ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បរិច្ចាគថវិកា ១ ម៉ឺនដុល្លារតាមរយៈសម្តេចតេជោ ហ៊ុន សែន ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
នាថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងវិស័យឧបករណ៍និស្សន្ទនៅកម្ពុជា បានបរិច្ចាគថវិកាចំនួន ១ ម៉ឺនដុល្លារ តាមរយៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ។
បើយោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំនន់ទឹកភ្លៀងបានវាយប្រហារប្រជាពលរដ្ឋប្រហែល ៤ ម៉ឺនគ្រួសារនៅក្នុងខេត្តមួយចំនួននៃប្រទេសកម្ពុជា ដែលជំរុញឱ្យពួកគាត់ត្រូវជម្លៀសខ្លួនទៅរកកន្លែងសុវត្ថិភាព និង ស្ថិតក្នុងស្ថានភាពខ្វះខាតនូវតម្រូវការស្បៀង និង របស់របរប្រើប្រាស់ចាំបាច់សម្រាប់ជួយសង្រ្គោះជីវិត ។
លោកជំទាវ ឆាយ លក្ខិណា អគ្គនាយិកានៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានមានប្រសាសន៍ថា៖ «ការបរិច្ចាគនេះ គឺជាការចូលរួមចំណែកជួយសង្គមជាតិ ជាពិសេសប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីទឹកជំនន់ ហើយក៏ជាឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយជាអតិបរមានូវទុក្ខលំបាក និង ហានិភ័យដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ» ។
នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន សម្ដេចបានថ្លែងអំណរគុណដល់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ក៏ដូចជាសប្បុរសជននានា ដែលបានចូលរួមបរិច្ចាគជួយដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលនេះ ៕