ក្រុមហ៊ុនវីង និង ក្រុមហ៊ុនវ៉នឌើរផាស ចុះអនុស្សារណៈយោគយល់គ្នា ដើម្បីគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា
កម្ពុជាទទួលបាននូវបទពិសោធទេសចរណ៍បែបឌីជីថល 4.0 ពីបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត និង ដំណោះស្រាយការទូទាត់តាមរយៈភាពជាដៃគូរបស់ក្រុមហ៊ុនវីង និង ក្រុមហ៊ុនវ៉នឌើរផាស។
ក្រុមហ៊ុន វ៉នឌើរផាស ថេកណឡជី ឯ.ក បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន វីង ម៉ាន់នី (ខេមបូឌា) ម.ក ដើម្បីសហការជាដៃគូយុទ្ធសាស្ត្រក្នុងការជំរុញការទូទាត់តាមឌីជីថលក្នុងយុគសម័យទំនើប នៃវិស័យទេសចរណ៍ឌីជីថលនៅកម្ពុជា។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃក្រុមហ៊ុនវីង និង លោក Frederic H. Proulx ប្រធានក្រុមហ៊ុន វ៉នឌើរផាស និង ជាប្រធានសភាពាណិជ្ជកម្មកាណាដានៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃភាពជាដៃគូយុទ្ធសាស្ត្រ ស្តីពីកិច្ចសហការរវាងក្រុមហ៊ុន វ៉នឌើរផាស និង ក្រុមហ៊ុនវីង ដើម្បីផ្សព្វផ្សាយបច្ចេកវិទ្យាទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់ ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដំណោះស្រាយទូទាត់ឧបករណ៍ពាក់ដៃ សំបុត្រឆ្លាតវៃ ក៏ដូចជាឌីជីថលភាវូនីយកម្មនៃបទពិសោធភ្ញៀវទេសចរណ៍ក្នុងកំឡុងពេលក្រោយកូវីដ។
លោក ម៉ានូ រ៉ាចាន់ បានមានប្រសាសន៍ថា ៖ «ដំណោះស្រាយឌីជីថលជួយអ្នកទេសចរឲឱ្យរៀបចំផែនការធ្វើដំណើររបស់ពួកគេ ហើយថែមទាំងជួយឱ្យការទូទាត់បានលឿន សុវត្ថិភាព និង មានការការពារ នៅមុនពេល កំឡុងពេល និង ក្រោយពេលការធ្វើដំណើររបស់ពួកគេក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់ប្រព័ន្ធដំណោះស្រាយនៃការទូទាត់បែបឌីជីថលប្រកបដោយភាពច្នៃប្រឌិត និង ទូលំទូលាយរបស់វីង។ ភាពជាដៃគូនៅថ្ងៃនេះ នឹងអនុញ្ញាតឱ្យពួកយើងពង្រីកដំណោះស្រាយ និង ប្រព័ន្ធអេកូឡូស៊ីនៃការទូទាត់តាមឌីជីថលរបស់យើង ដើម្បីគាំទ្រដល់ការស្តារឡើងវិញនៃវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា និង ជួយប្រទេសនេះក្នុងការប្រកួតប្រជែងជាមួយប្រទេសដទៃទៀតនៅក្នុងតំបន់» ។
ខ្សែដៃវ៉នឌើរផាស អនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការទូទាត់ដោយបាច់ប្រើសាច់ប្រាក់ផ្ទាល់ ជាមួយហាងជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់សេវាកម្មទូទាត់តាមឌីជីថលរបស់វីង។
លោក Frederic H. Proulx បានមានប្រសាសន៍ថា ៖ «ការវិវត្តនៃការធ្វើដំណើរជាសាកល ដែលជាផែនការទេសចរណ៍បែបឌីជីថល 4.0 គឺជាចំណុចសំខាន់មួយដែលវ៉នឌើរផាស អាចជាដំណោះស្រាយដ៏មានប្រសិទ្ធភាពសម្រាប់អាជីវកម្ម និង ប្រតិបត្តិករទេសចរណ៍កម្ពុជា នៅពេលដែលពួកគេកំពុងប្រកួតប្រជែងនៅក្នុងតំបន់ តាមរយៈការផ្តល់នូវបទពិសោធនៃការធ្វើដំណើរដ៏រលូន និង ងាយស្រួលបំផុតសម្រាប់អ្នកទេសចរ»។
វ៉នឌើរផាស ត្រូវបានគាំទ្រដោយក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាក្នុងភាពជាដៃគូដែលមានគោលបំណងប្រតិបត្តិ និង ផ្សព្វផ្សាយប្រព័ន្ធលក់សំបុត្រនៅតាមតំបន់ទេសចរណ៍ និង គោលដៅនានារបស់ប្រទេសកម្ពុជា ដោយភ្ជាប់ជាមួយគេហទំព័រ និង កម្មវិធីទូរស័ព្ទ «Visit Cambodia” និង “Kingdom of Wonder»។
ក្រុមហ៊ុនវីង និង ក្រុមហ៊ុនវ៉នឌើរផាស មានឆន្ទៈក្នុងការប្រើប្រាស់ជំនាញរបស់ពួកគេក្នុងបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត និង ដំណោះស្រាយការទូទាត់តាមឌីជីថល ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។ ក្រុមហ៊ុនវីង ត្រូវបានគេស្គាល់តាមរយៈភ្នាក់ងារវីង ដែលអាចឱ្យអ្នកប្រើប្រាស់ធ្វើការដកប្រាក់បានគ្រប់ពេលវេលា និង គ្រប់ទីកន្លែង ខណៈដែលកម្មវិធីស្មាតហ្វូនវីង ផ្តល់នូវដំណោះស្រាយទូទាត់តាមឌីជីថលជាច្រើន ។
ក្រុមហ៊ុនវ៉នឌើរផាស គឺជាក្រុមហ៊ុនដែលអាចគ្រប់គ្រងព្រឹត្តិការណ៍ និង លក់សំបុត្រឆ្លាតវៃដោយមិនបាច់ប្រើសាច់ប្រាក់ផ្ទាល់ ដែលត្រូវបានដាក់ឱ្យដំណើរការដោយមានការគាំទ្រពីក្រុមហ៊ុន Haystack Fund ដែលជាក្រុមហ៊ុនមូលធនវិនិយោគសាកល។ ក្រុមហ៊ុន Haystack Fund បានដាក់ទុនជាទឹកប្រាក់ជាង $2 លានដុល្លារអាមេរិក ដើម្បីវិនិយោគលើការបណ្តាក់ទុនឌីជីថលនៅក្នុងប្រទេសកម្ពុជា រួមទាំង $1 លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍ក្រុមហ៊ុនវ៉នឌើរផាស ថេកណឡជី ៕