គំនិតផ្តួចផ្តើមមួយក្នុងយុទ្ធនាការ #JumpstartABetterLife របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ធ្វើឡើងដើម្បីជួយបរិច្ចាគជួយកុមារខ្វះខាតនៅអង្គការផ្កាយសមុទ្រ
ការបង្ហោះរូបលោតរបស់អ្នកនៅក្នុងខែសីហានេះនឹងចាត់ចូលជាការបំបែកកំណត់ត្រាពិភពលោក និង ជួយកុមារក្រីក្រនៅក្នុងអង្គការផ្កាយសមុទ្រឲ្យទទួលបានការអប់រំដ៏ប្រសើរមួយរហូតដល់គេទទួលបានការងារធ្វើ៊។
ភ្នំពេញ ៖ ក្រុមហ៊ុនធានារ៉ាប់រង AIA Cambodia ដែលជាក្រុមហ៊ុនធានារ៉ាប់រងឈានមុនគេនៅ កម្ពុជាប្រារព្ធខួប ៥ ឆ្នាំ ដោយបានបង្កើតយុទ្ធនាការ ចាប់ផ្តើមដើម្បីជីវិតកាន់តែប្រសើរ (#JumpstartABetterLife)។ យុទ្ធនាការនេះតម្រូវឲ្យប្រជាពលរដ្ឋខ្មែរចូលរួមថតរូបលោត រួចផុសទៅកាន់ហ្វេសប៊ុក រាល់ការថតរូបលោតម្នាក់ AIA Cambodia នឹងបរិច្ចាគថវិកា ១០០០ រៀលមកកាន់អង្គការផ្កាយសមុទ្រ ដើម្បីជួយដល់ការសិក្សារបស់កុមារដែលកំពុងជួបការខ្វះខាត។
ក្រុមហ៊ុនធានារ៉ាប់រង AIA Cambodia និង អង្គការផ្កាយសមុទ្រ រំពឹងថាយុទ្ធនាការនេះនឹងមានអ្នកចូលរួមរហូតដល់ទៅ ២៥០ ០០០ នាក់ ដែលនឹងត្រូវបិទបញ្ចប់ទៅនៅចុងខែសីហានេះ ហើយរំពឹងថានឹងអាចបំបែកកំណត់ត្រាដោយមានចំនួនអ្នកលោតច្រើនជាងគេ។ យុទ្ធនាការ #JumpstartABetterLife នេះបង្កើតឡើងក្នុងគោលបំណងជួយជំរុញទឹកចិត្តប្រជាជនកម្ពុជាទាំងអស់ឲ្យចាប់ផ្តើមទម្លាប់ល្អៗថ្មីដើម្បីអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរ ធ្វើជាគំរូដល់មិត្តភក្តិ ក្រុមគ្រួសារ និង សហគមន៍ ក៏ដូចជាចូលរួមចំណែកជួយដល់កុមារកម្ពុជាដែលកំពុងខ្វះខាតផងដែរ។ ក្នុងការចូលរួម អ្នកត្រូវថតរូប ឬ វីដេអូ លោតបង្ហោះជា Public នៅក្នុងហ្វេសប៊ុកភ្ជាប់ជាមួយនឹង hashtag #JumpstartABetterLife។ គណនីហ្វេសប៊ុក (Facebook) មួយអាចបង្ហោះ (Post) រូបលោតបានច្រើន។
ថវិកាទាំងដែលទទួលបានពីកម្មវិធីសប្បុរសធម៌នេះនឹងយកទៅប្រើប្រាស់ទៅលើកម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រ ដែលជួយទ្រទ្រង់ទៅលើការសិក្សារបស់កុមារដែលកំពុងជួបការខ្វះខាតឲ្យទទួលបានការសិក្សាដ៏ ប្រសើរមួយ រហូតដល់ពួកគេទទួលបានការងារធ្វើ។ ការចូលរួមរបស់មនុស្សចំនួន ២៥០ ០០០ នាក់នៅក្នុងយុទ្ធនាការនេះ អង្គការផ្កាយសមុទ្រនឹងអាចរៃអង្គាសថវិកាបានចំនួន ៦០ ០០០ ដុល្លារអាមេរិកដែលនឹងជួយដល់សិស្សរបស់កុមារជាង ៧០០ នាក់ ដែលការជួយទ្រទ្រង់រួមមានការអប់រំ ការថែសុខភាព អាហារូបត្ថម្ភ ថ្នាក់រៀនបន្ថែម និង ការទ្រទ្រង់ស្បៀងអាហារទៅកាន់គ្រួសារគេ។
យុទ្ធនាការនេះធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ AIA Cambodia និង អង្គការផ្កាយសមុទ្រ (ISF Cambodia) ដែលមានរយៈពេលមួយខែពេញ នៅក្នុងខែសីហានេះ។ យុទ្ធនាការនេះបានចូលរួមដោយសំណាក់ប្រជានជនខ្មែរជាច្រើន ក៏ដូចជាលោកជួប សុភ័ក្រ លោកជា វណ្ណារិទ្ធ កញ្ញាហេង កែវនីតា លោកអ៊ន ចាន់ប៉ូលីន លោកគួច សុកុម្ភៈ លោកអ៊ុំ វិចិត្រ។
AIA Cambodia តែងតែគាំទ្រការងាររបស់អង្គការផ្កាយសមុទ្រចាប់តាំងពីឆ្នាំទីមួយដែលក្រុមហ៊ុន ធានារ៉ាប់រងនេះចូលមកដល់កម្ពុជាម្លេះ។ AIA Cambodia បានចូលរួមគាំទ្រកម្មវិធីបាល់ទាត់របស់ អង្គការផ្កាយសមុទ្រតាមរយៈការប្រកួតបាល់ទាត់កុមារ និង យុវជន ដែលបានផ្តល់ឱកាសឲ្យកុមារ និង យុវជនក្រីក្រជាច្រើនបានលេងកីឡាមួយនេះ ការប្រកួតនេះក៏បានពង្រីកនៅកាន់ខេត្តក្រុងមួយ ចំនួនដូចជា បាត់ដំបង កំពត សៀមរាប ជាដើម ហើយកម្មវិធីនេះទៀតសោតមានអ្នកទទួលផល ជាង ៧ ០០០ នាក់។
យុទ្ធនាការថ្មីនេះជាផ្នែកមួយនៃយុទ្ធនាការធំរបស់ក្រុមហ៊ុនធានារ៉ាប់រង AIA Cambodia ដែលមាន ឈ្មោះថា «ចាប់ផ្តើមដើម្បីជីវិតកាន់តែប្រសើរ» ដែលមានគោលដៅក្នុងការលើកទឹកចិត្តឲ្យ ប្រជាពលរដ្ឋខ្មែរមានសុខភាពល្អ រាងកាយមាំមួន និង សុខភាពផ្លូវចិត្តល្អ ដែលនេះស្របទៅតាមការផ្តួចផ្តើមរបស់ AIA Cambodia ដើម្បីជួយប្រជាជន ១ ០០០ ០០០ ០០០ នាក់ ឲ្យរស់នៅប្រកបដោយ សុខភាព និង ជីវិតកាន់តែប្រសើរ៕