MSA ឧបត្ថម្ភថវិកា ២០០០០ ដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា
ដើម្បីរួមចំណែកជួយសង្គ្រោះជីវិតកុមារនៅកម្ពុជាកាលពីព្រឹកថ្ងៃទី ១៥ កុម្ភៈ ២០២១ គណៈគ្រប់គ្រងនិងបុគ្គលិកនៃក្រុមហ៊ុន MSA បាននាំយកថវិកាចំនួន ២០០០០ ដុល្លារ អាមេរិកទៅឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ។
ថវិកាចំនួន ២០០០០ ដុល្លារអាមេរិក ត្រូវបានលោក សុខ គឹមនិតតា អគ្គនាយកក្រុមហ៊ុន MSA ធ្វើការប្រគល់ជូនដល់មន្ទីរពេទ្យតាមរយៈគណគ្រប់គ្រង និងក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យគន្ធបុប្ផា នាព្រឹកថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ នៅឯមន្ទីរពេទ្យគន្ធបុប្ផាក្រុងភ្នំពេញ ។ នេះជាលើកទី ២ ហើយដែលក្រុមហ៊ុន MSA បានបរិច្ចាគថវិកាដ៏ច្រើនជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ។
សូមបញ្ជាក់ថា មិនត្រឹមតែជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ប៉ុណ្ណោះទេនាពេលកន្លងមកក្រុមហ៊ុន MSA តែងតែចូលរួមជួយដល់កិច្ចការងារសង្គមនិងការងារសប្បុរសធម៌ផ្សេងៗមួយចំនួននៅកម្ពុជា ។
ក្នុងឱកាសប្រគល់ និង ទទួលថវិកាចំនួន ២០០០០ ដុល្លារអាមេរិករបស់ក្រុមហ៊ុន MSA គណៈគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា មានលោកអគ្គនាយក Denis Laurent និងលោកសាស្រ្តាចារ្យ គី សន់ទី នាយកមន្ទីរពេទ្យបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន MSA ដែលបាននាំយកថវិកាចំនួន ២០០០០ ដុល្លារ ជូនមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នាបន្តនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ ទីតាំងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តបេសកកម្មពិនិត្យ ពិគ្រោះ និង ព្យាបាលកុមារដោយឥតគិតថ្លៃ និង មិនរើសអើង ៕