អង្គការផ្កាយសមុទ្រ រៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារីដ៏ធំមួយនៅកម្ពុជា ដែលនឹងមានវត្តមានកីឡាការិនីក្រីក្រ ៤២០ នាក់ មកពីខេត្តចំនួន ៨
ភ្នំពេញ ៖ ដើម្បីចូលរួមអបអរសាទរដល់ទិវាសិទ្ធិនារីអន្តរជាតិ អង្គការផ្កាយសមុទ្រកម្ពុជាបានផ្តល់ឱកាសដល់កីឡាការិនីចំនួន ៤២០ នាក់ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការប្រកួតបាល់ទាត់កុមារី ដែល នឹងត្រូវធ្វើឡើងនៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រកម្ពុជា។ ការប្រកួតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី ១២ ខែមីនា ឆ្នាំ ២០២២ ខាងមុខនេះ ។
ចាប់តាំងពីឆ្នាំ ២០០៦ មក អង្គការផ្កាយសមុទ្រកម្ពុជា បានជួយលើកកម្ពស់សមភាពយេនឌ័រ ដោយលើកទឹកចិត្តឲ្យស្រ្តីចូលរួមក្នុងវិស័យបាល់ទាត់ ដោយហេតុថា ឱកាសក្នុងការលេងបាល់ទាត់សម្រាប់ កុមារីក្រីក្រនៅកម្ពុជាស្ទើរតែមិនមាន ព្រមជាមួយនឹងផ្នត់គំនិតមិនសមហេតុផល ដែលថាស្ត្រីបង្វិលជើងក្រានមិនជុំ។ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ភាពស្មើគ្នារវាងបុរស និង ស្រ្តី អង្គការផ្កាយសមុទ្រកម្ពុជា មានក្តីសោមនស្សរីករាយក្រៃលែងក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារីលើកទី ១២ ដោយមានវត្តមានចូលរួមរបស់កីឡាការនីមកពីខេត្តចំនួន ៨ នៅទូទាំង ប្រទេស។
លោកស្រី ជួប វិច្ឆិកា ជាប្រធានគ្រប់គ្រងប្រចាំប្រទេសរបស់អង្គការផ្កាយសមុទ្រកម្ពុជាបានសម្តែង ចំណាប់អារម្មណ៍ថា ៖ «ការប្រកួតបាល់ទាត់កុមារីនេះគឺជាការប្រកួតដ៏ធំជាងគេមួយក្នុងប្រទេសកម្ពុជា ហើយក៏ជាមោទកភាពដ៏ធំរបស់ពួកយើងផងដែរ ក្នុងការបង្ហាញពីភាពខ្លាំងរបស់ស្ត្រីក្នុងវិស័យកីឡា ។ នៅអង្គការផ្កាយសមុទ្រកម្ពុជា យើងផ្តោតលើការលើកកម្ពស់សិទ្ធិស្ត្រី និង ជំរុញឲ្យពួកគេក្លាយជាអ្នកដឹកនាំនៅក្នុងសហគមន៍របស់ខ្លួន»។
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍នេះ ហើយនឹងមានក្រុមចំនួន ៣៥ ចូលរួមប្រកួត ដែលក្នុងនោះរួមមាន ៖ ក្រុមកុមារីអាយុក្រោម ១០ ឆ្នាំ ក្រោម ១៤ ឆ្នាំ និង ក្រោម ១៨ ឆ្នាំ។
លោក Erik Lorenz ជាប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការផ្កាយសមុទ្រកម្ពុជា និង លោកស្រី ពុទ្ធ ធីតា ជាប្រធានក្លឹបបាល់ទាត់បឹងកេត និង ជាអនុប្រធានគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារី ដែលនឹងចូលរួមជាគណៈអធិបតីថ្លែងសុន្ទរកថាបើកការប្រកួត។
អំពីអង្គការផ្កាយសមុទ្រ
អង្គការផ្កាយសមុទ្រកម្ពុជា គឺជាអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយ ដែលទទួលបានពានរង្វាន់ និង មានបទពិសោធជាង ១៥ ឆ្នាំ ក្នុងការប្រើប្រាស់ការអប់រំ កីឡា និង គម្រោងអភិវឌ្ឍន៍សហគមន៍ ដើម្បីជួយកុមារងាយរងគ្រោះនៅកម្ពុជា និង ក្រុមគ្រួសាររបស់ពួកគេឲ្យរួចចាកផុតពីភាពក្រីក្រ។ កិច្ចគាំទ្រផ្តោតលើសហគមន៍របស់អង្គការនេះ ត្រូវបានធ្វើឡើងដោយបុគ្គលិកកម្មវិធីដែលមានបទពិសោធជាច្រើនឆ្នាំក្នុងការធ្វើការជិតស្និតជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីនាំឲ្យមានផ្លាស់ប្តូរប្រកបដោយនិរន្តរភាពនៅក្នុងរាជធានីភ្នំពេញ និង ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។
សព្វថ្ងៃនេះ កម្មវិធីរបស់យើងកំពុងធ្វើការជាមួយសិស្សានុសិស្សចំនួនជាង ៧០០ នាក់ តាមរយៈកម្មវិធីអប់រំ ដោយផ្តល់ឲ្យពួកគេនូវការសិក្សាពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់បឋមសិក្សា មធ្យមសិក្សា ឧត្តម សិក្សា និង រហូតដល់ពួកគេមានការងារធ្វើ។ កុមារក្រីក្រនៅទីក្រុងភ្នំពេញ ដែលមិនធ្លាប់បានចូលរៀនទទួលបានឱកាសសិក្សាកម្មវិធីសិក្សាជាតិដែលតម្រូវឲ្យពួកគេរៀនពីរថ្នាក់ក្នុងឆ្នាំតែមួយរហូតដល់ពួកគេអាចចូលរៀនថ្នាក់ ដែលសមស្របទៅនឹងអាយុរបស់ខ្លួន ក៏ដូចជាចូលរៀននៅសាលារដ្ឋបាន។ សិស្សទាំងអស់ទទួលបានការឧបត្ថម្ភគាំទ្រជាឯកសណ្ឋានសិក្សា សម្ភារសិក្សា និង កញ្ចប់អាហារប្រចាំខែសម្រាប់ក្រុមគ្រួសារទាំងមូល ខណៈដែលពួកគេកំពុងរៀនសូត្រនៅសាលារៀន។ បន្ថែមពីនេះទៀត សិស្សក៏ទទួលបានការប្រឹក្សាការងារ និង ការគាំទ្រដទៃទៀត ដើម្បីជួយពួកគេឲ្យទទួលបាននូវការងារដែលមានស្ថេរភាពផងដែរ។
ការពិនិត្យតាមដាន និង វាយតម្លៃយ៉ាងល្អិតល្អន់បានរំលេចឲ្យឃើញពីតម្រូវការចាំបាច់នៃការគាំទ្រទាំងស្រុង ដើម្បីបង្កើនលទ្ធភាពទទួលបានការអប់រំពេញលេញ ជាហេតុផលដែលធ្វើឲ្យពួកយើងធ្វើការ ជាមួយនឹងក្រុមគ្រួសារទាំងមូលដើម្បីជួយកាត់បន្ថយឧបសគ្គសង្គម និង សេដ្ឋកិច្ចផ្សេងៗដើម្បីធានាបានថាគ្មានគម្រោងណាមួយត្រូវដំណើរតែឯកឯងនោះទេ។ អង្គការផ្កាយសមុទ្រកម្ពុជាធ្វើការជាមួយ នឹងអ្នកទទួលផលចំនួន ៣ ០០០នាក់ ដោយផ្តល់ឲ្យពួកគេនូវអាហារូបត្ថម្ភ ថ្នាក់អក្ខរកម្ម និង ជួយរកការងារធ្វើ ដើម្បីជួយឲ្យក្រុមគ្រួសាររបស់សិស្សមានប្រភពចំណូលមួយជាក់លាក់៕