រឿងពិតមូលហេតុមិនមានការ LIVE ផ្ទាល់ការសម្ដែងរបស់តារាចម្រៀង ម៉ាន់ វណ្ណដា ក្នុងហ្វេសបុកផេកផ្លូវការ Smart និង Pleng អំឡុងការសម្ដែងរបស់លោក
បន្ទាប់ពីពិធីបិទកីឡាជាតិលើកទី ៣ កាលពីល្ងាចថ្ងៃពុធ ទី៣០ វិច្ឆិកា ២០២២ សង្កេតឃើញថា សាធារណៈជនមួយចំនួនមានប្រតិកម្មនៅតាមទបណ្តាញសង្គម ចំពោះការមិនចាក់ផ្សាយនូវការសម្តែងរបស់តារាល្បី ម៉ាន់ វណ្ណដា នៅលើហ្វេកប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុន Smart Axiata និង Pleng។
ថ្មីៗនេះ ក្រុមហ៊ុន Smart Axiata ដែលជាម្ចាស់ឧបត្ថម្ភកម្មវិធីធំនៃកីឡាជាតិលើកទី៣ និងកីឡាសំរាប់ជនពិការលើកទី១ បានធ្វើការបកស្រាយបំភ្លឺនៅក្នុងសេចក្តីជូនដំណឹងមួយនៅលើហ្វេកបុកផេកផ្លូវការ បញ្ជាក់ពីមូលហេតុដែលខ្លួនមិនចាក់ផ្សាយបន្តផ្ទាល់នូវការសម្តែងរបស់សិល្បករ ម៉ាន់ វណ្ណដា នៅក្នុងពិធីបិទកីឡាជាតិលើកទី ៣ កន្លងមកនេះ។
«ក្នុងពិធីបិទកីឡាជាតិលើកទី៣ ក្រុមហ៊ុនស្មាតបានទទួលដំណឹងពីការកែប្រែ កម្មវិធីដែលតម្រូវឱ្យលោក ម៉ាន់ វណ្ណដា (Mann Vannda) ជាសិល្បករតន្រ្តីរ៉េបដ៏ល្បីនៅក្នុងប្រទេសកម្ពុជាចូលរួមសម្តែងដោយច្រៀងបទ Time To Rise ។ ក្រុមហ៊ុនស្មាតបានទទួល និងគោរពតាមការស្នើសុំផ្លាស់ប្តូរនេះ ហើយក៏បានទទួលនិងគោរពតាមការស្នើសុំបន្ថែមលើ សំណើមិនចាក់បញ្ចាំងដោយផ្ទាល់នូវការសម្តែងបទ Time To Rise នៅលើផេករបស់ក្រុមហ៊ុន ស្មាត និង Pleng»។
បន្ថែមពីការចាក់ផ្សាយបន្តផ្ទាល់តាមបណ្តាញសង្គម ពិធីបិទកីឡាជាតិលើកទី៣នេះ ជាក់ស្ដែងក៏ត្រូវបានចាក់ផ្សាយបន្តផ្ទាល់លើកញ្ចក់ បណ្តាញទូរទស្សន៍ជាតិនានាដូចជា ទូរទស្សន៍ជាតិកម្ពុជា (TVK) និងតាមផេកហ្វេសប៊ុកនានាដូចជា BTV Cambodia ផងដែរ ដែលការផ្សាយផ្ទាល់មិនមានការបិទត្រង់ចំណុចណានោះទេ អាចឱ្យទស្សនិកជនទស្សនាការសម្ដែងគ្រប់សិល្បករ។
ក្រុមហ៊ុន Smart Axiata បានសរសេរនៅក្នុងសេចក្តីជូនដំណឹងបន្ថែមទៀតថា ក្រុមហ៊ុនមិនមានគោលបំណងមិនចាក់ផ្សាយការសម្តែងរបស់លោក វណ្ណដា ដោយចេតនានោះទេ ហើយក៏បានបញ្ជាក់អំពីជំហររបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់កម្មសិទ្ធិបញ្ញារបស់សិល្បករ សិល្បការនីជាតិ និងអន្តរជាតិផងដែរ។
«ក្រុមហ៊ុនស្មាត សូមបញ្ជាក់ជាថ្មីម្តងទៀតថា យើងខ្ញុំគ្មានចេតនាមិនចាក់បញ្ចាំងការផ្សាយបន្តផ្ទាល់ ពីការសម្តែងណាមួយឡើយ លើកលែងតែមានការស្នើរសុំ។ ក្រុមហ៊ុនស្មាតសូមកោតសសើរ ចំពោះ ស្នាដៃសិល្បៈ និងការប្តេជ្ញាចិត្តចូលរួមចំណែករក្សាកេរ្តិ៍មរតក និងវប្បធម៌ខ្មែររបស់សិល្បករ សិល្បការិនី ទាំងអស់ដែលបានចូលរួមសម្ដែងនៅរាត្រីនោះ។ ម៉្យាងទៀតក្រុមហ៊ុនស្មាតក៏គោរពនូវកម្មសិទ្ធបញ្ញា (Copyright) ហើយនេះជាអ្វីដែលក្រុមហ៊ុនស្មាតតែងតែអនុវត្តជាមួយសិល្បករ សិល្បការនីក្នុងស្រុក ក៏ដូចជាអន្តរជាតិ។ ក្រុមហ៊ុនស្មាតមានកិត្តិយសក្នុងការចូលរួមជ្រោមជ្រែង និងសហការជាមួយសិល្បករ សិល្បការនីខ្មែរ ឱ្យបង្កើតទំនុក និងបទចម្រៀងថ្មីៗ ក៏ដូចជាលើកតម្ដើងនូវកម្មសិទ្ធិបញ្ញារបស់សិល្បករ សិល្បការនី ដែលសាធារណជនអាចចូលរួមបានតាមរយៈការប្រើប្រាស់កម្មវិធី Pleng»។
ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទមួយនេះ ក៏បានអំពាវនាវដល់សាធារណៈជនឲ្យមានការយោគយល់អាធ្យាស្រ័យគ្នា ដើម្បីមានស្មារតីរួបរួមគ្នា លើកស្ទួយវិស័យកីឡា និងសិល្បៈផងដែរ។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Smart Axiata បានចូលរួមឧបត្ថម្ភការរៀបចំកីឡាជាតិកម្ពុជា ចាប់តាំងពីកីឡាជាតិលើកទី ១ នៅក្នុងឆ្នាំ ២០១៦ និងលើកទី ២ នៅឆ្នាំ ២០១៨ ហើយក៏គាំទ្រសិល្បករក្នុងស្រុកតាមរយៈការបង្កើតកម្មវិធីតន្រ្តី Pleng ដើម្បីចូលរួមចំណែកក្នុងការគាំទ្រវិស័យសិល្បៈ និងកីឡានៅកម្ពុជា។ សម្រាប់កីឡាជាតិលើកទី៣ ក្រុមហ៊ុន Smart Axiata ក៏បានធ្វើការសហការជាមួយសិល្បករល្បីល្បាញក្នុងស្រុកតាមរយៈកម្មវិធី Pleng ដើម្បីនិពន្ធបទចម្រៀងមួយក្រោមចំណងជើង «វីរភាពកីឡា» ដែលត្រូវបានសម្តែងផ្ទាល់ក្នុងអំឡុងពិធីបើកព្រឹត្តិការណ៍កីឡានេះផងដែរ។
ពិធីបិទកីឡាជាតិលើកទី៣ បានប្រព្រឹត្តិទៅយ៉ាងរលូនយ៉ាងជោគជ័យ និងទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន ខណៈដែលប្រទេសកម្ពុជាកំពុងត្រៀមរៀបចំស៊ីហ្គេម ២០២៣ នាពេលខាងមុខនេះ៕