ជ័យលាភីក្នុងការប្រកួតខ្លែងឯកខ្មែរ បានទៅលើកុមារអាយុ ១២ ឆ្នាំ មួយក្រុម ដែលមានខ្លែងឯកលេខ ៩
រាជធានីភ្នំពេញ៖ កុមារមួយក្រុម អាយុ១២ឆ្នាំដូចៗគ្នាគឺជាអ្នកទទួលបានពានរង្វាន់លេខ១ នៅក្នុងការប្រកួតខ្លែងឯកខ្មែរដែលត្រូវបានរៀបចំឡើងដោយក្រុមអ្នកស្រឡាញ់និងគាំទ្រវប្បធម៌នៃការបង្ហោះខ្លែងឯកខ្មែរកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ ។
ការប្រកួតខ្លែងឯកខ្មែរដែលត្រូវបានរៀបចំឡើងនៅភូមិត្បូងធំ សង្កាត់ពញាន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញបានរកឃើញជ័យលាភីរបស់ខ្លួនហើយ ដែលជ័យលាភីលេខ ១ បានទៅលើកុមារាមួយក្រុមមានខ្លែងលេខ៩ ទទួលបានពានរង្វាន់លេខ ១ ទឹកប្រាក់ ២០០ ដុល្លារ និងនំមួយចំនួន ជ័យលាភីលេខ ២ ដោយយុវជន មាស លាងហេងមានខ្លែងលេខ ១០ ទទួលបានពានរង្វាន់លេខ២ ទឹកប្រាក់ ១៥០ ដុល្លារ និងនំមួយចំនួន និងជ័យលាភីលេខ ៣ ដោយយុវជនសន ធួនមានខ្លែងលេខ ៧ ទទួលបានពានរង្វាន់ទី៣ ទឹកប្រាក់ ១០០និងនំមួយចំនួន។
ការប្រកួតខ្លែងឯកខ្មែរនេះត្រូវបានប្រារព្ធធ្វើឲ្យប្រកបដោយភាពប្រកួតប្រជែង ដែលជ័យលាភីគឺជាអ្នកដែលទទួលបានពិន្ទុល្អទៅលើសោភ័ណ្ឌភាពខ្លែង ការរត់បង្ហោះ កម្លាំងខ្លែងហោះឡើង សម្លេងឯកនិងរបៀបនៃការសម្រូតខ្លែងចុះចតជាដើម។
ខ្លែងឯកដែលត្រូវបានដាក់ប្រកួតមានចំនួន ១៧ ខ្លែង និងចែកចេញជាបីទំហំដែលប្រភេទខ្លែងឯកទីមួយមានទំហំ ២.៧ ម៉ែត្រ ប្រភេទខ្លែងឯកទីពីរមានទំហំ ២.៥ ម៉ែត្រ និង ទីបីមានទំហំ ១.៥ ម៉ែត្រ។
យុវជន សន ធួន បានឲ្យដឹងថា ខ្លែងឯករបស់ខ្លួនត្រូវចំណាយពេល២ថ្ងៃដើម្បីធ្វើ ហើយវត្ថុធាតុដើមក្នុងការធ្វើវាគឺរួមមានឬស្សី ក្រដាសស៊ីម៉ងត៍និងផ្តៅសម្រាប់ធ្វើជាឯកឲ្យលឺសម្លេង ។
លោក ស៊ីម សូយុង ដែលអ្នកផ្តួចផ្តើមគំនិតនៃការប្រកួតខ្លែងឯកខ្មែរនេះ បានមានប្រសាសន៍ថា៖ «ខ្ញុំតែងតែស្រឡាញ់និងចូលចិត្តការបង្ហោះខ្លែង ហើយការដែលខ្ញុំជ្រើសរើសយកខ្លែងឯកជាលក្ខខណ្ឌក្នុងការប្រកួតគឺដោយសារ ខ្លែងឯកគឺជាខ្លែងខ្មែរ ដែលពិបាកក្នុងការធ្វើនិងមិនសូវត្រូវបានប្រជាជនខ្មែរនិយមយកមកបង្ហោះលេងនោះទេ។ ហេតុដូច្នេះហើយ ខ្ញុំចង់ឲ្យការប្រកួតលើកនេះ ជាការរំលឹកនូវវប្បធម៌នៃការបង្ហោះខ្លែងឯករបស់យើងនារដូវជំនោរនិងនាំយករបៀបនៃការធ្វើខ្លែងឯកនេះមកចែករំលែកឡើងវិញ»។
លោកបានបន្តថា ភាពជោគជ័យនៃការរៀបចំប្រកួតខ្លែងឯកលើកទី១នេះ ពិតជាធ្វើឲ្យលោកសប្បាយរីករាយខ្លាំងណាស់ ដែលលោកបានមើលឃើញពីភាពប៉ិនប្រសព្វរបស់បេក្ខជននីមួយៗ ក្នុងការខិតខំធ្វើខ្លែងឯករបស់ខ្លួនឲ្យរឹងមាំ និងមានសម្លេងលឺខ្លាំង ហើយលោកសន្យាថានឹងបន្តរៀបចំការប្រកួតខ្លែងឯកខ្មែរនៅឆ្នាំក្រោយៗទៀត។
គួរបញ្ជាក់ថា ការប្រកួតខ្លែងឯកនេះក៏ត្រូវបានចូលរួមឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុន MSA និងក្រុមហ៊ុន KBSK ជាមួយនឹងទឹកប្រាក់ ៦០០ ដុល្លារ និង ទឹកអាឡូវឺរ៉ាចំនួន ១០ កេសផងដែរ ៕