សហគ្រិនខ្មែរ និង ធនាគារវីង ចាប់ដៃគ្នាគាំទ្រសហគ្រាសធុនតូច និង មធ្យម នៅកម្ពុជាដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩
សមាជិកសហគ្រាសធុនតូច និង មធ្យម តាមរយៈសហគ្រិនខ្មែរ ឥឡូវនេះអាចស្នើប្រាក់កម្ចីពីធនាគារវីង និង តាមរយៈប្រព័ន្ធឌីជីថលហិរញ្ញវត្ថុរបស់ វីង ដើម្បីជួយពួកគេឱ្យឆ្លងផុតពីផលប៉ះពាល់នៃវិបត្តិកូវីដ-១៩។
សហគ្រិនខ្មែរ និងធនាគារ វីង (ខេមបូឌា) ម.ក ចាប់ដៃគូយុទ្ធសាស្ត្ររួមគ្នា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រតិបត្តិការរបស់សហគ្រាសធុនតូច និង មធ្យម របស់កម្ពុជាក្នុងគោលបំណងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាព និង សមស្របសម្រាប់សហគ្រិន ធុរកិច្ចបង្កើតថ្មី ព្រមទាំងសហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា ដើម្បីពង្រីកឥទ្ធិពលនៅក្នុងប្រព័ន្ធអេកូឡូស៊ី។
តាមរយៈភាពជាដៃគូនេះ សហគ្រិនខ្មែរ និង ធនាគារវីង នឹងធ្វើការរួមគ្នា ដើម្បីជំរុញប្រតិបត្តិការរបស់សហគ្រាសធុនតូច និង មធ្យមក្នុងវិស័យជាអាទិភាពសំខាន់ៗចំនួនបួន រួមមាន ៖ វិស័យកសិកម្ម ផលិតកម្ម សេវាកម្ម និង បច្ចេកវិទ្យាព័ត៌មានវិទ្យា ដោយផ្តល់ឲ្យពួកគេនូវឱកាសក្នុងការទទួលបានប្រាក់កម្ចីពីធនាគារ វីង និង ប្រព័ន្ធឌីជីថលហិរញ្ញវត្ថុរបស់ វីង។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ មានប្រសាសន៍ថា ៖ «ភាពជាដៃគូថ្ងៃនេះជាមួយធនាគារវីងនឹងផ្តល់ជម្រើសមួយផ្សេងទៀតដល់សមាជិកសហគ្រាសធុនតូច និងមធ្យមរបស់យើងដែលកំពុងស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុដល់អាជីវកម្មរបស់ពួកគេ ជាពិសេសអ្នកដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិកូវីដ-១៩»។
លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារ វីង បានមានប្រសាសន៍ថា ៖ «សហគ្រាសធុនតូច និង មធ្យមដើរតួនាទីសំខាន់នៅក្នុងសហគមន៍របស់យើង តាមរយៈការបង្កើតឱកាសការងារ និង ជាធាតុចូលទៅក្នុងផលិតកម្មនៃសហគ្រាសធំៗ ជាដើម។ ភាពជាដៃគូនៅថ្ងៃនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយដល់កំណើនសហគ្រាសធុនតូច និង មធ្យម និង ស្វែងរកឱកាសបន្ថែមទៀតដើម្បីជួយឲ្យអាជីវកម្មរបស់ពួកគេមាននិរន្តភាព»។
ធនាគារ វីង មានបទពិសោធជាច្រើនឆ្នាំក្នុងការជួយដល់សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ។ គិតត្រឹមឆ្នាំ ២០២០ ធនាគារ វីង បាន និង កំពុងធ្វើការជាមួយសហគ្រាសធុនតូច និង មធ្យមចំនួនជាង ២៤០០ សម្រាប់សេវាកម្មប្រមូល និង ទូទាត់ប្រាក់។
បន្ទាប់ពីសម្ពោធជាផ្លូវការជាធនាគារពាណិជ្ជ នៅខែមេសា ឆ្នាំ ២០២១ ធនាគារ វីង បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការគាំទ្រសហគមន៍ដោយបង្កើតផលិតផល និង សេវាកម្មហិរញ្ញវត្ថុសម្រាប់ទាំងអតិថិជនរូបវន្តបុគ្គល និង ម្ចាស់អាជីវកម្មនានា ។ អតិថិជនអាចទទួលបានផលិតផល និង សេវាកម្មហិរញ្ញវត្ថុទាំងនោះបានតាមរយៈប្រព័ន្ធហិរញ្ញវត្ថុបែបឌីជីថលនៃធនាគារវីង រួមមាន ៖ កម្មវិធីស្មាតហ្វូន វីង និង ភ្នាក់ងារវីងដែលមានជាង ១ ម៉ឺនកន្លែង នៅទូទាំងប្រទេសកម្ពុជា។
សហគ្រិនខ្មែរ ត្រូវបានបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (MEF) មានគោលបំណងកៀរគរ វិនិយោគ និង គ្រប់គ្រងធនធាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍ ប្រព័ន្ធអេកូឡូស៊ីសហគ្រិនដ៏រស់រវើកនៅកម្ពុជា ដោយធ្វើការជំរុញសកម្មភាពសហគ្រិនភាព ប្រកបដោយការច្នៃប្រឌិត និង ការបង្កើនតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា។
ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និង ផលប៉ះពាល់នៃការរាតត្បាតនៃជំងឺកូវីដ-១៩ ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២១ សហគ្រិនខ្មែរបានធ្វើការសម្រិតសម្រាំងបេក្ខជនដែលបានដាក់ពាក្យមកកញ្ចប់ជំនួយសហគ្រិនខ្មែរជិត ៧០០ ដែលក្នុងនោះ សហគ្រាសធុនតូច និង មធ្យមចំនួន ៥៩ ត្រូវបានជ្រើសរើសដើម្បីទទួលបានជំនួយពីរដ្ឋាភិបាល។ នៅឆ្នាំ ២០២២ សហគ្រិនខ្មែរ មានបំណងដាក់ចេញនូវកម្មវិធីកញ្ចប់ជំនួយម្តងទៀត ដើម្បីគាំទ្រដល់ធុរកិច្ចបង្កើតថ្មី សហគ្រាសធុនតូច និង មធ្យម ឱ្យរីកចម្រើនបន្ទាប់ពីការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ៕