នាំ ព្រោះតែចង់បង្ហាញពីខ្លួនឯង និង ស្នាដៃការឌីហ្សាញរបស់ខ្លួនទៅកាន់មហាជន ក៏ដូចជាចង់ឱ្យមហាជនដឹងថា ប្រទេសយើងក៏មានប្រ៊េនសម្លៀកបំពាក់ក្នុងស្រុកដែលជា Collection ទាន់សម័យស៊ីវិល័យស្អាតៗ មិនចាញ់ប្រទេសជិតខាងប៉ុន្មាននោះទេ។
សម្រាប់ Collection របស់ Magnum មួយនេះ គឺជាការបំផុសគំនិតកើតឡើងចេញចំណង់ចំណូលចិត្តនៃការស្លៀកពាក់របស់លោកផ្ទាល់ ដែលមានទាំងស្ទីលបែប Masculine និង Feminine រួមជាមួយនឹង Texture រូបរាង នៃការផ្សំរបស់ការ៉េម ដែលមានជាពណ៌យ៉ាងស្រស់ស្អាត ជាដើម។ លើសពីនេះទៀត លោកក៏បានបន្ថែមឱ្យដឹងថា លោកពិតជាចូលចិត្តរសជាតិការ៉េម និង គុណភាពរបស់ Magnum ណាស់៕