សុវណ្ណាភូមិ ឡាយហ្វ៍ ផ្តល់សំណងដល់គ្រួសារអតិថិជន ហត្ថាកសិករ ដើម្បីទូទាត់កម្ចីទាំងអស់ (វីដេអូ)
ភ្នំពេញ, ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៨៖ លោកស្រី សែន ស្រី ជាអាជីវករលក់ត្រីនៅផ្សារចាស់ក្នុងទីក្រុងភ្នំពេញ ហើយក៏ជាអតិថិជនកម្ចីរបស់ ហត្ថាកសិករ ផងដែរ ។ ជារឿងដែលនឹកស្មានមិនដល់ និង សោកស្តាយបំផុត គឺលោកស្រីបានជួបគ្រោះថ្នាក់ដោយចោឆក់ ដែលបណ្តាលឱ្យទទួលមរណភាព ហើយនេះគឺជាដំណឹងដ៏សោកសៅ និង បាត់បង់ដ៏ធំបំផុតសម្រាប់ក្រុមគ្រួសាររបស់លោកស្រី ។
ទោះបីជាលោកស្រី សែន ស្រី បានចាកចេញទៅដោយគ្មានថ្ងៃត្រឡប់ ក៏គាត់មិនឲ្យកូនៗ មានការលំបាកក្នុងការសងកម្ចីជំនួសគាត់ដែរ ។ គាត់បានទិញសេវាធានារ៉ាប់រងឥណទានរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ដែលជាដៃគូចែកចាយសេវាធានារ៉ាប់រងអាយុជីវិតរបស់ ហត្ថាកសិករ ពេលដែលគាត់ទទួលកម្ចីជាមួយហត្ថាកសិករ ទើបកម្ចីទាំងអស់របស់គាត់ត្រូវបានការទូទាត់សងជំនួសក្រុមគ្រួសារមិនតែប៉ុណ្ណោះនៅសល់មួយចំណែកទៀតគឺប្រគល់ជូនអ្នកស្រី ហុង ស្រ៊ី ដែលជាកូនរបស់គាត់ទៀត ។
នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៨ អ្នកស្រី ហុង ស្រ៊ី បានមកទទួលសំណងពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ។ គាត់ពិតជាមានការសោកស្តាយចំពោះការបាត់បង់ម្តាយជាទីស្រឡាញ់របស់គាត់ណាស់ ។ អ្នកស្រី ហុង ស្រ៊ី ក៏បានអរគុណដល់ សុវណ្ណាភូមិ ឡាយហ្វ៍ និង ក្រុមការងារ ហត្ថាកសិករ ដែលបានជួយក្នុងដំណើរការនៃការផ្តល់សំណង និង ទូទាត់កម្ចីទាំងអស់របស់ម្តាយគាត់បានយ៉ាងឆាប់រហ័ស ។
លោកឧកញ្ញា ហួត អៀងតុង អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ បានមានប្រសាសន៍ចូលរួមរំលែកទុក្ខថា៖ «តាងនាមឲ្យថ្នាក់ដឹកនាំ និង បុគ្គលិកទាំងអស់របស់ ហត្ថាកសិករ យើងខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារ ដែលបាត់បង់ម្តាយជាទីស្រឡាញ់ និង ជាទីជំហររបស់កូនៗ» ។
ហត្ថកសិករ និង សុវណ្ណាភូមិ ឡាយហ្វ៍ នឹងបន្តសហការគ្នាដើម្បីផ្តល់ការការពារផ្នែកហិរញ្ញវត្ថុជូនដល់ប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ជាពិសេសគឺក្រុមគ្រួសាររបស់អតិថិជនដែលមានកម្ចី កុំឲ្យពួកគាត់ធ្លាក់ក្នុងវិបត្តិហិរញ្ញវត្ថុ នៅពេលដែលមេចំណូលគ្រួសារជួបគ្រោះអកុសលណាមួយ ហើយមិនអាចមានលទ្ធភាពបង់កម្ចីបាន ៕