លើកដំបូង! អ្នកដឹកនាំរឿងខ្មែរល្បីៗ ៣ នាក់ រួមគ្នាផលិតវីដេអូចម្រៀង
វីដេអូចម្រៀងបទ «ឆ្ពោះទៅមុខរួមគ្នា» នេះគឺជាស្នាដៃរួមគ្នាដំបូងគេបង្អស់របស់អ្នកដឹកនាំ ផលិតភាពយន្ត និង វីដេអូកម្សាន្តខ្មែរល្បីៗចំនួន ៣ នាក់រួមមាន លោក សុខ វិសាល ម្ចាស់ផលិតកម្ម KlapYahandz ដែលបានចូលរួមធ្វើឲ្យវិស័យចម្រៀង និង ភាពយន្តខ្មែររស់ឡើងវិញ លោក ជុំ សុធា ជាអ្នកដឹកនាំផលិតវីដេអូសម្រាប់អាជីកម្មល្បីៗជាច្រើននៅកម្ពុជា និង កញ្ញា រិទ្ធី លំអរពេជ្រ ដែលជាអ្នកដឹកនាំភាពយន្ត និង ក៏ជាស្ថាបនិកវ័យក្មេងរបស់កម្មវិធី «បុណ្យភូមិ» ។
បទចម្រៀង «ឆ្ពោះទៅមុខរួមគ្នា» ចេញជាផ្លូវការកាលពីថ្ងៃទី ២៥ ខែកុម្ភៈ ហើយពលរដ្ឋកម្ពុជាអាចស្វែងរកបាននៅលើទំព័រហ្វេសប៊ុក Pleng by Smart និង Pleng app ហើយវីដេអូបទចម្រៀងនឹងចេញនាពេលឆាប់ៗនេះ។ វីដេអូចម្រៀងបទនេះ ត្រូវបានគេរំពឹងថានឹងចូលរូមបំផុសស្មារតីពលរដ្ឋកម្ពុជា គ្រប់ស្រទាបវណ្ណៈជួយគ្នាទៅវិញទៅមកជាពិសេស ក្នុងវិបត្តិកូវីដ-១៩ នឹងធ្វើឲ្យពលរដ្ឋខ្មែរមានមោទនភាពចំពោះប្រទេសជាតិខ្លួន ។
លោក សុខ វិសាល បានឲ្យដឹងថាការផលិតវីដេអូចម្រៀងបទ «ឆ្ពោះទៅមុខរួមគ្នា» នេះចំណាយអត់រយៈពេល ៤ ថ្ងៃ ដោយសិល្បករ និង សិល្បការិនីល្បីៗរបស់ Pleng ចូលរួមសម្ដែង និង ផលិតរួមមាន ស៊ូលី ផេង, ក្រុមតូច SWSB, ចិត្ត កញ្ចនា, សាង សុខសេរីវុទ្ធា, ប្រុសឡា, DJ Chee Ruthko Reezy និង 4T5 ។
កញ្ញា ចិត្ត កញ្ចនា សិល្បការិនីល្បីឈ្មោះមួយរូប របស់ Pleng បាននិយាយថា ៖ «ខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានចូលរួមផលិតវីដេអូបទចម្រៀងមួយនេះ ជាមួយសិល្បករដទៃទៀត ។ ខ្ញុំគិតថាយុទ្ធនាការនេះនឹងទទួលបានជោគជ័យយ៉ាងខ្លាំង មូលហេតុថា ការយកអាសាគ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះនៃសង្គមរបស់យើង។ នាងខ្ញុំសង្ឈឹមថានឹងមានសិល្បករខ្មែរកាន់តែច្រើនទៀត ចូលរួមជួយសង្គម» ។
ជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ក៏បានរៀបចំការប្រគំតន្រ្ដីតាមសប្បុរសធ៌មស្នាមញញឹមតាមអនឡាញ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា និង មន្ទីរពេទ្យកុមារអង្គរ ក្នុងទិវានៃក្ដីស្រឡាញ់ ១៤ កុម្ភៈកន្លងទៅ ។