ចូលរួមបរិច្ចាគទាំងអស់គ្នាដល់សិស្សានុសិស្សកំពុងខ្វះខាត តាមរយៈគម្រោង «ENV Youth Clean Up» នៃសកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន
ENV Youth Clean Up ជាគម្រោងកម្មសិក្សារបស់ក្រុមនិស្សិតឆ្នាំទី ៤ នៃសកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន គម្រោងមួយនេះគឺធ្វើឡើងក្នុងគោលបំណង និង ឆន្ទៈខ្ពស់ដើម្បីចូលរួមលើកស្ទួយដល់កម្រិតបរិស្ថាននៅក្នុងតំបន់ឱ្យកាន់តែល្អប្រសើរឡើងជាលំដាប់។ លើសពីនេះទៅទៀត នៅក្នុងគម្រោងតែមួយ ក្រុមរបស់ពួកយើងក៏មានបូករួមបន្ថែមនូវការឧបត្ថម្ភជាសម្ភារសិក្សា រួមទាំងថវិកាមួយចំនួនដើម្បីផ្គត់ផ្គង់ដល់សាលា និង សិស្សានុសិស្សដែលកំពុងមានជីវភាពខ្វះខាតចំនួន ១០៨ នាក់ផងដែរ។
ចំពោះសកម្មភាពសម្អាតបរិស្ថាន ក្រុមពួកយើងយល់ឃើញថា បរិស្ថានស្អាតជាចំណែកមួយដែលជួយទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិឱ្យចូលមកទស្សនា និង ធ្វើដំណើរកម្សាន្តនានា ក្រៅពីនេះបរិស្ថានដែលស្អាត គ្មានសំរាម និង គ្មានការបំពុលផ្សេងៗ ក៏ជះឥទ្ធិពលល្អដល់សុខភាពប្រជាជននៅក្នុងតំបន់នោះផ្ទាល់ផងដែរ ម្យ៉ាងវិញទៀតគម្រោងសម្អាតបរិស្ថាននេះជាផ្នែកមួយនៃការទាក់ទាញចំណាប់អារម្មណ៍ប្រជាជនយើងឱ្យងាកមកចាប់អារម្មណ៍ និង យល់ដឹងបន្ថែមពីបរិស្ថានឡើងវិញ ហើយវាក៏ជាចំណែកក្នុងការបើកផ្លូវដល់គម្រោងបរិច្ចាកថវិកា និង សម្ភារសិក្សាដល់សាលា និង សិស្សានុសិស្សដែលកំពុងតែខ្វះខាតនៅក្នុងតំបន់ផ្ទាល់ផងដែរ។
ចំពោះការបរិច្ចាកថវិកា និង សម្ភារសិក្សា គឺធ្វើឡើងក្នុងគោលបំណងជួយលើកស្ទួយវិស័យអប់រំ ដោយលេីកកម្ពស់ការសិក្សា និង កម្រិតចំណេះដឹងដល់សិស្សានុសិស្សដែលមានជីវភាពគ្រួសារកំពុងខ្វះខាតទាំងអស់ឱ្យមានលទ្ធភាពបន្តការសិក្សា ដោយហេតុថាការសិក្សាគឺពិតជាមានសារសំខាន់ដែលអាចជួយកែប្រែជីវិតកុមារទៅ ព្រមទាំងអនាគតប្រទេសជាតិយើងផងដែរ។
កាលបរិច្ឆេទរបស់គម្រោងខាងលើប្រព្រឹត្តទៅថ្ងៃទី ៧ ដល់ ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២២ នៅសាលាបឋមសិក្សាហ៊ុនសែនគោកតាចាន់ ក្រុងសៀមរាប ខេត្តសៀមរាប៕