ក្រសួងប្រកាសឲ្យពលរដ្ឋដែលជួបទុក្ខលំបាកដោយជំងឺកូវីដ-១៩ ក្រោយបានកំណត់អត្តសញ្ញាណក្នុងដំណាក់កាលទី២ ទៅបើកប្រាក់ឧបត្ថម្ភតាមរយៈវីង
ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានចេញសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ ដល់ពលរដ្ឋដែលជួបទុក្ខលំបាកដោយបញ្ហាជំងឺកូវីដ-១៩ ហើយត្រូវបានកំណត់អត្តសញ្ញាណរួចរាល់ក្នុងដំណាក់កាលទី ២ អាចបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈភ្នាក់ងារវីង និង កម្មវិធីស្មាតហ្វូនវីងចាប់ពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ នេះតទៅ ។
ក្នុងស្មារតីជួយកាត់បន្ថយទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធនាគារវីងបានសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និង គាំពារសង្គមកម្ពុជាដើម្បីគាំទ្រដល់ «កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ និង គ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋ និង គ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និង មានការលំបាកផ្នែកជីវភាព និង គ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១» ។
សម្រាប់កម្មវិធីនេះ ពលរដ្ឋ និង គ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព នៅក្នុងតំបន់ក្រោមការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និង ក្រុងព្រះសីហនុ និង គ្រួសារពលរដ្ឋដែលមានឆ្លងជំងឺកូវីដ-១៩ និង មានការលំបាកផ្នែកជីវភាព ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ នៅទូទាំងប្រទេស ដែលទទួលបានការកំណត់អត្តសញ្ញាណតាមរយៈការសម្ភាស និងបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន និង មានឈ្មោះក្នុងបញ្ជីក្នុងដំណាក់កាលទី ២ អាចមកដកជាសាច់ប្រាក់តាមរយៈភ្នាក់ងារវីងជិត ១០០០០ កន្លែងទូទាំងប្រទេស និង តាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) ដោយភ្ជាប់ជាមួយលេខទូរស័ព្ទ និង អត្តសញ្ញាណប័ណ្ណ បានយ៉ាងរហ័ស ប្រកបដោយសុវត្ថិភាព និង សុក្រឹតភាព ក្រោយពីទទួលបានសារជូនដំណឹងពីធនាគារវីង ។
ធនាគាវីង នឹងផ្ញើសារជូនដំណឹងអំពីការបើកប្រាក់ឧបត្ថម្ភនេះតាមរយៈលេខទូរស័ព្ទរបស់អ្នកដែលមានឈ្មោះក្នុងបញ្ជីដើម្បីមកដកប្រាក់ឧបត្ថម្ភនេះតាមរយៈភ្នាក់ងារវីង ។ ពលរដ្ឋទាំងឡាយក៏អាចដកប្រាក់តាមរយៈកម្មវិធីស្មាតហ្វូនវីងផងដែរ ។ សម្រាប់ព័ត៌មានបន្ថែមអំពីការទទួលបានប្រាក់ឧបត្ថម្ភនេះ សូមទំនាក់ទំនងអាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ របស់លោកអ្នក ឬ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា តាមរយៈទូរស័ព្ទលេខ ០១៥ ២១៩ ៨៨៨ ៕