ទិដ្ឋភាពបង្ហាញទូរស័ព្ទ OPPO Find X ពិតជាកក្រើក ព្រមជាមួយវត្តមានតារាចម្រៀងល្បីៗ
លោកអ្នកប្រហែលជាធ្លាប់បានឮពីស្មាតហ្វូនត្រកូល Find របស់ក្រុមហ៊ុន OPPO ដែលបានចេញលក់នៅប៉ុន្មានឆ្នាំមុន ពួកវាពិតជាមានភាពល្បីល្បាញខ្លាំង ដែលក្នុងនោះមានដូចជា OPPO Finder ជាប់ជាស្មាតហ្វូនមានកម្រាស់ស្តើងជាងគេក្នុងឆ្នាំ ២០១២ ក្រោយមកគឺ OPPO Find 5 ដែលជាប់ជាស្មាតហ្វូនដំបូងគេដែលប្រើប្រាស់នូវអេក្រង់ប្រភេទ 1080P ហើយនៅឆ្នាំ ២០១៤ ក៏មាន OPPO Find7 ដែលមានប្រើនូវ Skyline notification ហើយក៏ជាម៉ូដែលដំបូងដែលប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មលឿន VOOC។
ក្រោយពីរង់ចាំម៉ូដែលត្រកូល Find របស់ OPPO អស់រយៈពេល ៤ ឆ្មាំមកនេះ ទីបំផុតវាបានមកដល់ហើយ ។ នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៨ នេះ ក្រុមហ៊ុនស្មាតហ្វូនកំពូលម៉ាក OPPO បានធ្វើការប្រកាសនូវស្មាតហ្វូនកំពូលរបស់ខ្លួនគឺ OPPO Find X នៅឯសណ្ឋាគារ The Great Duke Cambodia (អតីតសណ្ឋាគារ Intercontinental) ។ យើងសង្កេតឃើញមានការចូលរួមជាកិត្តិយសពីសំណាក់តារាល្បីៗជាច្រើនដែលមានដូចជាអ្នកនាង ពេជ្រ សោភា លោក Step កញ្ញា រ៉េត សូហ្សាណា ដែលអ្នកទាំងបីជាតារាតំណាងរបស់ OPPO លោក ជា វណ្ណរិទ្ធ កញ្ញា ហិន ចន្ទនិរ័ត្ន លោក ឆឹម សក្កដា និង ស្ថាប័នសារពត៌មានជាច្រើនទៀត ។
បច្ចុប្បន្ននេះ បើយើងនិយាយអំពីច្នៃប្រឌិត គឺក្នុងឧស្សាហ៍កម្មស្មាតហ្វូនទាំងមូលកំពុងតែជួបប្រទះនូវបញ្ហានេះ ពោលគឺការបង្កើតថ្មីមានការធ្លាក់ចុះ ។ ទោះបីជាយ៉ាងនេះក្តី ក៏ OPPO នៅតែអាចធ្វើទៅបាន ដោយក្រុមហ៊ុននេះបានសង្កត់ធ្ងន់លើបទពិសោធរបស់អ្នកប្រើប្រាស់ និង បច្ចេកវិទ្យាថ្មីៗ និង នៅតែបន្តនាំមុខគេក្នុងការស្រាវជ្រាវនូវបច្ចេកវិទ្យាសាកថ្មលឿន បច្ចេកវិទ្យាថតរូប ក៏ដូចជាបច្ចេកវិទ្យា 5G, AI បច្ចេកវិទ្យារូបភាព 3D និង អ្វីៗជាច្រើនទៀត ។
ទូរស័ព្ទស្មាតហ្វូន OPPO Find X បានណែនាំនូវអេក្រង់បែប Panoramic ជាមួយនឹងសមាមាត្រ ៩៣.៨% ដែលនេះជាកម្រិតធំជាងគេដំបូងបង្អស់ក្នុងឧស្សាហកម្មទូរស័ព្ទ ។ OPPO Find X ក៏មានលក្ខណៈពិសេសដោយបំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿន VOOC, 3D Light Structure បច្ចេកវិទ្យា AI Beauty ទាំងនេះជាបច្ចេកវិទ្យាច្នៃប្រឌិតដែលបង្កើតឡើងដោយ OPPO និង ត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការឲ្យលើសពីការរំពឹងទុករបស់អតិថិជន ។
ក្នុងការសម្ពោធ OPPO Find X នេះដែរ ក្រុមហ៊ុនក៏បានប្រកាសនូវម៉ូដែល OPPO Find X Automobili Lamborghini Edition ដែលវាត្រូវបានសហការណ៍ក្នុងការផលិតរវាងក្រុមហ៊ុន OPPO និង ក្រុមហ៊ុនរថយន្តស្ព័រដ៏ល្បីគឺ Automobili Lamborghini ។ សម្រាប់ OPPO Find X Automobili Lamborghini Edition នេះ លក្ខណៈពិសេសរបស់វាគឺស្រដៀងទៅនឹង Find X ធម្មតាដែរ អ្វីដែលខុសគ្នានោះគឺការឌីហ្សាញ ដែលវាមានបញ្ចូលនូវរចនាប័ទ្មនៃ OPPO និង Lamborghini ហើយវាថែមទាំងបានភា្ជប់ជាមួយនូវបច្ចេកវិទ្យាសាកថ្មលឿន Super VOOC ដែលអាចសាកថ្មឲ្យពេញក្នុងរយៈពេលតែ ៣៥ នាទីប៉ុណ្ណោះ ។ បន្ថែមលើនេះទៀត គឺអង្គផ្ទុករបស់ Find X Lamborghini Edition មានរហូតដល់ ៥២៦ GB ។
ចំពោះតម្លៃនៃម៉ូដែលថ្មីនេះ ក្រុមហ៊ុន OPPO គ្រោងនឹងដាក់លក់ OPPO Find X នៅក្នុងទីផ្សារនៃប្រទេសកម្ពុជានៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០១៨ ក្នុងតម្លៃ 899$ ហើយវាមានពីរពណ៌សម្រាប់ជ្រើសរើស គឺ Bordeaux Red (ពណ៌ក្រហម) និង Glacier Blue (ពណ៌ខៀវ) ហើងក្រុមហ៊ុននឹងបន្ថែមការដូជាស៊ុមរូបថតឌីជីថលដ៏ទាន់សម័យមួយ ។ ចំណែកឯ OPPO Find X Automobili Lamborghini Edition នឹងមិនមានលក់នៅក្នុងទីផ្សារប្រទេសយើងឡើយ ៕