ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ចែករំលែកចំណេះដឹងស៊ីជម្រៅស្តីពីឧបករណ៍និស្សន្ទ នៅវិទ្យាស្ថានខេមអេដ
នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោក Lawrence Kook ដែលជាអភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ត្រូវបានអញ្ជើញដោយវិទ្យាស្ថានខេមអេដ (CamEd Institute) ដើម្បីចែករំលែកនូវការយល់ដឹងស៊ីជម្រៅរបស់លោកលើប្រធានបទ «ឧបករណ៍និស្សន្ទនៅកម្ពុជា» ដល់និស្សិតនៃវិទ្យាស្ថានខេមអេដ និង អ្នកចូលរួមផ្សេងទៀត ដែលមានបំណងស្វែងយល់កាន់តែច្បាស់ពីទិដ្ឋភាព និង អត្ថប្រយោជន៍នៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា។
វិទ្យាស្ថានខេមអេដ ដែលត្រូវបានគេស្គាល់ជាទូទៅថា CamEd Business School គឺជាវិទ្យាស្ថានដែលមានឯកទេសខ្ពស់ក្នុងការបង្រៀនជំនាញគណនេយ្យ និង ហិរញ្ញវត្ថុ ជាពិសេស ACCA (Association of Chartered Certified Accountants) និង មានការទទួលស្គាល់គុណភាព និង ស្ដង់ដារជាលក្ខណៈអន្តរជាតិ។
សម្រាប់វាគ្មិនកិត្ដិយសវិញ ក្រៅពីមានតួនាទីជាអភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ក្នុងប្រទេសកម្ពុជា លោក Lawrence Kook ក៏មានមុខតំណែងសំខាន់ៗជាច្រើនទៀតក្នុងវិស័យអប់រំ និង ហិរញ្ញវត្ថុនៅក្នុងប្រទេសដទៃទៀតផងដែរ។ មុខតំណែងទាំងនោះ រួមមាន ៖ នាយករងនៃវិទ្យាស្ថានឥណទាន និង ច្បាប់នៃសាកលវិទ្យាល័យប៉េកាំង អ្នកស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវលោហធាតុមានតម្លៃអាស៊ី សហស្ថាបនិកនៃក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ YWL ដែលទទួលបានអាជ្ញាបណ្ណពីគណៈកម្មការមូលបត្រ និង កិច្ចសន្យាអនាគតហុងកុង និង នាយកគ្រប់គ្រងនៃក្រុមហ៊ុន Well and Well Financial Holdings Group។
ជាមួយនឹងបទពិសោធជាង ២០ ឆ្នាំ លោក Lawrence Kook តែងតែខិតខំប្រឹងប្រែងមិនសំចៃក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា និង ទីផ្សារហិរញ្ញវត្ថុពិភពលោក រួមបញ្ចូលទាំងវត្តមាន ការផ្លាស់ប្តូរចំណេះដឹង និង បទពិសោធ និង ការថ្លែងសុន្ទរកថាសំខាន់ៗរបស់លោកនៅក្នុងព្រឹត្តិការណ៍អន្តរជាតិនានានៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។ លោកក៏ជាវាគ្មិនដំបូងគេ និង តែម្នាកគត់ ដែលផ្តល់ការអប់រំដល់ប្រជាជនកម្ពុជាក្នុងសិក្ខាសាលាស្តីពីឧបករណ៍និស្សន្ទនៅទូទាំងប្រទេសកម្ពុជា។
សម្រាប់ខ្លឹមសារនៃប្រធានបទ «ឧបករណ៍និស្សន្ទនៅកម្ពុជា» វិញ វាផ្ដោតសំខាន់លើមូលដ្ឋានគ្រឹះនៃការជួញដូរឧបករណ៍និស្សន្ទ បច្ចុប្បន្នភាពនៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា សារសំខាន់នៃទីផ្សារឧបករណ៍និស្សន្ទចំពោះកំណើនសេដ្ឋកិច្ចជាតិ និង ចំណេះជំនាញសម្រាប់ការវិនិយោគឧបករណ៍និស្សន្ទ។ ភាពជឿជាក់ និង ទំនុកចិត្តក្នុងការវិនិយោគ គឺជាចំណុចដ៏សំខាន់មួយ ព្រោះសាធារណជនតែងតែស្វែងរកដំណើរវិនិយោគក្នុងបរិយាកាសមួយប្រកបដោយសុវត្ថិភាព។ ជាពិសេសសម្រាប់សិស្សានុសិស្ស ដែលជាអនាគតរបស់ប្រទេសជាតិ ពួកគាត់ត្រូវបានបង្ហាញពីទំនាក់ទំនងរវាងវិស័យឧបករណ៍និស្សន្ទ និង ការអប់រំផ្នែកហិរញ្ញវត្ថុ ឱកាសវិនិយោគ និង ការបង្កើតការងារ ដែលចំណុចទាំងអស់នេះបានជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជានឹងជួយតម្រង់ទិសដៅអាជីពការងាររបស់ពួកគាត់នាពេលអនាគតផងដែរ។
លោក Lawrence Kook បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាអរគុណខ្លាំងណាស់ ដល់គណៈគ្រប់គ្រងនៃវិទ្យាស្ថានខេមអេដ និស្សិត និងអ្នកចូលរួមទាំងអស់នៅថ្ងៃនេះ។ បន្ថែមទៅលើខ្លឹមសារនៃការចែករំលែកខាងដើម ខ្ញុំយល់ឃើញថា បរិបទបច្ចេកវិទ្យានៃការរស់នៅ ការងារ ការសិក្សា និង ទិដ្ឋភាពជាច្រើនទៀតនៃជីវិត ត្រូវបានទទួលយក និង អនុវត្តយ៉ាងល្អ។ នេះមានន័យថា យើងទាំងអស់គ្នានៅតែអាចទទួលបានឱកាស និង ការសម្របសម្រួលយ៉ាងពេញលេញដើម្បីសម្រេចគោលដៅ ដើរតាមការតាំងចិត្ត និង បង្កើនចំណេះដឹង ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ នៅក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង យើងជឿជាក់យ៉ាងមុតមាំថា ការវិនិយោគផ្អែកលើបច្ចេកវិទ្យា រួមជាមួយនឹងការអភិវឌ្ឍដែលផ្អែកលើការអប់រំ និងការអនុវត្ដដែលផ្តោតលើការប្រតិបត្ដិល្អ ឬលទ្ធផលជាគោល គឺជាកម្លាំងចលករដ៏រឹងមាំបំផុតរបស់យើងចំពោះភាពរីកចម្រើនប្រកបដោយចីរភាព។ ដូច្នេះនៅទីនេះ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងជំរុញកត្តាទាំងនេះ និង នៅតែផ្ដល់ការចែករំលែកបន្ដទៀត ដើម្បីជាប្រយោជន៍ដល់និស្សិតខេមអេដ និងប្រទេសជាតិទាំងមូល»។
ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ពិតជារីករាយនឹងការអញ្ជើញរបស់វិទ្យាស្ថានខេមអេដ ហើយយើងសង្ឃឹមថា ខ្លឹមសារដែលត្រូវបានរៀបចំឡើង គឺជាការរួមចំណែកមួយយ៉ាងសំខាន់សម្រាប់សិស្សានុសិស្សក្នុងការអភិវឌ្ឍខ្លួន ក៏ដូចជាសម្រាប់អ្នកចូលរួមផ្សេងទៀត ក្នុងការបង្កើនចំណេះដឹងផ្នែកវិនិយោគរបស់ពួកគាត់ ដើម្បីក្លាយជាវិនិយោគិនជំនាញ៕