Sprite ផ្លាស់ប្តូរសម្បកដប ពីពណ៌បៃតងទៅជាដបថ្លា
ការផ្លាស់ប្តូរសម្បកវេចខ្ចប់នេះ នឹងជួយសម្រួល និង ជំរុញដល់ការប្រមូល និង កែច្នៃដបប្លាស្ទិកឡើងវិញ
រាជធានីភ្នំពេញ ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ ៖ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ប្រកាសគំនិតផ្តួចផ្តើមចុងក្រោយបំផុតរបស់ខ្លួនសំដៅជួយដល់បរិស្ថាន តាមរយៈការផ្លាស់ប្តូរសម្បកដបស្ព្រៃ ពីពណ៌បៃតងទៅជាដបថ្លាវិញក្នុងគោលបំណងជួយសម្រួល និង ជំរុញដល់ការកែច្នៃសម្បកវេចខ្ចប់ផលិតផលស្ព្រៃឡើងវិញ។
ការផ្លាស់ប្តូរនេះ ជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងរបស់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនស្របតាមចក្ខុវិស័យពិភពលោកគ្មានសំរាម (World Without Waste) សំដៅជួយប្រមូល និង កែច្នៃឡើងវិញនូវរាល់សម្បកវេចខ្ចប់ប្រភេទដបប្លាស្ទិក ឬ កំប៉ុងទាំងអស់ដែលក្រុមហ៊ុនបានលក់នៅលើទីផ្សារនៅត្រឹមឆ្នាំ ២០៣០។
ការផ្លាស់ប្តូរសម្បកដបស្ព្រៃពី ពណ៌បៃតងទៅជាដបថ្លានេះ នឹងធ្វើឱ្យសម្បកដបប្លាស្ទិកកាន់តែមានភាពងាយស្រួលខ្លាំងក្នុងការកែច្នៃឡើងវិញ។ បើទោះជាតាមលក្ខណៈបច្ចេកទេសសម្បកដបប្លាស្ទិកពណ៌បៃតងអាចកែច្នៃឡើងវិញបានក៏ដោយ ក៏សម្បកទាំងនេះជាធម្មតាមិនត្រូវបានកែច្នៃឡើងវិញឡើយ ដោយសារសម្បកពណ៌បៃតងនេះចាំបាច់ត្រូវកែច្នៃដាច់ដោយឡែក។
សម្បកវេចខ្ចប់ប្លាស្ទិក ពណ៌សថ្លា មានភាពពេញនិយមជាង ហើយត្រូវបានវិស័យឧស្សាហកម្មកែច្នៃឡើងវិញចាត់ទុកថាមានគុណតម្លៃជាង ដែលមានន័យថា សម្បកដបថ្លាទាំងនេះមានតម្រូវការខ្លាំងជាង ហើយងាយស្រួលយកទៅកែច្នៃទៅជាផលិតផលផ្សេងៗ។ ដោយហេតុនេះ ការផ្លាស់ប្តូរសម្បកដបស្ព្រៃពី ពណ៌បៃតងទៅជាដបថ្លា នឹងបង្កើនអត្រាការច្នៃសម្បកវេចខ្ចប់ឡើងវិញនៅក្នុងស្រុក។
លោក DAVID WIGGLESWORTH អគ្គនាយកប្រតិបត្តិក្រុមហ៊ុនកូកា-កូឡាកម្ពុជា មានប្រសាសន៍ថា ៖ «យើងទទួលស្គាល់ថា សំណល់សម្បកវេចខ្ចប់គឺជាបញ្ហាធំ និង ជាបញ្ហាបន្ទាន់នៅទូទាំងពិភពលោក និង នៅកម្ពុជាផ្ទាល់។ បញ្ហានេះគឺជាបញ្ហាដែលយើងទាំងអស់គ្នាអាចដោះស្រាយបាន ហើយក្រុមហ៊ុនកំពុងប្រឹងប្រែងចាត់វិធានការដើម្បីដោះស្រាយបញ្ហានេះ។ ការផ្លាស់ប្តូរសម្បកដបស្ព្រៃពី ពណ៌បៃតងទៅជាដបថ្លា គឺជាវិធានការជាក់ស្តែងមួយសម្រាប់ម៉ាកយីហោរបស់យើង។ យើងទទួលស្គាល់ថា កិច្ចការនេះគឺជារឿងត្រឹមត្រូវដែលយើងត្រូវធ្វើដើម្បីអាជីវកម្ម និង បរិស្ថានរបស់យើង ពោលគឺដើរលើទិសដៅស្របគ្នាទៅនឹងចក្ខុវិស័យពិភពលោកគ្មានសំរាមរបស់យើង។ ចក្ខុវិស័យនេះ សំដៅជួយប្រមូល និង កែច្នៃឡើងវិញនូវរាល់សម្បកវេចខ្ចប់ប្រភេទដបប្លាស្ទិក ឬ កំប៉ុងក្នុងបរិមាណសមមូលទៅនឹងសម្បកដបប្លាស្ទិក និង កំប៉ុងទាំងអស់ដែលយើងបានលក់នៅលើទីផ្សារនៅត្រឹមឆ្នាំ ២០៣០។ អ្វីដែលកំពុងផ្លាស់ប្តូរនេះគឺពណ៌របស់សម្បកវេចខ្ចប់។ រីឯផលិតផលស្ព្រៃ នឹងនៅតែបន្តផ្តល់ជូននូវរសជាតិក្រូចឆ្មារឆ្ងាញ់ពិសារដែលអតិថិជនតែងតែនិយមចូលចិត្តដដែល»។
ផលិតផលស្ព្រៃ ត្រូវបានដាក់លក់នៅលើទីផ្សារជាមួយនឹងសម្បកវេចខ្ចប់ពណ៌បៃតងចាប់តាំងពីផលិតផលនេះត្រូវបានដាក់លក់ជាលើកដំបូងនៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ ១៩៦១ និង ក្នុងប្រទេសកម្ពុជានៅឆ្នាំ ១៩៩៣។
ផលិតផលស្ព្រៃសម្បកដបប្លាស្ទិកថ្លាថ្មីនេះ មានលក់ក្នុងចំណុះ ១,៥ លីត្រ ដែលនឹងរក្សារសជាតិឆ្ងាញ់ស្រស់ស្រាយពិសេសដូចដើម ហើយអតិថិជនអាចរកទិញបាននៅតាមបណ្តាដេប៉ូចែកចាយផ្សេងៗនៅទូទាំងប្រទេស។
គំនិតផ្តួចផ្តើមលើការប្តូរពណ៌សម្បកដបក្នុងប្រទេសកម្ពុជានេះ ធ្វើឡើងទន្ទឹមគ្នាជាមួយបណ្តាប្រទេសមួយចំនួនទៀតក្នុងតំបន់អឺរ៉ុបភាគខាងលិច សហរដ្ឋអាមេរិក និង អាស៊ាន។
ក្រៅពីការផ្លាស់ប្តូរសម្បកដបស្ព្រៃពី ពណ៌បៃតងទៅជាដបថ្លា ក្នុងគោលបំណងបង្កភាពងាយស្រួលដល់ការកែច្នៃឡើងវិញ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានបន្តដាក់ចេញគំនិតផ្តួចផ្តើមនានាសំដៅបង្កើនការប្រមូល និង ការកែច្នៃសម្បកវេចខ្ចប់ប្លាស្ទិកឡើងវិញនៅកម្ពុជា។ នៅដើមឆ្នាំ ២០២០ ក្រុមហ៊ុនបានចេញលក់ទឹកពិសាដាសានីចំណុះ ៣៥០ មីលីលីត្រ ដែលមានសម្បកដបដំបូងផលិតពីប្លាស្ទិកដែលបានកែច្នៃរួច ១០០% ឬ ហៅថា «Recycled PET / rPET»។ គិតត្រឹមឆ្នាំ ២០២១ តាមរយៈកិច្ចសហការជាមួយដៃគូអាជីវកម្ម និង ក្រុមហ៊ុនដៃគូកែច្នៃប្លាស្ទិក កូកា-កូឡា កម្ពុជា បានប្រមូល និង កែច្នៃសំណល់ប្លាស្ទិក បានចំនួន ១.៤៥០ តោន។ ទន្ទឹងនឹងនេះដែរ ក្រុមហ៊ុនក៏ជួយបង្កើនការយល់ដឹងរបស់សហគមន៍អំពីការបែងចែកប្រភេទសំរាមឱ្យបានត្រឹមត្រូវ និង កែច្នៃសំណល់ឡើងវិញតាមការសហការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការដាក់ពង្រាយធុងសំរាមជាង ៩០០ ធុង នៅតាមទីសាធារណៈ ផ្សារ សាលារៀននានាជាង ១២០ ទីតាំងនៅទូទាំងប្រទេសរួចមកហើយ។
ក្រុមហ៊ុនក៏មានគំនិតផ្តួចផ្តើមមួយទៀត ហៅថា «ផ្តល់ជីវិតទី ២ ដល់ប្លាស្ទិករុំទំនិញ» ដែលលើកទឹកចិត្តឱ្យអ្នកលក់ដុំ និង អ្នកលក់រាយប្រគល់ស្បោងប្លាស្ទិករុំកេសភេសជ្ជៈមកឱ្យក្រុមហ៊ុនវិញ សម្រាប់កែច្នៃឡើងវិញ។ ដើម្បីស្វែងយល់បន្ថែមអំពីគំនិតផ្តួចផ្តើមពិភពលោកគ្មានសំរាមរបស់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា សូមចូលទៅកាន់គេហទំព័រ ឬ តាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន។
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)
ជាក្រុមហ៊ុនភេសជ្ជៈគ្មានជាតិស្រវឹង ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ឬ កូកា-កូឡាកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់សម្ព័ន្ធក្រុមហ៊ុន Bottling Investments Group (BIG) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់ក្រុមហ៊ុនកូកា-កូឡា។ កូកា-កូឡាកម្ពុជា មានមោទកភាពទទួលបានសិទ្ធិផ្ដាច់មុខពីក្រុមហ៊ុន កូកា-កូឡា និង ក្រុមហ៊ុន Monster Energy ក្នុងការផលិត ផ្គត់ផ្គង់ និង ចែកចាយផលិតផលរបស់ក្រុមហ៊ុនទាំង ២ ក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ផ្តល់ការងារប្រមាណ ៨៥០ កន្លែង និង ការងារប្រយោលប្រមាណជាង ៨០០០ កន្លែង នៅក្នុងសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន។ ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈមួយ ក្រុមហ៊ុនកំពុងបន្តវិនិយោគលើការបង្កើតផលិតផលថ្មី ជម្រើសសម្បកវេចខ្ចប់ និង ជម្រើសភេសជ្ជៈប្រកបដោយគុណភាព ដែលរួមមាន ភេសជ្ជៈមានជាតិស្ករតិច និង មិនមានជាតិស្ករផងដែរ។ កូកា-កូឡាកម្ពុជា មានផលិតផលដូចជា ៖ Coca-Cola, Coca-Cola Zero, Sprite, Fanta, Schweppes Fuzetea Dasani, Samurai និងAquarius។
ក្រុមហ៊ុនប្តេជ្ញាចិត្ត ក្នុងការបង្កើតគុណតម្លៃរួមគ្នាក្នុងសហគមន៍ដែលក្រុមហ៊ុនកំពុងមានប្រតិបត្តិការអជីវកម្ម ដោយធានាថាចីរភាពគឺជាស្នូលនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន។ កូកា-កូឡាកម្ពុជា នៅតែកំពុងបន្តកសាងសហគមន៍ដែលខ្លួនកំពុងធ្វើប្រតិបត្តិអាជីវកម្មឱ្យកាន់តែប្រសើរ និង ប្រកបដោយចីរភាព។ តាំងពីឆ្នាំ ១៩៩៣ មក ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់រាប់លានដុល្លារ លើគម្រោងសហគមន៍ជាច្រើនក្នុងប្រទេសកម្ពុជា។ គម្រោងនោះរួមមាន ពិភពលោកគ្មានសំរាម (World Without Waste) ការផ្តល់ទឹកស្អាតដល់សហគមន៍វិញ (Water Replenishment) ការផ្តល់សិទ្ធិអំណាចដល់ស្រ្តី (Women Empowerment) ការគាំទ្រដល់គ្រួសារដែលជួបការលំបាក (Family Hardship) និង ការឧបត្ថម្ភជំនួយក្នុងគ្រាអាសន្ន (Emergency Relief) ជាដើម។
សម្រាប់ព័ត៌មានបន្ថែម សូមចូលលទៅកាន់គេហទំព័រ ៖ https://www.cbcl.com.kh/ ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង ៖ Cambodia Beverage Company Ltd។
ទំនាក់ទំនង៖
សម្រាប់ព័ត៌មានបន្ថែម៖ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ តាមរយៈអ៊ីមែល smunyvorleak@coca-cola.com.kh