រឿង «ធ្វើម៉េចបានមាន» និង «ផ្ទះបាយស្នេហ៍» បានធ្វើពិធីក្រុងពាលី ចេញថតសម្តែងហើយ
នារសៀលថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ នៅក្នុងស្ថានីយទូរទស្សន៍ CTN មានរៀបចំធ្វើពិធីក្រុងពាលីចេញថតសម្តែងកម្មវិធីកម្សាន្តទូរទស្សន៍បែបកំប្លែង Sitcom ពីររឿងគឺរឿង «ធ្វើម៉េចបានមាន» និង «ផ្ទះបាយស្នេហ៍» ដើម្បីដាក់បញ្ចាំងបម្រើអារម្មណ៍ទូរទស្សនិកជននាពាក់កណ្តាលឆ្នាំ ២០២១ នេះ ក្រោមវត្តមាន លោក គុជ ចាន់វិសាល អគ្គនាយករង CBS ព្រមទាំងអ្នកដឹកនាំរឿងពីររូប អ្នកផលិតកម្មវិធី ក្រុមការងារ និង តារាសម្ដែងប្រុសស្រីជាច្រើននាក់ ។
ភាពយន្តរឿង «ធ្វើម៉េចបានមាន» និង «ផ្ទះបាយស្នេហ៍» គឺជាចំណងជើង ២ រឿង ដែលនឹងមកអង្រួនអារម្មណ៍ទស្សនិកជនឱ្យបានសើចសប្បាយ និង ធូរស្រាលអារម្មណ៍ជាមួយនឹងសាច់រឿង និង ការសម្តែងដ៏ប៉ិនប្រសប់របស់តួសម្តែងនីមួយៗ ។
ភាពយន្តរឿង «ធ្វើម៉េចបានមាន» ឬ «How to be a Billionaire?» មានចំនួន ១៥ ភាគ មានការចូលរួមសម្ដែងដោយតារាសម្តែងមានដូចជា ឆាយ (ឧត្តម វិវឌ្ឍន៍) អានី (ពុន សុរ៉ាវត្តី) ឡុង (អេង សុខហួង) រិទ្ធ (VJ អែនប៊ី) សុខ (សារឿន សុភារ៉ា) តាសន (សង់ សេត) អាណែត (លី វួចលាង) ។ រឿងនេះបាននឹងកំពុងតែដំណើរការថតនៅក្នុងស្ថានីយទូរទស្សន៍ស៊ីធីអ៊ិនផ្ទាល់ ហើយនឹងបញ្ចប់ការថតនៅក្នុងខែមិនាខាងមុខ ។ រីឯការចាក់ផ្សាយវិញក៏រំពឹងថាអាចនឹងចាក់បញ្ចាំងជូនទស្សនិកជននាពាក់កណ្តាលឆ្នាំនេះផងដែរ ។
ចំពោះភាពយន្តរឿង «ផ្ទះបាយស្នេហ៍» ឬ «Love Kitchen » មានចំនួន ២០ ភាគ មានការចូលរួមសម្ដែងដោយតារាសម្តែងមានដូចជា លោក ដួង សុខគារ ដើរតួជាស្វាមី ឈ្មោះ ម៉ៅ អ្នកនាង ទូច ស្រីល័ក្ខ សម្តែងជាតួភរិយារបស់ ម៉ៅ លោក ខៃ សម្តែងជាតួកូនអ្នកជិតខាងដែលតាមស្រឡាញ់ក្មួយស្រីរបស់ ម៉ៅ ។
រឿង «ផ្ទះបាយស្នេហ៍» ឬ «Love Kitchen» នឹងដំណើរការថតនៅក្នុងស្ថានីយទូរទស្សន៍ស៊ីធីអ៊ិនផ្ទាល់ បន្ទាប់ពីរឿង «ធ្វើម៉េចបានមាន» ឬ «How to be a Billionaire?» បញ្ចប់នូវការថតរួចរាល់ ហើយនឹងបញ្ចប់ការថតនៅក្នុងខែឧសភា ឬ មិថុនាខាងមុខ ។ រីឯការចាក់ផ្សាយវិញក៏ រំពឹងថាអាចនឹងចាក់បញ្ចាំងជូនទស្សនិកជននៅក្នុងឆ្នាំនេះ បន្ទាប់ពីរឿង «ធ្វើម៉េចបានមាន» ឬ «How to be a Billionaire?» ផងដែរ ។
ក្នុងឱកាសនោះលោក គុជ ចាន់វិសាល អគ្គនាយករងនៃស្ថានីយទូរទស្សន៍ CBS ក៏បានបញ្ជាក់ថា ៖ «សម្រាប់ CBS យើងតែងតែព្យាយាមបង្កើតកម្មវិធីថ្មីៗ ដើម្បីផ្តល់ជូនការកម្សាន្តដល់ទស្សនិកជន ។ ហើយយើងតែងតែព្យាយាមច្នៃប្រឌិតកម្មវិធី ក៏ដូចជាបង្កើតអ្វីដែលថ្មីប្លែកសម្រាប់ទស្សនិកជន ។ នេះជាមូលហេតុដែលនាំឱ្យយើង សម្រេចចិត្តផលិតកម្មវិធីទូរទស្សន៍ថ្មី Sitcoms ដែលកម្មវិធីថ្មីទាំងនេះ នឹងផ្តល់ជូនទស្សនិកជននូវរសជាតិថ្មីប្លែក ដោយបញ្ចូលគ្នារវាងកំប្លែង និង រឿងភាគ ។ កម្មវិធីថ្មីរបស់យើងទីមួយមានចំណងជើងថា «ធ្វើម៉េចបានមាន» ឬ «How to be a Billionaire» និង កម្មវិធីថ្មីទីពីរមានចំណងជើងថា «ផ្ទះបាយស្នេហ៍» ឬ «Love Kitchen» ។
អគ្គនាយករងនៃស្ថានីយទូរទស្សន៍ CBS បានបន្តទៀតថា យើងដឹងថា ៖ «បច្ចុប្បន្នទស្សនិកជនភាគច្រើនចូលចិត្តរឿងកំប្លែង និង រឿងភាគ ប៉ុន្តែខ្ញុំគិតថា ពួកគាត់ក៏ចង់ទស្សនាអ្វីដែលថ្មីដែរ ។ ដូច្នេះខ្ញុំជឿថា ទស្សនិកជននឹងចូលចិត្តទស្សនីយភាពថ្មីប្លែកពីកម្មវិធីរបស់យើងដែលនឹងផ្តល់ជូនពួកគាត់ឆាប់ៗខាងមុខនេះ ។ ទន្ទឹមនឹងនេះ នៅពេលទស្សនិកជនបានទស្សនាហើយ ប្រសិនបើពួកគាត់ចូលចិត្ត និង ចង់ឱ្យមានរដូវកាលក្រោយៗទៀតនោះ យើងនឹងបំពេញតាមសំណូមពរ ហើយនឹងព្យាយាមបង្កើតកម្មវិធី Sitcoms ថ្មីៗបន្ថែមទៀតនាពេលអនាគត» ។
សាច់រឿងសង្ខេប «ធ្វើម៉េចបានមាន» និយាយអំពីអតីតថៅកែកុនបរាជ័យម្នាក់ឈ្មោះ ឆាយ (ឧត្តម វិវឌ្ឍន៍) បានខិតខំ រិះរកគ្រប់វិធីដើម្បីបានលុយអាចត្រឡប់ទៅផលិតកុនឡើងវិញ កសាងកេរ្តិ៍ឈ្មោះ រើបម្រាស់ពីការគ្រប់គ្រង និង ទារុណកម្មសេដ្ឋកិច្ចរបស់ប្រពន្ធឆ្នាស់ឆ្នើមគឺនាង អានី (ពុន សុរ៉ាវត្តី) ។ មហិច្ឆតានេះធ្វើឱ្យបុរសនៅលីវបីនាក់ដែលជាអ្នកជិតខាងមានដូចជា ឡុង (អេង សុខហួង) រិទ្ធ (VJ អែនប៊ី) និង សុខ (សារឿន សុភារ៉ា) ស្ម័គ្រហែហមតាមរួមបង្កើតគំនិតដើម្បីក្លាយជាអ្នកមាន គេចផុតពីវិបត្តិបង់លុយឈ្នួលផ្ទះយឺតយ៉ាវជាប្រចាំ ទៅឱ្យម្ចាស់ផ្ទះម៉ៅស្វិត គឺតាសន (សង់សេត) ជាឪពុកអាណែត (លី វួចលាង) ដែលពួកគេទាំងបីលួចស្រឡាញ់ចង់បាននាងធ្វើជាប្រពន្ធ ។
ដោយឡែកសាច់រឿងសង្ខេប «ផ្ទះបាយស្នេហ៍» ឆ្លុះបញ្ចាំងពីសង្គមគ្រួសារមួយដែលមានឋានៈមធ្យម និង រស់នៅក្នុងស្ថានភាពសាមញ្ញដូចគ្រួសារខ្មែរទូទៅ ។ សាច់រឿងទាំងមូលនឹងគ្របដណ្តប់ទៅលើសមាជិកគ្រួសារដែលមានជំនាន់ ឬ អាយុផ្សេងគ្នា ពីជីដូន រហូតដល់ចៅ ។ ទិដ្ឋភាពនៃសាច់រឿងកម្សត់ និង កំប្លុកកំប្លែង របស់រឿងទាំងមូល បង្ហាញពីទិដ្ឋភាពផ្ទាល់នៅក្នុងគ្រួសារមួយនោះ ហើយបញ្ហាដែលកើតឡើង នៅក្នុងនោះវាក៏ស្រដៀងដូចទៅ និង គ្រួសារទូទៅនៅក្នុងសង្គមខ្មែរផងដែរ ៕