សហគ្រិនខ្មែរ បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ ២០២១ ទាំង ៣ ប្រភេទ ពានរង្វាន់ពន្លកសហគ្រិន ពានរង្វាន់សហគ្រិនខ្មែរក្នុងធុរកិច្ចថ្មី និង ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត
នាល្ងាចថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១ សហគ្រិនខ្មែរ ជាស្ថាប័នបង្កើតឡើងដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី «ប្រគល់ពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ ២០២១» នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុម ប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍសហគ្រិនភាព។
ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា ៖ «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានចក្ខុវិស័យវែងឆ្ងាយក្នុងការកសាង និង លើកស្ទួយសហគ្រិនភាពនៅក្នុងការដឹកនាំវិស័យឯកជន ដែលជាដៃគូរក្នុងកិច្ចអភិវឌ្ឍរបស់រាជរដ្ឋាភិបាល និងជាកម្លាំងចលករក្នុងការអូសទាញកំនើនសេដ្ឋកិច្ចជាតិ»។
ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍បន្តទៀតថា ៖ «កម្មវិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២១ ជាសកម្មភាពមួយក្នុងចំណោមកម្មវិធីស្នូលរបស់សហគ្រិនខ្មែរ ក្នុងការលើកស្ទួយវិស័យសហគ្រិនភាព នៅកម្ពុជាឱ្យកាន់តែប្រសើរ តាមរយៈការបង្កើតបរិយាកាសអំណោយផលដល់សហគ្រិន ឲ្យបានសិក្សា រៀនសូត្រ សាកល្បងសមត្ថភាព និងកសាងបណ្ដាញក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ឱ្យកាន់តែ មានភាពប្រទាក់ក្រឡា និងរឹងមាំ ដេីម្បីកសាងមេទ័ពឬអ្នកដឹកនាំពូកែៗក្នុងវិស័យឯកជនដេីម្បីប្រយុទ្ធ ប្រកួតប្រជែងក្នុងសមរភូមិសេដ្ឋកិច្ចក្នុងគោលដៅនៃការកសាងភាពរឹងមាំ ភាពធន់ និងទ្រទ្រង់ចីរភាព កំណេីននៃសេដ្ឋកិច្ចជាតិក្នុងរយៈពេលវែង»។
កម្មវិធី «ប្រគល់ពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ ២០២១» ត្រូវបានរៀបចំអស់រយៈពេលពេញ ១ ឆ្នាំ ដែលតម្រូវឲ្យមានការលើកទឹកចិត្តទៅតាមតម្រូវការរៀងៗខ្លួន ជាលទ្ធផលមានជ័យលាភីសរុបចំនួន ១៤ ពាន ៖ «ពានរង្វាន់ពន្លកសហគ្រិនខ្មែរ» (Highschool Awards) មាន ៣ ពានរង្វាន់ បានសហការជាមួយដៃគូ DancingRains ផ្តោតលើសិស្សានុសិស្សវិទ្យាល័យ ដើម្បីទទួលបានការ ជំរុញឲ្យក្លាយជាទំពាំងស្នងឫស្សី ក្នុងវិស័យសហគ្រិនភាព។ «ពានរង្វាន់សហគ្រិនក្នុងធុរកិច្ចបង្កើតថ្មី» (Startup Awards) មាន ៦ ពានរង្វាន់ ដែលបានសហការជាមួយដៃគូ Mango Tango Asia ផ្តល់ជាវេទិកាក្នុងការបង្ហាញពីគំនិតផ្តួចផ្តើម ដើម្បីបំប្លែងគំនិតទាំងនោះជាអាជីវកម្មដែលមានតំរូវការ ក្នុងទីផ្សារ។ «ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា» (SME Awards) មាន ៥ ពានរង្វាន់ ដែលមានកិច្ចសហការពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ក្នុងគោលបំណងបង្កើតបរិយាកាសសមរម្យ ក្នុងការផ្សព្វផ្សាយបន្ថែមពីអាជីវកម្មជាសាធារណៈ បង្កើតបណ្ដាញទំនាក់ទំនងជាមួយដៃគូវិនិយោគ ជួយសម្រួលនិតិវិធីប្រតិបត្តិការ និង ការអនុលោមតាមច្បាប់ដែលគាំទ្រដល់ការលូតលាស់របស់ សហគ្រាសធនតូចនិងមធ្យម។
ឯកឧត្តម បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានមានប្រសាសន៍ថា ៖ «សហគ្រិនខ្មែរ មានចក្ខុវិស័យក្លាយជាថ្នាលជាតិ ក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព គ្រប់តំបន់នៅក្នុងប្រទេសកម្ពុជាឲ្យបានទូលំទូលាយ និងគ្របដណ្តប់សហគ្រិនគ្រប់ប្រភេទ សំដៅបង្កើន សហគ្រិនជំនាន់ថ្មី ដែលនឹងជំនួស ឬបន្ថែម ជាធនធានមនុស្ស ដើម្បីបង្កើតអាជីវកម្មបែបថ្មី ឲ្យកាន់តែច្រើន»។
កម្មវិធីទាំងមូលបានបញ្ចប់ដែលមានការចូលរួមពីភ្ញៀវកិត្តិយស ទាំងស្ថាប័នរដ្ឋ និង វិស័យឯកជន។ គួរបញ្ជាក់ផងដែរថា សហគ្រិនខ្មែរ ជាស្ថាប័នទី ១ ដែលបានរៀបចំកម្មវិធីលើកកម្ពស់វិស័យសហគ្រិនភាព ទាំង ៣ ប្រភេទ ក្នុងកំឡុងពេល វិបត្តិកូវីដ-១៩ ក្នុងឆ្នាំតែ ១ ហើយសម្រេច និង បញ្ចប់បានក្នុងពេលតែ ១។ បន្ថែមពីនេះ សហគ្រិនខ្មែរ រំពឹងថានឹងបន្តរៀបចំកម្មវិធីប្រកួត និង ប្រគល់ពានរង្វាន់បែបនេះឲ្យក្លាយជាព្រឹត្តិការណ៏ប្រចាំឆ្នាំ ក្នុងការលើកទឹកចិត្តដល់សហគ្រិនក្នុងស្រុកឲ្យចូលរួមប្រកួតប្រជែង បង្កើនសមត្ថភាព និង អភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាព។
ដោយឡែកសហគ្រិនដែលមិនបានដាក់ពាក្យ ប្រកួតប្រជែងក្នុងកម្មវិធីរបស់ សហគ្រិនខ្មែរ ហើយយល់ថាខ្លួនមានសមត្ថភាពពេញលេញ សូមដាក់ ពាក្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីរបស់ សហគ្រិនខ្មែរ នាឱកាសក្រោយៗទៀត៕