ក្រុមហ៊ុន MSA ចូលរួមក្នុងវិស័យពុទ្ធសាសនាដោយសទ្ធាជ្រះថ្លា នាថ្ងៃ ០៨ មីនា ទិវាអន្តរជាតិនារី
ក្នុងថ្ងៃអង្គារ ទី០៨ ខែមីនា ឆ្នាំ២០២២ ដែលជាឱកាសអបអរខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ថ្នាក់ដឹកនាំក្រុមហ៊ុន Marketing Solutions Asia, Ltd (MSA) និងបុគ្គលិកមួយចំនួន មានសទ្ធាជ្រះថ្លាបាននាំយកបច្ច័យនិងភេសជ្ជៈចំនួន៥០០កេសទៅប្រគេនថ្វាយព្រះសង្ឃនៅ វត្តនិគ្រោធវ័ន គល់ទទឹង។
លោក សុខ គីមនិតតា អគ្គនាយកក្រុមហ៊ុន MSA បានមានប្រសាសន៍ថា៖ “បច្ច័យតិចតួចនេះគឺ សម្រាប់យកទៅចំណាយផ្សេងៗក្នុង វត្តនិគ្រោធវ័ន គល់ទទឹង ដើម្បីជាប្រយោជន៍ក្នុងវិស័យពុទ្ធសាសនា ហើយការដែលលោកជ្រើសរើសយកថ្ងៃ ០៨ មីនា ក៏ព្រោះតែលោកចង់ឆ្លៀតឱកាស នេះសុំពរជ័យពីសំណាក់ព្រះតេជគុណ គូ សុភាព ដើម្បីភាពរីកចម្រើនរុងរឿងរបស់ក្រុមហ៊ុន MSA ក៏ដូចជាអតិថិជន និងដៃគូផ្គត់ផ្គង់ទាំងអស់ និងដើម្បីឱ្យស្រ្តីគ្រប់រូបបានជួបតែនឹងក្តីសុខសប្បាយ និងកាន់តែទទួលបាននូវការគោរពឱ្យតម្លៃ។”
លោក សុខ គីមនិតតា បានបន្ថែមទៀតថា៖ “ស្រ្តីដើរតួនាទីសំខាន់ណាស់ទាំងនៅក្នុងគ្រួសារ ទាំងនៅក្នុងកន្លែងធ្វើការ និងនៅក្នុងសង្គម។ ស្រ្តីមានភាពទន់ភ្លន់តែរឹងមាំ ឆ្លាតវៃ ម៉ត់ចត់ចិត្តធ្ងន់ និងជាដៃគូមិនអាចខ្វះបានជាមួយបុរសលើគ្រប់វិស័យក្នុងការអភិវឌ្ឍប្រទេស។ ស្រ្តីដើម្បីបុរស បុរសដើម្បីស្រ្តី! ក្រុមហ៊ុន MSA តែងតែផ្តល់ឱកាសការងារស្មើគ្នាដល់បុគ្គលិកដោយមិនរើសអើងភេទ ជាហេតុនាំឱ្យក្រុមហ៊ុនមានបុគ្គលិកជាស្រ្តីនៅគ្រប់ផ្នែក គ្រប់ជំនាញ និងគ្រប់តំណែងតួនាទី ស្របទៅតាមមូលបទរបស់យុទ្ធនាការអបអរសាទរទិវាអន្តរជាតិនារីក្នុងឆ្នាំនេះគឺ សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត។”
ក្នុងឱកាសនេះផងដែរ ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព បានមានសង្ឃដីកាថា៖ “ក្នុងភាសាក្នុងធម៌ លោកហៅថា ស្រ្តីជា មាតុគ្រាម មានន័យថាជាម្តាយរបស់ភូមិ-ស្រុក។ ស្រ្តីអាចបង្កើតស្តេចផែនដីក៏បាន ជាមេទ័ពក៏បាន ជាអ្នកណាក៏បានដែរ ដូច្នេះការមានកូនស្រី ឬកូនប្រុសមិនសំខាន់ទេ។”
ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព បានមានសង្ឃដីកាបន្ថែមថា “ស្វាមីមានតួនាទី៥យ៉ាងគឺ ទីមួយ ត្រូវយកនាងជាភរិយាពេញច្បាប់ ទីពីរ មិនឱ្យមើលងាយភរិយា ទីបី កុំក្បត់ចិត្តភរិយា ទីបួន ត្រូវប្រគល់ភាពជាធំក្នុងការងារចាត់ចែងក្នុងផ្ទះជូនភរិយា និងទីប្រាំ ត្រូវទិញគ្រឿងអលង្ការជូនភរិយា។”
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន MSA គឺជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មធំជាងគេនិងឈានមុខគេនៅកម្ពុជា។ ក្រៅពីការផ្តល់ឱកាសការងារដល់បុគ្គលិករាប់រយនាក់ ក្រុមហ៊ុនមួយនេះក៏តែងតែចូលរួមក្នុងការងារជួយដល់សង្គមជាច្រើន ដូចជាការចូលរួមថវិកាក្នុងគម្រោងសុវត្ថិភាពចរាចរណ៍ ផ្លូវគោក គម្រោងសុវត្ថិភាពចំណីអាហារតាមសាលារៀន ការបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ការចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងការចូលរួមក្នុងវិស័យពុទ្ធសាសនាជាហូរហែ៕